ព័ត៌មានសិល្បៈ និងកម្សាន្ត

មាស អាលីស សម្រេចចិត្តប្ដូររបត់

នៅទីបំផុតតារាចម្រៀងដែលត្រូវគេស្គាល់ថានិយមច្រៀងរាំតែប្រភេទបទបែបស្រគត់ស្រគំ និងបទជាមរតដើមក្នុងជំនាន់សង្គមរាស្រ្តនិយម បានប្ដូររបត់ថ្មីហើយ បន្ទាប់ពីនាងបង្ហាញខ្លួននៅក្នុងកម្មវិធីតន្ត្រីសប្បុរសធម៌ដើម្បីមន្ទីរពេទ្យគន្ធបុប្ផា នៅសាកលវិទ្យាល័យន័រតុនកាលពីថ្ងៃទី២៧ កញ្ញា ស្រាប់តែបកស្រាយបទយុវវ័យយ៉ាងរំពើនដោយពេលនាងច្រៀង គឺមានតែហ្វេនរបស់ម្ចាស់ដើមស្រែកច្រៀងជាមួយនោះផង។

អ្នកធ្លាប់តែឮនាងច្រៀងបទពីដើម ដល់ពេលមកឮនាងស្រែកច្រៀងបទសម័យក្រោមចំណងជើងថា «សាក់សូហ្វូនបាត់ស្នេហ៍» របស់តារាចម្រៀង ឱក សុគន្ធកញ្ញា សុទ្ធតែលាន់មាត់ថាតារាស្រីនេះច្រៀងបទសម័យពីរោះ ចុះហេតុអ្វីនាងមិនឡើងបង្អួតសំឡេងតាំងពីយូរ។

អ្នកនាងមាស អាលីស បានអះអាងថា ទឹកដមសំឡេងរបស់នាងមិនមែនបកស្រាយបទសម័យមិនបានកើតនោះទេ ប៉ុន្តែមកពីនាងមិនសូវមានចំណូលចិត្ត ទើបនាងទៅបង្ហាញខ្លួននៅឆាកតន្ត្រីឯណា រាប់ទាំងលើឆាកទូរទស្សន៍ និងក្រៅឆាកទូរទស្សន៍ផង គឺនាងបកស្រាយតែបទជំនាន់ដើម។ យ៉ាងណាមិញ នាងបានសម្រេចចិត្តប្ដូររបត់នោះចោល ដោយសារតែនាងងាកមកហាត់ច្រៀងបទសម័យ ដោយជ្រើសយកបទល្បីៗរបស់តារាចម្រៀងយុវវ័យយកច្រៀងពត់សំលេងតាមដើម្បីតម្រូវចិត្តអ្នកស្ដាប់។

នាងថាការបកស្រាយបទយុវវ័យត្រូវចិត្តភាគច្រើនក្នុងវេទិកាដែលមានអ្នកគាំទ្រជាសិស្សនិស្សិត និងក្មេងៗ ទើបនាងយល់ថាបើនាងចេះតែមួយទម្រង់នៃបទចម្រៀងគឺមិនខុសពីបាត់អ្នកគាំទ្រមួយចំហៀងប្រទេសនោះទេ។

ការបកស្រាយបទយុវវ័យនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីកាលពីថ្ងៃទី២៧ កញ្ញា គឺជាលើកទី១ដែលនាងសាកច្រៀងបទសម័យថ្មី ហើយនាងនឹងបន្តច្រៀងរាំបទបែបយុវវ័យឲ្យច្រើនថែមទៀត ដើម្បីបង្ហាញសាធារណៈជនថានាងក៏អាចបកស្រាយបទក្នុងសម័យឥលូវបានល្អផងដែរ ក្រៅតែពីស្ទាត់បទពីជំនាន់ដើមដែលនាងនិយាយថាគឺសឹងមិនមានបទណាដែលនាងមិនស្គាល់។ នាងត្រូវគេឃើញបកស្រាយបទដើមរបស់អ្នកស្រីសូ សាវឿន និងអ្នកនាងរស់ សេរីសុទ្ធា បានពិរោះ ដោយបទដែលនាងបកស្រាយភាគច្រើនច្រើនជាបទចាស់ៗមិនសូវមានអ្នកលើកយកមកច្រៀងនោះផង។ អ៉ីចឹងហើយទើបក្លាយជារសជាតិថ្មី បន្ទាប់ពីនាងសម្រេចចិត្តប្ដូររបត់ ដែលធ្វើឲ្យអ្នកធ្លាប់គាំទ្រទឹកដមសំឡេងរបស់នាងប្លែកត្រចៀកនៅពេលនាងងាកមកបកស្រាយបទពេញនិយមរបស់តារាចម្រៀងឱក សុគន្ធកញ្ញា ទៅវិញ។

យ៉ាងណាមិញនាងមិនទាន់ច្បាស់ថាតើរបត់ថ្មីដែលនាងត្រូវដើរនឹងជោគជ័យដូចគ្នានឹងអាជីពដែលនាងទម្លាប់ច្រៀងតែបទបែបមរតកដើមនោះទេ។

មាស អាលីស បន្តថាសិល្បៈនាងស្ទាត់ ស្ទើរមិនសល់ចន្លោះនោះទេ ជាពិសេសគឺអាជីពពិធីការិនីវិទ្យុ និងការបកស្រាយបទចម្រៀងពីជំនាន់ដើមឆ្លើងឆ្លើយជាមួយប្រិយមិត្ត និងជំនាញពិធីការិនីក្នុងកម្មវិធីតន្ត្រីជាដើម ប៉ុន្តែសម្រាប់ជំនាញច្រៀងរាំបទបែបសម័យគឺជារឿងថ្មោងថ្មីមួយបំផុតដែលនាងជ្រើសដើរ ខណៈដែលនាងរំពឹងថាការផ្លាស់របត់ចាស់របស់នាងពេលនេះ គឺពិតជាធ្វើឲ្យនាងទទួលបាននូវការចាប់អារម្មណ៍ជាងមុន។

នាងបញ្ជាក់ថាធ្វើជាតារាសិល្បៈត្រូវតែទៅឲ្យរួចគ្រប់ច្រក ហើយបើទោះជាបទបែបសម័យមិនមែនជាចំណូលចិត្តរបស់នាង ក៏នាងនឹងហាត់ឲ្យស្ទាត់ច្រើនបទ ហើយឡើងបង្ហើរសំនៀងឲ្យបានច្រើនលើក ដើម្បីពង្រីកទីផ្សារ៕

មតិយោបល់