ព័ត៌មានជាតិ

ចូលបន្លំលួចម៉ូតូនៅកន្លែងផ្ញើ ត្រូវអស់លក្ខណ៍ប្រជាពលរដ្ឋចាប់បានវាយសន្លប់

ភ្នំពេញៈ ជនសង្ស័យម្នាក់បានរងរបួសសន្លប់ធំ និងត្រូវបានរថយន្តសង្គ្រោះអង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុងក្រោយពេលដែលរូបគេចូលទៅធ្វើសកម្មភាពចូលទៅបន្លំលួចយកម៉ូតូស៊េរីទំនើប១គ្រឿង ចេញពីកន្លែងផ្ញើម៉ូតូមួយកន្លែង។ ប៉ុន្តែខណៈដែលកំពុងអូសចេញ ត្រូវបានអ្នកទទួលបញ្ញើរដឹងថាមិនមែនជាម្ចាស់ម៉ូតូក៏ស្រែកថាចោរៗ បង្កឲ្យមានការភ្ញាក់ផ្អើលហើយប្រជាពលរដ្ឋនាំគ្នាជួយចាប់បានវាយទាត់ធាក់ បណ្ដាលឲ្យរងរបួសយ៉ាងធ្ងន់ធ្ងរ រហូតដល់សន្លប់ធំបែបនេះតែម្ដង។

ហេតុការណ៍នោះបានកើតឡើងកាលពីវេលាម៉ោង ៨និង៤០នាទី ព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៧ នៅ នៅក្នុងផ្សារជម្ពូវ័ន្ត ស្ថិតនៅក្នុងភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមិនត្រូវបានគេស្គាល់ឈ្មោះនោះឡើយ មានអាយុប្រហែល៤០ឆ្នាំ ចំណែកម៉ូតូដែលជនលួចយកទៅមិនបានសម្រេចនោះ ម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ1-GK-9206 ជាកម្មសិទ្ធិរបស់ឈ្មោះ សុត ចន្ថន ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ អាជីវករលក់ដូរក្នុងផ្សារជម្ពូវ័ន មានទីលំនៅភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុស្រ្តីរងគ្រោះបានជិះម៉ូតូទៅផ្ញើរនៅទីតាំងខាងលើកើតហេតុខាងលើ បន្ទាប់មកបានចូលដើរចូលទៅរកទិញអីវ៉ាន់នៅក្នុងផ្សារ ពេលនោះជនសង្ស័យបានដើរចូលទៅកន្លែងផ្ញើម៉ូតូ និងបានប្រទះឃើញម៉ូតូ១គ្រឿងផ្សេងទៀត ត្រូវបានម្ចាស់ភ្លេចប័ណ្ណផ្ញើម៉ូតូ នៅលើកែបម៉ូតូភ្លេចយកទៅតាមខ្លួន។ បន្ទាប់មកដោយសារតែម៉ូតូនោះស៊េរីទាបលក់មិនត្រូវប៉ាន់ជនសង្ស័យមិនបានលួចយកទេ គឺបានយកប័ណ្ណផ្ញើម៉ូតូដែលម្ចាស់ភ្លេចនោះ និងហែកយកប័ណ្ណដែលកឹបជាប់ម៉ូតូខាងលើនោះទៀត ទៅកឹបជាប់ម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅរបស់ស្រ្តីរងគ្រោះ។ បន្ទាប់បានអូសចេញពីក្នុងទីតាំងផ្ញើដើម្បីជិះចេញគេចខ្លួន។

ប្រភពដដែលបានប្តទៀតថា ប៉ុន្តែខណៈនោះអ្នកទទួលបញ្ញើរ បានពិនិត្យមើលលេខរៀងត្រូវគ្នាទាំងអស់ តែពេលមើលស្លាកលេខម៉ូតូខុសគ្នាជាមួយប័ណ្ណ ក៏ឃាត់ឲ្យឈប់និង ស្រែថាចោរៗបង្កឲ្យមានការភ្ញាក់ផ្អើល ទើបប្រជាពលរដ្ឋនាំគ្នាចាប់ខ្លួនបានវាយទាត់ធាក់រហូតដល់សន្លប់ធំ ។ភ្លាមៗនោះនគរបាលបានចុះទៅអន្តរាគមន៏ ហៅរថយន្តពេទ្យរបស់អង្គភាព៧១១ កងពលតូចលេខ៧០ដឹកយកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកពោធិ៍ចិនតុង៕

https://youtu.be/pNe_Keihbfg

មតិយោបល់