ព័ត៌មានសិល្បៈ និងកម្សាន្ត

ថន លក្ខិណា និងបងស្រី ឆេះដុំនឹងកាសែតថៃ

ភ្នំពេញៈ យោងតាមការចុះផ្សាយពីសំណាក់កាសែតថៃ ដែលដាក់ខ្លឹមសារថា ណាវ៉ារ៉ាត់ យូបាំរ៉ុង មិនធ្លាប់មានព័ត៌មានថាបានលះលែងភរិយាជាជនជាតិថៃ ហើយបែរមករៀបការជាមួយនិង ថន តារា ហាក់ធ្វើឲ្យដុតកម្ដៅអារម្មណ៍មហាជន ជាពិសេសពីគ្រួសាររបស់តារា ថន តារា យ៉ាងខ្លាំង។ ថន លក្ខិណា និងសាមីខ្លួនបានចេញមុខប្រតិកម្មចំពោះការចុះផ្សាយនេះ ហើយក៏បានបញ្ជាក់ថា នោះជាព័ត៌មាន ដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមិនអាចទទួលយកបានផងដែរ។

ថន លក្ខិណា បានអះអាងថា បើលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង មិនទាន់ដាច់ស្រេចមិនដែលមានឈ្មោះនៅក្នុងប្រទេសថៃ ណាគេអនុញ្ញាតិឲ្យលោកចុះមករៀបការ ដោយបើកចំហរនៅស្រុកខ្មែរនោះទេ ដោយសារតែការចុះមករៀបការរបស់លោក គឺបានសុំច្បាប់មកពីប្រទេសថៃដូចគ្នា។ នាងបានប្រកាសលើកឡើងដូចអ្វីដែលសារព័ត៌មាន Post News (ផូសញូ) បានផ្សាយមុននេះ និងថា ការផ្សាយរបស់កាសែតថៃ និងការបកប្រែរបស់កាសែតខ្មែរមួយចំនួនពាក់ព័ន្ធនឹងរឿងរ៉ាវនេះ បានបង្កឲ្យកាន់តែមានការយល់ច្រលំ។ នាងថា ការបកប្រែខ្លឹមសារថៃមកដាក់ថាលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង ជាបងថ្លៃមិនធ្លាប់មានដំណឹងថាលែងប្រពន្ធដើម ចុះហេតុអ្វីមិនបកប្រែសម្ដីរបស់ភាគីខាងប្រុសដែលពន្យល់ហេតុផលពីហេតុផល ដែលលោកមិនមានដំណឹងលែងលះភរិយាជាជនជាតិថៃនោះផង។ ថន លក្ខិណា និយាយថា យោងតាមការស្រង់សំដី គឺលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង មានភរិយារៀបការដំបូងបំផុតជាជនជាតិហុងកុង ដោយភរិយានោះគឺបានលះលែងគ្នាផ្លូវការជាយូរមកហើយ ទើបបានភពប្រសព្វជាមួយភរិយាជាជនជាតិមីយ៉ាន់ម៉ា ដែលគេយល់ច្រលំថា ជាជនជាតិ ដែលជាម្ដាយរបស់កូនប្រុសលោកមុនជួប ថន តារា។

នាងថា រវាងលោក និងភរិយាជាជនជាតិមីយ៉ាម៉ានោះ មិនមានអាពាហ៍ពិពាហ៍ ឬមានឯកសារក្នុងពេលរួមរស់នោះទេ ទើបក្រោយមកអ្នកទាំងពីរលែងគ្នា ក៏គ្មានដំណឹងបើកចំហរលេចធ្លាយនៅក្នុងសង្គមថៃ។ នាងបានប្រកាសថ្កោលទោសចំពោះបណ្ដាញសារព័ត៌មានថៃ និងបានទាមទារឲ្យសារព័ត៌មាននោះធ្វើការកែតម្រូវរួចហើយ បន្ទាប់ពីយល់ឃើញថា ខ្លឹមសារដែលចុះផ្សាយបានធ្វើឲ្យមានការភាន់ច្រលំ និងធ្វើឲ្យបងស្រីខ្លួនប៉ះពាល់។

មិនខុសគ្នា អ្នកនាង ថន តារា ក៏បានប្រកាសប្រាប់ថា អ្វីដែលសារព័ត៌មានថៃចុះផ្សាយ គឺជារឿងបំផ្លើសធ្ងន់ធ្ងរ ដែលខ្លួន និងស្វាមីមិនអាចទទួលយកបាននោះដែរ។ អ្នកនាង ថាបើលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង នៅមិនទាន់ដាច់ស្រេចពីភរិយាមុន គឺកុំថាឡើយដល់ធ្វើពិធីរៀបការ ដូចអ្វីដែលមហាជនបានឃើញ គឺសូម្បីតែការបំពាក់ចិញ្ចៀនស្ងាត់ៗ ក៏ប្រហែលជាលោក ណាវ៉ារ៉ាត់ យូបាំរ៉ុង នឹងមិនហ៊ានធ្វើផង ដោយសារតែក្នុងសង្គមថៃ និងសង្គមខ្មែរ សុទ្ធតែមិនអាចទទួលយកបានសម្រាប់រឿងនេះ។

អ្នកនាងធ្វើការថ្កោលទោសចំពោះការចុះផ្សាយដោយមិនមានមូលដ្ឋាន និងទទូចសុំឲ្យមហាជនស្ងប់ចិត្ត ដោយសារតែស្វាមីរបស់នាង គឺពិតជាមិនដូចអ្វីដែលបានចុះផ្សាយ រហូតមានអ្នកខ្លះឈានដល់ការសើចយំពេបជ្រាយដល់នាងព្រោះតែជឿស្លុងលើការចុះផ្សាយមិនពិតមួយប្រាវនោះទេ។ អ្នកនាងថា នៅក្នុងសង្គមថៃគេបានស្ងប់ស្ងាត់ចំពោះរឿងរ៉ាវ ដែលមានការភ្ញាក់ផ្អើលនោះអស់ហើយ បន្ទាប់ពីមានការចុះផ្សាយលម្អិតកែតម្រូវដែលឈប់ឲ្យមានការយល់ច្រលំ។ អ៊ីចឹងហើយទើបអ្នកនាងសុំឲ្យអ្វី ដែលបានលេចឮតែមួយជ្រុងពីការបកប្រែពីកាសែតថៃ បញ្ឈប់ការយល់ច្រលំដូចគ្នាលើករណីនេះ៕

មតិយោបល់