ភ្នំពេញៈ កាលពីយប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៦ ពិធីការិនីល្បីឈ្មោះ ជីជី និងតារាចម្រៀងលោក ម៉ា ច័ន្ទបញ្ញា ព្រមទាំងក្រុមការងារ បានចុះចែកអំណោយទាំងយប់ដល់ពូៗជាអ្នកធាក់ស៊ីក្លូ ដែលសម្រាកនៅលើស៊ីក្លូនៅតាមចិញ្ចឹមថ្នល់។
អំណោយទាំងនោះ ត្រូវបានចុះចែកទៅដល់គោលដៅតែម្ដង ដល់ក្រុមពូជាអ្នកធាក់ស៊ីក្លូនៅតំបន់មួយចំនួន ដោយក្នុងនោះក្រុមអ្នកសម្រាកនៅតាមចិញ្ចើមថ្នល់ ដែលក្រុមការងារបានជួបក៏មានការផ្ដល់ជូននូវអំណោយទាំងនោះផងដែរ។
យោងតាមវីដេអូ ដែលបានបង្ហោះឡើងតាំងកណ្ដាលយប់ អំណោយទាំងនោះ រួមមានភេសជ្ជៈ អាវភ្លៀង មី និងថវិកាក្នុងស្រោមសំបុត្រ។
គេមិនដឹងថា នេះជាសកម្មភាពលើកទីប៉ុន្មានរបស់កញ្ញា ជីជី និងលោក ម៉ា ច័ន្ទបញ្ញា នោះទេ។ ប៉ុន្តែសម្រាប់នាពេលកន្លងមក គេក៏ធ្លាប់ឃើញតារាប្រុសស្រីទាំងពីរ និងក្រុមការងារ ចុះចែកអំណោយបែបនេះពីមុនមកដែរ ដោយគ្រាន់តែមិនស្ថិតក្នុងទ្រង់ទ្រាយគួរឲ្យចាប់អារម្មណ៍បែបនេះ។
នៅក្នុងវីដេអូឃ្លីបនោះ កញ្ញា ជីជី និងលោក ម៉ា ច័ន្ទបញ្ញា បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំង ក្នុងពេលដែលបានចុះទៅចែកអាវភ្លៀង និងអំណោយជាច្រើនមុខដោយផ្ទាល់ដៃ ដល់ពូៗជាអ្នកធាក់ស៊ីក្លូទាំងនោះ៕
មតិយោបល់