ព័ត៌មានសិល្បៈ និងកម្សាន្ត

មានវីដេអូ៖ ហេង នរៈកក្កដា ចេញឃ្លីបវាយប្រហារ ស្របនឹង ឌុច លីដា រងការរិះគន់

ខណៈដែលតារាសម្ដែងនាងឌុច លីដា ត្រូវបានផលិត៣រូបចេញមុខរិះគន់ថាជាតារាមិនគោរពពេលវេលា និងមានទម្លាប់អាក្រក់ច្រើនយ៉ាង ឡើងផ្អើលហ្វេសប៊ុកនោះ លោកហេង នរៈកក្កដា ក៏ចេញបង្ហោះវីដេអូរិះគន់ពីអត្តចរិតរបស់តារាដែលលោកនិយាយថាអន់ចរិតនៅក្នុងវិថីសិល្បៈផងដែរ។

អ្វីដែលលោកលើកឡើងបើទោះមិនបានបញ្ជាក់ថាសំដៅតារាណា ក៏មិនខុសពីសំដៅលើ ឌុច លីដា នោះដែរដោយសារតែនាងទើបតែមានផលិតករ៣រូបចេញមុខរិះគន់ចំៗ។ វីដេអូឃ្លីបរបស់លោក ក៏មានខ្លឹមសារពញាក់អារម្មណ៍តារាមួយចំនួនដែលមានទម្លាប់ដូចលោកវាយប្រហារឲ្យរៀងភ្ញាក់ខ្លួនផងដែរ។

លោកហេង នរៈកក្កដា និយាយក្នុងវីដេអូឃ្លីបថា លោកពិតជាហួសចិត្តយ៉ាងខ្លាំងដែលក្នុងនាមជាតារាម្នាក់ ជាតួម្នាក់ ប៉ុន្តែសុខចិត្តមកយឺតឲ្យក្រុមការងារមួយផលិតកម្ម និងឲ្យតារាជាច្រើនដេកចាំថត និងពេលខ្លះឈានដល់បោកគ្រាប់បែកមិនមកផង ធ្វើឲ្យតារាសិល្បៈ និងផលិតកម្មខាតបង់។ លោកថាតើជារឿងសមស្របឬទេ ដែលខ្លួនឯងទទួលការងារពីផលិតកររួចហើយ ប៉ុន្តែបែរជាបង្កផលវិបាកឲ្យគេរង់ចាំ និងឲ្យគេខាតម៉ោងខាតពេលដោយមិនខ្មាស់ពីអ្វីដែលខ្លួនឯងបានធ្វើ។ លោកបានបន្ទោសតារាដដែលនោះថា បើដឹងថាខ្លួនឯងមានចរិតអាក្រក់ម្លឹងៗតើគួរឬទេ ដែលខ្លាចផលិតករស្ដីបន្ទោស និងចេញមុខរិះគន់។

គេមិនទាន់ដឹងថាពាក្យសម្ដីធ្ងន់ៗរបស់លោកតើសំដៅទៅកាន់តារាប្រុស តារាស្រី តារាតែម្នាក់ ឬតារាច្រើននាក់នោះទេ ខណៈដែលគេកាត់ស្មានគឺតារាម្នាក់នោះពិតជាតួសំខាន់ក្នុងរឿង និងតួល្បីផង ទើបមានឥទ្ធិពលធ្វើឲ្យក្រុមផលិតករត្រូវតែផ្អាកថតហើយដេករង់ចាំ ដោយមិនអាចកាត់ប្លង់របស់តារានោះចោល ដើម្បីឲ្យឆាប់បានចប់រឿង។ ការលើកឡើងរបស់លោក គឺស្របនឹងអត្តចរិតរបស់ ឌុច លីដា តែម្ដង ក្នុងពេលដែលមានផលិតករ៣នាក់បានព្រួតគ្នាបកអាក្រាត។

លោកគាំ ចន្ធី ម្ចាស់ផលិតកម្ម CFI ផលិតករឿង«ទូកបាត់ច្រវ៉ា»ដែលឌុច លីដា ជាតួឯក បានអះអាងថា ឌុច លីដា ថតកុនជាមួយផលិតកររូបណានាងជាតារាគោរពពេលវេលា និងមានវិន័យ គឺលោកមិនដឹងនោះទេ ប៉ុន្តែលោកមានភស្ដុតាង និងសាកក្សីគ្រប់គ្រាន់ថានាងជាតារាដែលមានទម្លាប់អាក្រក់ និងមិនខ្វល់ពីការខាតបង់របស់ផលិតករ។

