ព័ត៌មានសិល្បៈ និងកម្សាន្ត

កុល ដាវី ស្នើឲ្យបញ្ចប់ការលូកមាត់ក្នុងជម្លោះដែលចាប់ផ្ដើមឡើងកម្តៅ!

មកទល់ពេលនេះបើទោះជា ឌុច លីដា មិនបានចេញមុខតបតនឹងការទម្លាយរបស់លោក គាំ ចន្ធី ផលិតករល្បីឈ្មោះដែលបានចោទថានាងជាតារាមិនគោរពពេលវេលា និងបានចោទថានាងជាមូលហេតុដែលធ្វើឲ្យរឿង«ទូកបាត់ច្រវ៉ា»មិនអាចដាក់ផ្សាយលើកញ្ចកទូរទស្សន៍ PNN បានតាំងពីពាក់កណ្ដាលខែ៩នោះ គេកត់សម្គាល់ថាមានតារាសិល្ប:ច្រើនឡើងបានបញ្ចេញទស្សន:កាន់ជើង ឌុច លីដា ដោយនៅតែបន្តចោទថាបើលោកគាំ ចន្ធី អាចជាផលិតករដែលពិបាកធ្វើការ ទើបបណ្ដាលឲ្យតារាស្រីល្បីឈ្មោះរូបនេះឈានដល់ការពិបាកនឹងធ្វើការជាមួយ។

តារាមួយចំនួននៅតែបន្តផុសគាំទ្រ ឌុច លីដា ដោយបានទាំងលើកសរសើរថានាងគឺជាតារារួសរាយ និងទាក់ទាក់គួរគោរព ហើយមិនមែនជាតារាដែលមិនគោរពការងារ និងមិនគោរពពេលវេលាដូចអ្វីដែលលោកគាំ ចន្ធី លើកឡើងនោះផង។

ម្នាក់ៗដែលស្ដែងពីការគាំទ្រចំពោះនាង បានអះអាងថាលោកគាំ ចន្ធី អាចបញ្ចេញចំណុចអវិជ្ជមានរបស់នាងក្នុងពេលដែលខុសតិចតួច និងខុសយូរៗម្ដងយកមកសរុបប៉ុណ្ណោះ ទើបបណ្ដាលឲ្យរឿងរ៉ាវនោះស្ដាប់ហើយគឺហាក់ដូចជានាង ឌុច លីដា អាក្រក់ខ្លាំង។ ពាក់ព័ន្ធនឹងបញ្ហានេះ តារាសម្ដែងនាង កុល ដាវី បានស្នើឲ្យបញ្ចប់ការលូកមាត់នៅក្នុងជម្លោះនេះ ដោយនាងបញ្ជាក់ថាបើទុកឲ្យភាគីទាំងស្ងប់ស្ងាត់រៀងខ្លួន គឺពិតជាអ្វីៗមិនអូសបន្លាយ។ នាងនិយាយថាភាគីលោកគាំ ចន្ធី និងកញ្ញាឌុច លីដា ខឹងគ្នាមិនយូរនោះទេ ដោយសារតែជាមេកើយ និងកូនចៅ និងធ្លាប់ធ្វើការជាមួយគ្នាជាយូរមកហើយ ហើយនាងក៏នៅតែយល់ឃើញថាភាគីទាំង២នឹងបញ្ចប់បញ្ហាដោយការមិនតបតរៀងខ្លួន និងវិធីសម្រមសម្រួលដោយគ្មានការបញ្ឆេះពីភាគីខាងណានោះផងដែរ។ នាងនិយាយថាអ្នកមិនបានដឹងពីជម្លោះរបស់អ្នកទាំង២ ពិតជាមានទស្សន:ថាបែបនេះបែបនោះ ហើយនិយាយប៉ះពាល់ភាគីម្ខាងៗដើម្បីកាន់ជើងបុគ្គលដែលខ្លួនគាំទ្រ រហូតបង្កឲ្យជម្លោះដែលបានកើតឡើងផ្កាយជាផ្កាភ្លើងធំឡើង។ កញ្ញាថាកញ្ញាមិនកាន់ជើងលោក គាំ ចន្ធី នោះទេ ប៉ុន្តែតាំងពីកញ្ញាបានប្រឡូកតារាសម្ដែងមួយរូបរហូតបានក្លាយជាតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងមកទល់ពេលនេះ គឺកញ្ញាស្គាល់ច្បាស់ថាលោក គាំ ចន្ធី ជាមនុស្សដូចម្ដេច។ កញ្ញាថាអ្នកចោទថាលោកជាមនុស្សក្រឡិចក្រឡុច ឬជាមនុស្សមិនច្បាស់លាស់ជាដើម គឺជាការមុសារទាងស្រុង ដោយសារបញ្ជាក់ថាសម្រាប់តារាដែលបានធ្វើការជាមួយលោក គឺឲ្យតែគោរពពាក្យសម្ដី គោរពម៉ោងពេល គឺមិនមានតារាណាម្នាក់ផ្ទុះឡើងចម្រូងចម្រាស់ជាមួយលោកនោះទេ។ កញ្ញាថា លោកគាំ ចន្ធី យោគយល់ច្រើនណាស់ក្នុងចំណោមផលិតករដែលនាងធ្វើការជាមួយនៅក្នុងវិស័យសិល្ប: ជាពិសេសសម្រាប់តារាដែលមានរវល់ខ្លាំង។

