ព័ត៌មានសិល្បៈ និងកម្សាន្ត

ប្រិមប្រិយសរសើរ Tommy ប្លែកធ្វើឲ្យគេសង្ស័យពីរឿងនៅក្រោយខ្នង

ទើបតែបានប្រកាសថាផ្ដាច់ពាក្យជាមួយគូស្នេហ៍អាណិកជននៅសហរដ្ឋអាមេរិកសោះ អ្នកនាងប្រិមប្រិយដែលត្រូវគេស្គាល់ថាជាមេម៉ាយកូន១ផង ស្រាប់តែត្រូវគេអះអាងថាមានសកម្មភាពស្និទ្ធិស្នាលប្លែកជាមួយកំលោះសង្ហារលោក Tommy បន្ទាប់ពីអ្នកទាំង២បានថតរឿង«កូនពស់កេងកង»របស់ហង្សមាសជាមួយគ្នា។ អ្វីដែលគេកត់សម្គាល់គឺអ្នកនាងមិនដែលShare ការបង្ហោះរបស់អ្នកណាម្នាក់ពីមុនមកទេ ស្រាប់តែមុននេះបន្តិចនាង Share ការបង្ហោះដែលមានខ្លឹមសារសររសើរចំពោះលោក Tommy បន្ទាប់ពីលោកត្រូវបានគេអះអាងថាសុខចិត្តចុះជិះម៉ូតូឌុប ដោយសារតែផ្លូវស្ទះពេកហើយចេញទៅថតរឿងមិនទាន់។

ប្រភពពីតារាសិល្បៈនិយាយក្នុងពេលថតរឿង អ្នកនាងប្រិមប្រិយរួសរាយដាក់តារាគ្រប់គ្នាមិនឆ្មើងនោះទេ ប៉ុន្តែគេនៅតែកត់សម្គាល់ថានាងមានសកម្មភាពប្លែកជាងជាមួយតារាផ្សេងទៀតជាមួយនឹងតារាសម្ដែងលោក Tommy បើទោះជាពួកគេទើបតែមានឱកាសបានរួមការងារជាមួយគ្នា។

រវាងអ្នកទាំង២ហាក់មានស្និទ្ធិស្នាលលើសពីមិត្តរួមក្រុមដែលបានបង្ហាញខ្លួនទៅថតកុនដូចគ្នា ប៉ុន្តែមិនទាន់មានអ្នកណាប៉ាន់ស្មានថាតើភាពជិតស្និទ្ធិនោះគ្រាន់តែលេងសើចក្នុងនាមមិត្តរួមការងារ ឬមានអ្វីពិសេសនៅខាងក្រោយខ្នងនោះទេ ក្នុងពេលដែលអ្នកនាងក៏ដាច់ស្រេចជាមួយគូដណ្ដឹង ហើយលោក Tommy ក៏បានប្រកាសថាខ្លួនមិនទាន់មានស្នេហា។

ពាក់ព័ន្ធនឹងបញ្ហាលោកTommy មិនទាន់សុំការបកស្រាយបានទេ ប៉ុន្តែអ្នកនាងប្រិមប្រិយបានអះអាងថាទាំងគ្រាន់តែជាការកត់សម្គាល់ប៉ុណ្ណោះ ប៉ុន្តែអ្វីៗគឺមិនមែនដូចអ្វីដែលគេប៉ាន់ស្មាននោះឡើយ។ យ៉ាងណាមិញ នាងថាបើនាង និងលោកTommy ពាក់ព័ន្ធផ្លូវចិត្តនឹងគ្នាមែនក៏មិនមែនជារឿងចម្លែកនោះដែរ ដោយសារតែនាង និងលោក សុទ្ធតែទំនេរបេះដូង។

អ្នកនាងនិយាយថាក្នុងពេលទៅថត អ្នកនាងក៏ចូលចិត្តលេងសើច ហើយលោកTommy ក៏ចូលចិត្តលេងសើច ទើបឆាប់ចូលចិត្តគ្នា និងមានការនិយាយគ្នាលេងទៅវិញទៅមក ដែលអ្នកនាងបានហៅទំនាក់ទំនងនោះថាឆាប់ស្និទ្ធិស្នាលគ្នារហូតធ្វើឲ្យមានការផ្គូរផ្គង។

អ្នកនាងថាទើបតែបែកបាក់ស្នេហ៍ក្ដៅៗ មិនទាន់ចង់បើកបេះដូងទទួលយកអ្នកណាអ្នកណីនោះទេ ប៉ុន្តែបើដល់ពេលវេលា ក៏អ្នកនាងមិនដែលរើសអើងនោះដែរ ដោយសារតែអ្នកនាង គឺជាតារាមួយរូបដែលមិនរើសអើងចំពោះមនស្សដែលក្លាហានសុំនាងស្រលាញ់ដែរនោះ ជាពិសេសគឺបុរសដែលហ៊ានចូលដល់ម៉ែឪរបស់នាង ដោយមិនមើលរំលងប្រពៃណី។ អ្នកនាងថាខ្លួនមេម៉ាយមែន ប៉ុន្តែបើឲ្យរើសគូក៏ទាល់តែកូនស្រីនាងពេញចិត្ត ហើយក្រុមគ្រួសារនាងស្រឡាញ់អត្តចរិតផងដែរ គឺមិនមែនចេះតែរើសៗដោយចិត្តឯងនោះឡើយ ខណៈដែលរឿងទ្រព្យសម្បត្តិគឺជារឿងដែលនាងមិនខ្វល់សំខាន់ចិត្ត។

អ្នកនាងថានៅក្នុងសិល្បៈអ្នកនាងជិតស្និទ្ធិជាមួយតារាគ្រប់តែគ្នាមិនមែនជារឿងចម្លែកទេ ប៉ុន្តែនាងសារភាពថាសម្រាប់ទំនាក់ទំនងជាមួយលោកTommy គឺឆាប់ចូលស្និទ្ធិគ្នាអ៉ីចឹងមែន ដោយសារតែអ្នកនាង និងលោកសុទ្ធតែពូកែលេងសើច៕

មតិយោបល់