ព័ត៌មានសិល្បៈ និងកម្សាន្ត

គង់ ចាន់ស្រីមុំ បដិសេធ ដណ្ដើមតំណែង គង់ សុជាតិ

គ្មានអ្នកណាមិនដឹងនោះទេថា ពិធីការិនីល្បីល្បាញអ្នកនាង គង់ សុជាតិ គឺជាអ្នកតំណាងផលិតផលម្សៅទឹកដោះគោម៉ាក នូទ្រីម៉ាម ប៉ុន្តែនៅក្នុងពេលនេះ តំណែងរបស់អ្នកនាងគង់ សុជាតិ ត្រូវបានជំនួសដោយតារាសម្ដែងអ្នកនាង គង់ ចាន់ស្រីមុំ ដោយមានការទម្លាយថាអ្នកនាងនឹងត្រូវក្រុមហ៊ុនកុងត្រាអោយធ្វើជាតំណាងពេញរយៈពេលមួយឆ្នាំ ខណៈដែលក្រុមហ៊ុន នូទ្រីលេត ម៉ាស្ទ័រ អិលអីម ខូអិល ធីឌី ដែលជាក្រុមហ៊ុននាំចូលផលិតផលមួយនេះផ្ដាច់មុខ ក៏ហ៊ានអោយអ្នកនាងនូវតម្លៃមួយខ្ពស់ មិនចាញ់អ្នកនាងគង់ សុជាតិ និងកូនស្រី។

អ្នកនាង គង់ ចាន់ស្រីមុំ បានថ្លែងប្រាប់ថា រយៈពេលមួយឆ្នាំមកហើយ ដែលអ្នកនាងបានសម្ងំប្រើផលិតផលម្សៅទឹកដោះគោ នូទ្រីម៉ាម ចាប់ពីមានផ្ទៃពោះដំបូង រហូតដល់ជិតសម្រាលនាពេលនេះ ហើយបណ្ដាលមកពីសុខភាពអ្នកនាងទទួលបានលទ្ធផលកាន់តែល្អទាំងកូនក្នុងផ្ទៃ ទើបអ្នកនាងយល់ព្រមកុងត្រាធ្វើជាតំណាងរបស់ផលិតផលនេះរយៈពេលមួយឆ្នាំ ដើម្បីចែករំលែកផលិតផលដែលមានគុណភាព ដូចគ្នានឹងអ្នកនាង គង់ សុជាតិ។ យ៉ាងណាមិញ អ្នកនាងថា ខ្លួនមិនបានដណ្ដើមតំណែងរបស់អ្នកនាង គង់ សុជាតិ នោះទេ ដោយសារតែអ្នកនាង គង់ សុជាតិ ក៏នៅតែបន្តធ្វើជាអ្នកតំណាង ហើយអ្នកនាងក៏ត្រូវបានក្រុមហ៊ុនជ្រើសអោយធ្វើជាអ្នកតំណាងម្នាក់ទៀត។

អ្នកនាងបានបន្តថា “សម្រាប់អ្នកនាង ក្នុងការជ្រើសរើសធ្វើជាអ្នកតំណាងផលិតផលណាមួយ មិនមែនចេះតែសម្រេចចិត្តផ្តេសផ្តាសនោះទេ គឺត្រូវធ្វើការត្រួតពិនិត្យ អោយបានច្បាស់លាស់សិន ទើបធ្វើការសម្រេចចិត្តថាទទួល ឬមិនទទួល។ កាលណាទទួលធ្វើជាអ្នកតំណាងផលិតផលណាផ្តេសផ្តាស មិនមានការទទួលស្គាល់ត្រឹមត្រូវ អាចធ្វើអោយការប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ ហើយក៏មានផលប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ខ្លួនផងដែរ”។ អ្នកនាងថា ខ្លួនបានញ៉ាំម្សៅទឹកដោះគោនូទ្រីម៉ាម តាំងពីមានផ្ទៃពោះដំបូងក្រោយការណែនាំ ហើយក្រោយពេលសម្រាល អ្នកនាងនឹងនៅតែបន្តញ៉ាំម្សោទឹកដោះគោប្រភេទនេះ គឺរហូតទាល់ដល់អ្នកនាងមានសុខភាពរឹងមាំដូចធម្មតាវិញ ទើបគម្រោងឈប់ទទួលទាន។

អ្នកនាងថាម្សៅទឹកដោះគោនូទ្រីម៉ាម គឺមិនមែនសម្រាប់តែស្ត្រីមានផ្ទៃពោះនោះទេ តែគឺសម្រាប់ស្ត្រីដែលត្រូវការបំបៅដោះកូនដោយទឹកដោះ និងអ្នកដែលទើបសម្រាលកូនហើយរឹតតែធ្វើអោយសុខភាពរឹងមាំល្អ ទើបអ្នកនាងសម្រេចចិត្តធ្វើជាអ្នកតំណាង។ យ៉ាងណាមិញ អ្នកនាងបានលាក់ពីតម្លៃខ្លួន ដែលទទួលបានពីក្រុមហ៊ុនធំមួយនេះ ដោយអ្នកនាងគ្រាន់តែបង្ហើបថាទទួលបានតម្លៃខ្លួនមួយខ្ពស់មិនធម្មតា។ អ្នកនាងថានេះជាផលិតផលរបស់ក្រុមហ៊ុននៅសិង្ហបុរី ដោយមានសារជាតិផ្សំរួមមាន វីតាមីន DHA &AA, Calcium, Iron, Low Fat, Folic Acid និងវីតាមីនសំខាន់ៗជាច្រើន ដែលសុទ្ធតែជាសារធាតុធ្វើអោយអ្នកនាងជឿជាក់ក្នុងការទទួលធ្វើជាអ្នកតំណាង៕

មតិយោបល់