ព័ត៌មានសិល្បៈ និងកម្សាន្ត

កក្រើកមិនគួរជឿ! ព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌នៅនរ័តុន

កាលពីថ្ងៃទី២៩ កញ្ញា សាកលវិទ្យាល័យន័រតុន និងគ្រួសារតារាកម្ពុជា បានរួមគ្នាបើកព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌យ៉ាងអស្ចារ្យ នៅសាកលវិទ្យាល័យន័រតុនជ្រោយចង្វារ ដោយការប្រគំតន្ត្រីនោះ ត្រូវគេចាត់ទុកថាជាមហាព្រឹត្តិការណ៍គួរឲ្យសរសើរនោះផង ដោយសារតែមាននៅក្នុងវេទិកាមានសុទ្ធតែជាតារាល្បីៗ លំដាប់ប្រទេសរហូតដល់ជិត៨០តួ ដោយសូម្បីតែអ្នកកាន់ហិបក៏សុទ្ធតែជាតារាឡើងកូដ និងជាតារាល្បីជួរមុខ។

មកទល់ម៉ោងនេះ ព្រឹត្តិការណ៍ទាំងមូលត្រូវបានអ្នកបានឃើញផ្ទាល់ដក់ជាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែមានទស្សនិយភាពជក់ចិត្ត តាំងពីដើមដល់ចប់ ជាមួយនឹងវត្តមានតារាល្បីៗ។ យ៉ាងណាមិញ នៅមិនទាន់ដឹងថា និស្សិតសាកលវិទ្យាល័យន័រតុន ទទួលបានថវិកាប៉ុន្មាន ដើម្បីយកទៅជូនដល់មន្ទីរពេទ្យគន្ធបុប្ផានៅឡើយទេ បន្ទាប់ពីតារាសិល្ប:របស់គ្រួសារតារាកម្ពុជា ទៅជួយបំផុសព្រឹត្តិការណ៍ និងទៅជួយកាន់ហិបរៃលុយដោយផ្ទាល់ជួយដល់និស្សិតន័រតុនបែបនេះ។

តារាសិល្ប:ដែលបានបង្ហាញខ្លួន នៅក្នុងវេទិកានោះសុទ្ធតែមានកិត្តិយសនៅលើកម្រាលព្រំ ជាពិសេសនៅពេលព្រឹត្តិការណ៍ទាំងមូលកកកុញ ដោយអ្នកទស្សនារហូតដល់រាប់ពាន់នាក់។ អ្វីដែលពិសេសនោះ គឺតារាទាំងអស់សុទ្ធតែបានខំប្រឹងប្រែងស្រូបទាញប្រជាប្រិយភាពរៀងខ្លួន ធ្វើឲ្យកក្រើកព្រឹត្តិការណ៍កម្រាលព្រំទាំងមូលតែម្ដង ដែលអាចនិយាយបានថាមិនមានតួណាដែលឡើងបង្ហាញខ្លួនលើកម្រាលព្រំ ហើយមិនមានសំឡេងហ៊ោកញ្ជៀវនោះទេ។ នេះជាព្រឹត្តិការណ៍លើកទី២របស់សាកលវិទ្យាល័យន័រតុន និងលើកទី៣របស់គ្រួសារតារាកម្ពុជា ប៉ុន្តែបើក្រឡេកទៅមើលតារាល្បីៗចូលរួម និងក្រឡេកទៅមើលទម្រង់កម្មវិធី គឺព្រឹត្តិការណ៍កាលពីថ្ងៃទី២៩ កញ្ញា ដែលទើបបញ្ចប់ក្ដៅៗនោះ ទទួលបានជោគជ័យជាងលើកណាៗទាំងអស់ ដោយសារតែការប្រព្រឹត្តិគ្មានរំខានដោយភ្លៀងដូចមុន ហើយតារាល្បីៗ ក៏មានវត្តមានច្រើនជាងលើកមុន។

អ្វីដែលពិសេសគឺអ្នកគាំទ្រផុសផុលយ៉ាងពេញទំហឹងនៅក្នុងកម្មវិធី ដែលធ្វើឲ្យព្រឹត្តិការណ៍កម្រាលព្រំសប្បុរសធម៌ដ៏ធំមួយនេះ ទទួលបានជោគជ័យនឹកស្មានមិនដល់។ តារាល្បីរួមមានអ្នកនាង ពេជ្រ សោភា លោក Step លោកឆន សុវណ្ណរាជ លោកនីកូ នាយចឺម កញ្ញាអេដា កញ្ញាឈិត សុវណ្ណបញ្ញា កញ្ញារ៉ូលីន កញ្ញាយូរី ក្រុមកំប្លែងយ៉េយ៉េ នាយក្រូច នាងអ៊ីត អ្នកនាងប៉េងប៉ោង អ្នកនាងស៊ុនណារី ម៉ូនីកា ក្រុមត្រកូលអោក កញ្ញាប៉ុបពី និងតារាល្បីៗ ដែលមានឈ្មោះដើរបង្ហាញម៉ូដទាំងប៉ុន្មាន សុទ្ធតែបង្អួតការប្រឹងប្រែង នៅក្នុងកម្មវិធីប្រជែងគ្នាគួរឲ្យសរសើរ ក្នុងតួនាទីរៀងខ្លួន។ ក្នុងនោះសូម្បីក្រុមដើរកាន់ហិបផ្សេងទៀត និងពិធីករពិធីការិនី រួមមានកញ្ញា សុភ័ក្រ្ត កុសុម៉ា នាយព្រែក លោកសុខ រ៉ាស៊ី លោកខេន វណ្ណាថាត់ និងអ្នកនាងមាស សុវណ្ណរតនា ជាដើម ក៏កូរកម្មវិធីធ្វើឲ្យកក្រើក ពេញមួយកម្មវិធីផងដែរ។ ព្រឹត្តិការណ៍នេះ គ្រាន់តែទស្សនារូបភាពត្រួស ក៏រំភើបជំនួសតារាដែលបានចូលរួមបាត់ទៅហើយ ទើបគេចាត់ទុកព្រឹត្តិការណ៍កម្រាលព្រំ គឺជាព្រឹត្តិការណ៍ធំតែមួយនៅក្នុងឆ្នាំ២០១៧នេះ ដែលតារាមានមុខចូលរួម គឺសុទ្ធតែជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងល្បីៗ ដែលនឹងកាន់តែធ្វើឲ្យពួកគាត់ខ្ទរខ្ទារកិត្តិយសបន្ថែមទៀតនៅក្នុងសិល្ប:៕

មតិយោបល់