មកទល់ថ្ងៃនេះតារាសម្ដែង នី មុន្នីនាថ បានអះអាងថា ខ្លួននៅមិនទាន់មានដំណឹងណាមួយជុំវិញការកោះហៅពីសំណាក់តុលាការនៅឡើយទេ បន្ទាប់ពីមានការទម្លាយថាអតីតគូដណ្ដឹងរបស់នាងគឺលោកអ៉ឹង សូឡាំង បានដាក់បណ្ដឹងប្ដឹងនាងពីបទឆបោក និងរំលោភលើទំនុកចិត្តដោយតម្រូវឲ្យនាងសងប្រាក់រហូតដល់១២ម៉ឺនដុល្លារ។ ក្នុងនោះនាងក៏ប្រកាសថាមិនខ្លាចចំពោះបណ្ដឹងនេះផងដែរ ដោយនាងអះអាងថាមិនបានទទួលលុយពីភាគីខាងដើមចោទក្នុងកម្រិតដល់ច្រើនម្លឹងៗ។
នី មុន្នីនាថ និយាយថានាងមិនមានអារម្មណ៍ភិតភ័យពេលដឹងថាអតីតគូដណ្ដឹងដាក់បណ្ដឹងទៅកាន់សាលាដំបូងរាជធានីភ្នំពេញ បើទោះជានាងមិនធ្លាប់ប្រឈមបណ្ដឹងតុលាការណាមួយពីមុនមក។ នាងថាខ្លួនមានតែរង់ចាំមន្ត្រីតុលាការយកលិខិតកោះហៅមកឲ្យនោះផង ដោយនាងគ្មានការគេចវេសសម្រាប់ការចូលខ្លួនទៅបំភ្លឺនោះផងដែរ។ នាងនិយាយថា« ខ្ញុំអត់មានភ័យរឿងចូលតុលាការទេ និយាយរួមបើគេហៅទៅបំភ្លឺថ្ងៃណាគឺខ្ញុំចូលទៅថ្ងៃនឹង អត់មានខ្លាចហើយមិនចូលទេ!»។
នាងថាមានហេតុផលច្រើនដែលនាងមិនខ្លាចក្នុងការចូលបំភ្លឺនៅសាលាដំបូងរាជធានីភ្នំពេញ ដោយសារតែប្រាក់ចំនួន៧ម៉ឺនដែលអតីតគូដណ្ដឹងតម្រូវឲ្យនាងសងក្នុងបណ្ដឹងគឺមិនមែនជាលុយដែលនាងបានទទួល តែជាលុយដែលលោកបូកតាំងពីការចំណាយជិះយន្តហោះមកលេងស្រុកខ្មែរ និងគិតបញ្ចូលទាំងថ្លៃចូលបន្ទប់ទឹកជាដើម។
នាងក៏មិនញញើតនឹងការកំណត់ឲ្យនាងសង់ថ្លៃជំងឺចិត្តចំនួន៥ម៉ឺនដុល្លារបន្ថែបពីលើពាក្យបណ្ដឹងតម្រូវឲ្យសងប្រាក់ដែលលោកថាបានបង់ខាតមកនាងនោះដែរ ដោយសារតែនាងមិនយល់ថាបណ្ដឹងដែលអតីតគូដណ្ដឹងបានប្ដឹងនោះនឹងឈ្នះនាងនៅវិនាទីចុងក្រោយ។
នាងថាបើអតីតគូណ្ដឹងសរុបថាបានចំណាយលើនាងដល់ទៅ៧ម៉ឺនក្នុងរយៈពេលស្គាល់គ្នា៣ឆ្នាំ នោះលោកប្រហែលជាបូកទាំងថ្លៃដើរប៉ាវសាច់ញាតិបងប្អូននោះផងដែរ ខណៈដែលនាងទម្លាយថាបើនិយាយពីរឿងលុកកាក់លោកសូឡាងក៏ធ្លាប់យកលុយនាងជិះយន្តហោះទៅអាមេរិកវិញ និងចាយវាយផ្សេងៗ ក្នុងរយៈពេលសេពគប់គ្នាផងដែរ។ នាងថាមនុស្ស២នាក់ស្រឡាញ់គ្នា គឺតែងតែប៉ាវគ្នាទៅវិញទៅមក និងឲ្យគ្នាជាទឹកចិត្តជាដើម ប៉ុន្តែបើពេលឈ្លោះគ្នាស្រាប់តែទារយកវិញទាំងអស់ នោះនាងក៏មិនខ្លាចក្នុងការចូលទៅបំភ្លឺនៅក្នុងតុលាការនោះដែរ។
នាងថារង់ចាំឲ្យមានដីកាកោះហៅឲ្យកាន់តែឆាប់ប៉ុណ្ណោះ ដើម្បីឲ្យបានឆាប់ចប់ ហើយអាចឲ្យនាងមានកម្លាំងចិត្ត និងខួរក្បាលស្រស់ថ្លាក្នុងការងារសិល្បៈ និងការងារផ្សេងៗ។ នាងនិយាយថាមិនមានគម្រោងដាក់បណ្ដឹងតបតទៅកាន់អតីតគូដណ្ដឹងនោះទេ ដោយនាងប្រកាសថារង់ចាំឲ្យលោកសូឡាង ដាក់បណ្ដឹងឲ្យអស់ក្បាច់ចាំនាងចេញមុខបកស្រាយ ដើម្បីបញ្ចប់រឿង។
មកទល់ពេលនេះមន្ត្រីសាលាដំបូងរាជធានីភ្នំពេញ បានអះអាងថាមិនទាន់គម្រោងកំណត់ថ្ងៃចេញដីការកោះហៅតារាសម្ដែងនី មុន្នីនាថ ឲ្យចូលបំភ្លឺនៅឡើយទេ បើទោះជាស្ថាប័ននេះបានទទួលពាក្យបណ្ដឹងមួយនេះតាំងដំណាច់ខែកញ្ញា។
ជាមួយនឹងកាលកំណត់ឲ្យចូលបំភ្លឺពីភាគីចុងចម្លើយនៅមិនទាន់បញ្ចប់ ភាគីខាងលោកអ៉ឹង សូឡាង ឯណោះវិញ ក៏បានប្រកាសជំហរថានឹងមិនមានគម្រោងដកពាក្យបណ្ដឹងណាមួយនោះដែរ ដោយសារតែលោកប្រកាសថាខ្លួនមានការឈឺចាប់ខ្លាំងក្រោយពីលោកលះបង់ការស្រឡាញ់ឲ្យនី មុន្នីនាថ អស់ពីបេះដូង និងបានទាំងចំណាយលុយធានាយកនាងទៅអាមេរិកផង ប៉ុន្តែលោកថានាងបែរជាបដិសេធមិនទៅ ហើយផ្ដាច់ពាក្យពីខ្លួន ដែលតម្រូវឲ្យលោកត្រូវតែទទួលបាននូវប្រាក់កាសដែលបានខាតបង់ត្រឡប់មកវិញ៕
មតិយោបល់