ព័ត៌មានសិល្បៈ និងកម្សាន្ត

រឿង «រាជបុរី Comeback» ប្ដូរចំណងជើង មុនថ្ងៃដាក់បញ្ចាំង!

នៅពាក់កណ្ដាលខែ១១ខាងមុខនេះ ភាពយន្តខ្នាតធំថ្មីស្រឡាងរបស់ផលិតកម្មក្លាស៊ិកក្រោមចំណងជើងថា«រាជបុរី Comeback » នឹងសម្រេចដាក់បញ្ចាំងជាផ្លូវការហើយនៅគ្រប់រោងភាពយន្តនៅរាជធានីភ្នំពេញ និងតាមបណ្ដាខេត្តមួយចំនួន។ យ៉ាងណាមិញ ភាពយន្តមួយនេះមិនបានប្រើចំណងដែលគេបានស្គាល់យ៉ាងភ្លូកទឹកភ្លូកដីរួចស្រេចទៅហើយនោះទេ ដោយបានសម្រេចប្ដូរចំណងជើងថា«នរណា Comeback? »ដោយអះអាងថាជាយុទ្ធសាស្រ្តថ្មីរបស់ផលិតកម្មទៅវិញ។

លោកហួរ សុផល ហៅសិរី ម្ចាស់ផលិតកម្មក្លាស៊ិកបានអះអាងថា លោកនឹងសម្រេចដាក់បញ្ចាំងរឿង«រាជបុរី Comeback » នៅថ្ងៃទី១៦ ខែវិច្ឆិកា ក្រោយបញ្ចប់ពិធីបុណ្យអ៊ុំទូកនោះហើយ តែលោកមិនប្រើចំណងជើងចាស់ទៀតទេ ដោយលោកសម្រេចចិត្តនឹងប្រើឈ្មោះថ្មី ដើម្បីឲ្យមានយីអ៊ុនជាជំនួសវិញ។ លោកថាភាពយន្តមួយនេះកំណត់ឈ្មោះថា «នរណា Comeback?» ដើម្បីឲ្យមានចម្ងល់ពីអ្នកទស្សនាថាតើសំដៅលើអ្នកណាត្រឡប់មកវិញ ខណៈដែលក្នុងផ្ទៃរឿងក៏លោកបានកែទម្រង់មិនសំដៅលើការត្រឡប់មកវិញរបស់អតីតតារាចម្រៀងលោករាជ បុរី ដូចមុន តែបានរំលេចនូវតួអង្គមួយថ្មីដើម្បីឲ្យត្រូវនឹងចំណងជើងរឿងវិញ។ លោកថាភាពយន្តរឿងនេះ គឺឆ្លុះបញ្ចាំងពីមរណភាពរបស់តួអង្គសំខាន់មួយដែលបានជួបគ្រោះថ្នាក់ក្រឡាប់រថយន្ត ប៉ុន្តែឈុតឆាកទាំំងស្រុងមិននិយាយតែលើតួអង្គម្នាក់នោះដូចមុនទៀតទេ គឺប្ដូរទៅជានិយាយពីស្នេហាភេទដូចគ្នាដើម្បីរំលេចនូវសាច់រឿងថ្មីជាជំនួសវិញ។ លោកថាមួយរឿងនេះមានរស់ជាតិប្លែក ទាំងការកំប្លែង ឈុតខ្មោចលង និងការអប់រំ។ ក្នុងនោះស្នេហាក៏ឆ្លុះបញ្ចាំងស៊ីជម្រៅពីស្នេហ៍ប្រុសស្រឡាញ់ប្រុស ដែលលោកយល់ថាជារឿងដែលកើតមានឡើងច្រើនឡើងនាពេលចុងក្រោយផងដែរ។

លោកប្រកាសចេញថតរឿងថ្មីមុនថ្ងៃដាក់បញ្ចាំងរឿង«នរណាComeback?» ដើម្បីឲ្យរឿងរបស់លោកដំណើរដាក់បញ្ចាំងបណ្ដើរហើយមានរឿងចេញថតបណ្ដើរក្នុងពេលតែមួយ។

លោកជឿជាក់យ៉ាងខ្លាំងថារឿងដែលបានផ្លាស់ប្ដូរចំណងជើង និងបង្វែរសាច់រឿងមកនិយាយពីស្នេហាប្រុសនឹងប្រុសនេះ ទទួលបានជោគជ័យ បើទោះជាការប្រកួតប្រជែងភាពយន្តមានកម្រិតមិនដូចកាលពីផលិតកម្មក្លាស៊ិចផលិតរឿងកាលពីប៉ុន្មានឆ្នាំមុន។

លោកថាខ្លួនប្រើប្រភេទកាមេរ៉ាកម្រិតខ្ពស់យ៉ាងកម្រនៅកម្ពុជា និងចំណាយលុយចាយលើអ្នកបច្ចេកទេសសម្រាប់ឈុតសំខាន់ៗខ្ពស់ ទើបលោកធ្វើឲ្យសាច់រឿងដែលលោកផលិតឡើងធ្វើឲ្យលោករំពឹងច្រើន។ ក្នុងនោះលោកក៏សម្អាងលើភាពទាក់ទាញនេះTrailer រឿងដែលបានចេញបង្ហោះកាលពីប៉ុន្មានថ្ងៃមុន ហើយមានការគាំទ្រច្រើននៅលើបណ្ដាញហ្វេសប៊ុកនោះផងដែរ៕

https://youtu.be/tJA8z9LO2sc

មតិយោបល់