ព័ត៌មានសិល្បៈ និងកម្សាន្ត

មួយកម្មវិធី The Voice Kids សុគន្ធ និសា រងការរិះគន់តាំងពីដើមទី!

តាំងពីលេចមុខដំបូងមកទល់នឹងជិតចប់នេះ គេកត់សម្គាល់ថាតារាចម្រៀង អ្នកនាង សុគន្ធ និសា ដែលបានក្លាយជាគ្រូបង្វឹកនៅក្នុងកម្មវិធីលំដាប់ថ្នាក់ The Voice Kids ហាក់ទទួលបានការរិះគន់ច្រើនជាងការសរសើរ ដោយការរិះគន់នេះគឺតាំងពីកម្មវិធីដំណើរដំបូងៗម្ល៉េះ។

នាងត្រូវបានអ្នកគាំទ្ររិះគន់កាន់តែខ្លាំង ក្រោយពីនាងមិនជ្រើសយកកុមារី អ៊ុក សុវណ្ណរី អោយឡើងវគ្គបន្ត ហើយត្រូវអ្នកទស្សនាចោទថានាងជាគ្រូបង្វឹកមិនយុត្តិធម៌ និងមិនចេះវិភាគពីសមត្ថភាពរបស់កូនក្រុម។

ក្នុងចំណោមតារាចម្រៀងទាំងអស់ ដែលបានបង្ហាញខ្លួនក្នុងកម្មវិធីលំដាប់ថ្នាក់ពិភពលោករបស់ហង្សមាស គេអាចនិយាយបានថាមានតែតារាចម្រៀងសុគន្ធ និសា ប៉ុណ្ណោះ ដែលទទួលបានប្រជាប្រិយភាពជាវិជ្ជមានតិចតួចជាងគេ បើធៀបនឹងនឹងតារាចម្រៀងរបស់ហង្សមាស ដែលមានសំណាងបានក្លាយជា គ្រូបង្វឹក និងគណកម្មការនៅក្នុងកម្មវិធីធំៗដែលហង្សមាសរៀបចំ។

នាងត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់តាំងពីពេលវិភាគពីសមត្ថភាពសំឡេងរបស់បេក្ខជន បេក្ខនារី ក្នុងវគ្គចាក់ផ្សាយលើទូរទស្សន៍ដំបូងៗម្ល៉េះ ដោយអ្នកខ្លះថានាងវាយតម្លៃសមត្ថភាពច្រៀងរបស់កុមារាកុមារីមិនសូវត្រូវចំចំណុចនោះទេ បើធៀបនឹងតារាចម្រៀងលោក ព្រាប សុវត្ថិ និង ឱក សុគន្ធកញ្ញា ដែលមានបទពិសោធន៍វាយតម្លៃសមត្ថភាពច្រៀងបានល្អ ទាំងសំឡេង និងកាយវិកា។

សុគន្ធ និសា ក៏ត្រូវគេកត់សម្គាល់ថារៀងចាញ់ច្រាបជាងគេក្នុងចំណោមគ្រូបង្វឹក២នាក់ផ្សេងទៀតក្នុងកម្មវិធី The Voice Kids ដោយសារតែកូនក្រុមដែលនាងដណ្ដើមបានភាគច្រើនគឺជាកុមារកុមារីដែលលោកព្រាប សុវត្ថិ និងឱក សុគន្ធកញ្ញា មិនបានបង្វិលកៅអីដណ្ដើមបាន ខណៈដែលនាងក៏ប្រទាញបានប្រជាប្រិយភាពនៅក្នុងកម្មវិធីបានមិនច្រើនដូចតារារួមក្រុម។

នាងត្រូវបានអ្នកលេងហ្វេសប៊ុករិះគន់ខ្វះសមត្ថភាពវិភាគពីសមត្ថភាពច្រៀងរបស់បេក្ខជនបេក្ខនារីដែលបានឡើងប្រឡង ដោយមានទាំងតារារៀមច្បងមួយចំនួនបញ្ចេញទស្សនៈថានាងពូកែច្រៀងមែនតែដល់ពេលអោយពិន្ទុបេក្ខជនបេក្ខនារីប្រឡង គឺនៅមានកម្រិតនោះផង។

នាងកាន់តែបាក់មុខថែមទៀត នៅពេលជ្រើសយកកូនក្រុមចុងក្រោយអោយឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ ដោយកូនក្រុមម្នាក់នោះត្រូវបានអ្នកគាំទ្រភាគច្រើនអះអាងថាសំឡេង និងសមត្ថភាពមិនដល់បេក្ខនារី អ៊ុក សុវណ្ណរី ដែលនាងទម្លាក់ចោល។
អ៉ីចឹងហើយ ទើបវត្តមានរបស់នាងនៅក្នុងកម្មវិធី The Voice Kids មិនជួយអោយនាងឈានឡើងប្រជាប្រិយភាពនោះទេ តែទទួលរងនូវការវាយតម្លៃពីសមត្ថភាពយ៉ាងអាម៉ាសទៅវិញ។

អ្នកគាំទ្រភាគច្រើនហាក់មិនពេញចិត្តចំពោះវត្តមានធ្វើជាគ្រូបង្វឹករបស់សុគន្ធ និសា បន្ទាប់ពីការជ្រើសរើសរបស់នាងត្រូវបានគេអោយកំហុសម្ដងជាពីរដង។ យ៉ាងណាមិញ គេមិនដឹងថានាងអាចរក្សាកៅអីក្នុងកម្មវិធីសម្រាប់រដូវកាលក្រោយ ឬយ៉ាងណានោះទេ ក្នុងពេលដែលនាងទទួលរងការរិះគន់ច្រើនជាងការសរសើរតាំងពីដើមកម្មវិធី រហូតដល់ការប្រកួតឈានជិតចប់នេះ។

ស្របពេលដែលនាងក៏ទើបមានព័ត៌មាននឹងគ្រោងរៀបការជាមួយអណិកជនក្រៅប្រទេសនៅអំឡុងចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយផង ទើបគេយល់ថានាងអាចបោះបង់ការងារនេះ ដើម្បីកុំអោយប្រឈមនឹងការរិះគន់ជាថ្មី។ ទន្ទឹមនឹងការរិះគន់ ក៏មានការលើកសរសើរផងដែរ ថានាងទើបតែបានកាត់ក្ដីក្នុងកម្មវិធីប្រឡងលំដាប់ថ្នាក់ពិភពលោកលើកទី១ ប៉ុន្តែធ្វើបានល្អច្រើន បើទោះជាមានកំហុសធ្វើអោយអ្នកគាំទ្ររិះគន់ខ្លះៗ៕

មតិយោបល់