ព័ត៌មានសុខភាព

គិកថាមហារីកសុដន់កើតចំពោះតែមនុស្សស្រីខុសហើយ ក្នុងមួយឆ្នាំមានបុរស២០០០នាក់ក៏កើតជំងឺនេះដែរ

ជំងឺមហារីកសុដន់ ត្រូវបានគេចាត់ទុកជាជំងឺទូទៅចំពោះស្ត្រី ក៏ប៉ុន្តែការស្ទង់មតិនៅសហរដ្ឋអាមារិក បានបង្ហាញថា បុរសប្រមាណជា ២០០០នាក់នៅលើពីភពលោក ប្រឈមនឹងជំងឺនេះជារៀងរាល់ឆ្នាំ។ លោកវេជ្ជបណ្ឌិត Alexandra Heerdt នៅមជ្ឈមណ្ឌលមហារីក សហរដ្ឋអាមេរិក មានប្រសាសន៍ថា បុរស និងស្ត្រីមានកត្តាហានិភ័យនៃជំងឺមហារីកដូចគ្នា ទាំងតំណពូជ និងអាយុ។

រោគសញ្ញានៃជំងឺមហារីកសុដន់ចំពោះមនុស្សស្រី និងមនុស្សប្រុសមិនខុសគ្នាទេ គឺមានដុំពកចម្លែកនៅក្នុងសុដន់ ឬផ្លាស់ប្តូរស្បែកនៅលើចុងសុដន់។
ជំងឺមហារីកសុដន់ ចំពោះបុរសត្រូវបានគេគិតថា ងាយនឹងរកឃើញ ព្រោះវាមិនពិបាកសម្គាល់ដូចជាមនុស្សស្រីឡើយ។ ប៉ុន្តែបុរសដែលមានជំងឺមហារីកសុដន់ច្រើនតែត្រូវបានគេធ្វើរោគវិនិច្ឆ័យយឺតពេល ដោយសារតែបុរសគិតថា ពួកគេមិនមានជំងឺមហារីកសុដន់ឡើយ ទោះបីជាពួកគេឃើញពីភាពមិនប្រក្រតីកើតមានក៏ដោយ។

លោកវេជ្ជបណ្ឌិត Kathryn Ruddy ជាអ្នកឯកទេសជំងឺមហារីកសុដន់ នៅគ្លីនិក Mayo Clinic សហរដ្ឋអាមេរិក បាននិយាយថា បុរសដែលកើតជំងឺមហារីកសុដន់ងាយនឹងរងគ្រោះថ្នាក់ធ្ងន់ ធ្ងរ ព្រោះពួកគេមិនហ៊ានទៅជួបគ្រូពេទ្យ។ គុណវិបត្តិមួយទៀតសម្រាប់បុរស គឺក្រុមគ្រូពេទ្យពិបាកនឹងផ្តល់ប្រឹក្សាដល់ពួកគេឲ្យទទួលយកការវះកាត់ ដោយសារតែភាគរយកើតជំងឺមហារីកទាបជាងស្ត្រី។

ការធ្វើតេស្តរកមើលជំងឺមហារីកសុដន់ដ៏ល្អបំផុតសម្រាប់បុរស គឺការពិនិត្យដោយខ្លួនឯង។ ម្យ៉ាងវិញទៀតបុរសគ្រប់រូប ត្រូវតែមានភាពក្លាហានក្នុងការទៅជួបជាមួយគ្រូពេទ្យ ប្រសិនបើរកឃើញដុំសាច់មិនប្រក្រតីក្នុងដើមទ្រូង ឬភាពមិនប្រក្រតីផ្សេងទៀត៕

ប្រភព៖ soha

មតិយោបល់