នៅលើបណ្ដាញសង្គមមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីលោកម៉ាដូណា ត្រូវគេចែកចាយវីដេអូ ជុំវិញជម្លោះរវាងលោក និងអ្នកគាំទ្រម្នាក់ បន្ទាប់ពីបុរសម្នាក់នោះបានលួចថតសកម្មភាពរបស់លោក និងតារាចំនួន៣រូបទៀត ដោយអ្នកថតនោះអះអាងថាថតដោយសារតែឃើញតារាទាំង៤ ដែលមានលោកម៉ាដូណា ផង ពង្រាយសំរាមនៅកន្លែងអង្គុយលេង នៅមាត់ទឹក។
ជម្លោះបានបែកផ្កាភ្លើងបន្ទាប់ពីលោកម៉ាដូណា និងតារាដែលរួមដំណើរសង្ស័យពីការលួចថតនោះ ហើយបានទាមទារសុំលុបវីដេអូ ក្រោយមកក៍ក្លាយជាការប្រទាញប្រទង់បណ្ដាលធ្លាក់ទូរស័ព្ទអ្នកថតធ្លាក់បែក ហើយមានការតិះដៀលដាក់គ្នា។
សកម្មភាពដែលបានស្ដែងឡើងនៅក្នុងវីដេអូនោះ មានទាំងអ្នករិះគន់ និងគាំទ្រភាគីម្ខាងៗ យ៉ាងណាមិញ អត្តចរិតរបស់លោកម៉ាដូណា ហាក់ទទួលនូវការរិះគន់ពីអ្នកលេងហ្វេសប៊ុកច្រើនជាង ដោយលោកត្រូវគេចោទថាឆេវឆាវ និងខ្វះដំណោះស្រាយ។
អ្នកលេងហ្វេសប៊ុកមួយចំនួនបានដាក់កំហុសថារឿងរ៉ាវឈ្លោះគ្នាដែលបានកើតឡើងគឺបណ្ដាលមកពីម្ចាស់ទូរសព្ទលួចថតសកម្មភាពរបស់ក្រុមលោកម៉ាដូណា ដោយគ្មានការអនុញ្ញាត ហើយនៅពេលភាគីខាងលោកម៉ាដូណា សុំមើលទូរសព្ទដើម្បីលុបចោលនូវវីដេអូនោះក៏មិនព្រម។
ប៉ុន្តែផ្អែកទៅមើលទស្សនៈរបស់មនុស្សមួយក្រុមទៀត បានអះអាងថាលោកម៉ាដូណា បានប្រើសិទ្ធិហួសហេតុក្នុងពេលដែលពួកលោកគឺជាតារា គឺជាមនុស្សមហាជន ដែលមហាជនមានសិទ្ធប្រមាញ់រាល់សកម្មភាពនៅតាមទីសាធារណៈ តែបែរជាលោកមិនប្រើភាពទន់ភ្លន់ ហើយបណ្ដាលអោយផ្ទុះជម្លោះ។
ម្នាក់ៗដែលបានចែកចាយវីដេអូនេះ បានលើកឡើងថាក្នុងនាមជាតារាមិនគួរប្រើសម្ដីមិនសមរម្យនៅក្នុងស្ថានការណ៍តានតឹង និងមិនគួរទៅឈ្លោះទាស់ទែងនៅកណ្ដាលហ្វូងមនុស្សនៅក្នុងទីរមណីយដ្ឋាន បណ្ដាលអោយមានការមាក់ងាយតម្លៃអ្នកសិល្បៈ មិនខុសគ្នានឹងត្រីមួយកន្ត្រកស្អុយមួយស្អុយទាំងអស់នោះទេ គឺលោកគួរតែមានដំណោះស្រាយល្អជានោះ។
អ្នកលេងហ្វេសប៊ុកបានទាំងលើកឡើងថា បើសំរាមដែលមានក្នុងវីដេអូនោះ មិនមែនពង្រាយដោយក្រុមលោក ដូចការចោទប្រកាន់របស់អ្នកថត ក៍គួរតែលោកប្រមូលទុកមួយដុំធ្វើជាគំរនៅក្នុងពេលនោះ គឺមិនគួរដើរចោលសំរាមនោះឡើយ គឺទោះមិនមែនជារបស់ក្រុមលោក។
មានការលើកឡើងថាសកម្មភាពនៅតាមទីសាធារណៈរបស់តារា មិនអាចហាមឃាត់ការប្រមាញ់រូបថត និងវីដេអូរបស់មហាជនបានទេ ប៉ុន្តែករណីដែលលោកម៉ាដូណាទៅឈ្លោះជាមួយអ្នកថត និងឈានដល់ការប្រើសម្ដីបណ្ដាលអោយមានការតិះតៀលដល់តារាជារួមផង គឺបណ្ដាលមកពីខ្វះដំណោះស្រាយ។ ប៉ុន្តែអ្នកលេងហ្វេសប៊ុកក៏បានរិះគន់ចំពោះពាក្យសម្ដីរបស់អ្នកថតក្រោយផ្ទុះជម្លោះ ដែលបានស្រែកថាចរិតតារាស្រុកខ្មែរថោក និងបានប្រមាថជាទូទៅទៅកាន់តារាព្រោះតែមានជម្លោះជាមួយលោក ម៉ាដូណាផងដែរ។ យ៉ាងណាមិញ ក៏មានអ្នកបញ្ចេញមតិផ្សេងទៀតថា ការតិះដៀលថាលោកម៉ាដូណា សំដៅដល់តារាស្រុកខ្មែរ គឺដោយសារតែលោកគឺជាតារាល្បីម្នាក់ ដែលមានគេស្គាល់ច្រើនមិនខុសពីតំណាងអោយតារាស្រុកខ្មែរមួយរូបអុីចឹងមែន។
មកទល់ម៉ោងនេះវីដេអូជម្លោះរវាងលោកម៉ាដូណា និងអ្នកលួចថតលោក ត្រូវគេវិភាគដោយឡែកពីគ្នា ខណៈដែលអ្នករិះគន់ហាក់សង្កត់ធ្ងន់លើលោកម៉ាដូណា ដែលធ្លាប់ផ្ទុះជម្លោះជាមួហលោក ហ្វៃ សំអាង មុននោះច្រើនជាង៕
https://youtu.be/5yK8V5vdKgM
មតិយោបល់