លោកថាតាំងពីបានចេញថតក្នុងរឿង«ទូកបាត់ច្រវ៉ា»នាងជាតារាសម្បូរហេតុផលមិនអាចមកថតតាមការស្នើសុំជាងគេ ទើបរឿងមួយនេះត្រូវដាក់ផ្សាយនៅPNN តាំងថ្ងៃទី១៦ ខែ៩ ប៉ុន្តែមកទល់ពេលនេះ គឺថតមិនទាន់ចប់ និងដាក់ផ្សាយអត់បាន ដោយសារតែនាងឲ្យថតតិចថ្ងៃខុសពីកិច្ចព្រមព្រៀង ហើយក្នុងពេលត្រូវថតម្ដងៗ បើណាត់ម៉ោង៦គឺនាងមកដល់ម៉ោង៨ និងភាគច្រើនម៉ោង១០ ដោយក្នុងពេលខ្លះគឺមកដល់កន្លែងថតហើយក៏សុំសម្រាកទៅទៀតព្រោះតែស្រវឹងពីយប់ និងថាមិនស្រួលខ្លួនជាដើម។ លោកគាំ ចន្ធី ប្រកាសប្ដឹងបើក្រោយផ្ទុះរឿងចម្រៀងចម្រាស់ហើយនាងមិនព្រមថតរឿងឲ្យលោកដល់ចប់ ដែលកាន់តែធ្វើឲ្យលោកមិនអាចដោះស្រាយជាមួយPNN។ លោកថាឌុច លីដា បើរឿងលុយកាក់គឺច្បាស់លាស់ ប៉ុន្តែសម្រាប់ការថតគឺមើលស្រាលចំពោះការបង់ខាតរបស់ផលិតករយ៉ាងខ្លាំង ទើបលោកត្រូវតែចេញមុខហែកហួរក្រោយពេលនាងខឹងបើកលុយពីលោកមិនបានទាន់ចិត្តហើយបង្ហោះវាយប្រហារលោកលើហ្វេសប៊ុក។

មុនការផ្ទុះជម្លោះដ៏ក្ដៅគគុកមួយនេះ លោក យូអ៉ីន ផលិតកររឿង«លង់ស្នេហ៍អ្នកគ្រូ»ធ្លាប់អះអាងថាឌុច លីដា បានបិទទូរសព្ទមិនមកថតក្នុងរឿងរបស់លោកធ្វើឲ្យក្រុមការងារ និងផលិតកម្មខាតបង់អស់ជិត៣ពាន់ដុល្លារ ដោយសារតែនាងប្រាប់ថារាគមួលមកថតមិនបាន ប៉ុន្តែការពិតនាងរត់ទៅថតឲ្យខាងផ្សេង។ លោកបានសម្រេចចិត្តកាត់ប្លង់នាងចោល ហើយដាក់បញ្ចាំងរឿង«លង់ស្នេហ៍អ្នកគ្រូ»ទាំងដូរខ្លឹមសារធ្វើឲ្យផលិតកម្មមិនមានសាច់រឿងមួយល្អ។ ប៉ុន្តែ ឌុច លីដា បានឆ្លើយតបថាបណ្ដាលមកពីផលិតករនោះប្រាប់នាងថាមួយរឿងនោះនាងត្រូវសម្ដែងជាង១០ថ្ងៃ ហើយមកបែរជាថតតែ៣ថ្ងៃធ្វើឲ្យនាងខាតកម្រៃស៊ីថ្ងៃប៉ុណ្ណោះ ទើបនាងមិនទៅថតឲ្យបន្ត។ ផលិតករមួយរូបដែលសុំមិនទាន់បង្ហាញមុខនៅឡើយ បានអះអាងថា ឌុច លីដា ក៏ក្រឡុកផលិតកម្មរបស់លោកផងដែរ ប៉ុន្តែលោកនៅទ្រាំសិន ដោយអះអាងថាបើនាងនៅតែបន្តលើកថ្ងៃបែបនេះបែបនោះធ្វើឲ្យផលិតកម្មរបស់លោកខាតបង់បន្តបន្ទាប់ទៀត គឺលោកនឹងចេញមុខទម្លាយដូចលោក គាំ ចន្ធី។

ការទម្លាយរបស់ផលិតករទាំង៣ ធ្វើឲ្យគេយល់ថាថាពាក្យសម្ដីរបស់ ហេង នរៈកក្កដា ត្រូវនឹងអត្តចរិតរបស់នាងក្រោយការរិះគន់ បើទោះលោកអាចនឹងសំដៅតារាផ្សេង៕

https://youtu.be/aWVzjCwC_EI

មតិយោបល់