អ៉ីចឹងហើយទើបកញ្ញាទទូចឲ្យបញ្ចប់ការរិះគន់ភាគីខាងនេះ ឬភាគីខាងណុះ ជាពិសេសគឺការចោទប្រកាន់ទៅកាន់ភាគីណាមួយដើម្បីកាន់ជើងបុគ្គលដែលខ្លួនស្រឡាញ់ពេញចិត្ត ដើម្បីទុកឲ្យជម្លោះដែលបានកើតឡើងស្ងប់ស្ងាត់ទាំងស្រុង។ កញ្ញាមិនចង់ឃើញផលិតករ និងតារាសិល្ប:មានជម្លោះនឹងគ្នានោះទេ ទើបនាងស្នើឲ្យអ្នកកាន់ជើងលោក គាំ ចន្ធី ក៏បញ្ចប់ការនិយាយមិនល្អពីឌុច លីដា ហើយស្នើឲ្យអ្នកកាន់ជើងឌុច លីដា ក៏បញ្ចប់ការបង្ខូចលោកគាំ ចន្ធី ថាជាផលិតករបែបនេះបែបនោះទើបបណ្ដាលឲ្យមានជម្លោះនោះកើតឡើង។ នាងថាសម្រាប់លោកគាំ ចន្ធី នាងនៅតែហ៊ានចេញមុខការពារ ដោយសារតែរឿងលុយកាក់គឺលោកមានតែបើកឲ្យតួមុនកាលកំណត់នោះផង ឲ្យតែតួសម្ដែងនោះនិយាយពីបញ្ហាប្រាប់លោក ដោយមិនមែនទាល់តែថតចប់ទើបគិតគូរ ហើយឈានដល់មិនបើកច្រើនខែដូចតារាខ្លះធ្លាប់ត្រូវផលិតករឆបោកនោះទេ។

អ្វីដែលសំខាន់គឺលោកច្បាស់លាស់ការងារ ដោយមិនដូចអ្នកណាយល់ថាលោកជាផលិតករដែលមានខ្វះការរៀបចំផែនការចេញថតច្បាសលាស់ ទើបបណ្ដាលឲ្យតួសម្ដែងឈានដល់បោកគ្រាប់បែកមិនមកថត ឬមកថតយឺតពេលយឺតម៉ោងនោះឡើយ៕

មតិយោបល់