ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាសិល្បៈក្ដុកក្ដួល ក្រោយ ឮថាសាន ស្រីឡៃ មានតែសំបកខ្លួន ក្រោយបានប្ដីគយ

ក្នុងពិធីបុណ្យ៧ថ្ងៃរបស់តារាចម្រៀង សាន ស្រីឡៃ នៅវត្តទួលទំពូង កាលពីល្ងាចថ្ងៃទី២១ តុលា គេនៅតែកត់សម្គាល់ថា មានវត្តមានតារាសិល្ប:ច្រើនរូបចូលរួម ដោយរួមមានទាំងតារាជើងចាស់ នៅក្នុងផលិតកម្មហង្សមាស នៅក្រៅផលិតកម្មហង្សមាស និងតារាយុវវ័យជាច្រើនរូបបង្ហាញខ្លួន។ អ្វីដែលមិនប្លែកពីក្នុងពិធីបុណ្យសពរបស់នាងនោះ គឺតារាសិល្ប:ភាគច្រើនបានបង្ហាញការក្ដុកក្ដួលចិត្ត នៅពេលឮថា តារាចម្រៀងសាន ស្រីឡៃ ក្រៅពីរងសម្ពាធពីអតីតស្វាមីជាមន្ត្រីគយហើយ គឺនាងក៏មិនមានសល់ទ្រព្យណាមួយ ក្រោយពីនាងតស៊ូជាមួយបុរសនោះ រហូតមានកូន២នាក់ជាមួយគ្នានោះផងដែរ។

អ្នកស្រី នៅ ចន្ធី ម្ដាយរបស់សាន ស្រីឡៃ និយាយថា អ្នកនិយាយថា លោក ជ័យ រិន មានការលះបង់ចំពោះកូនស្រីរបស់អ្នកស្រី ច្រើនទើបឈានដល់ការខឹងសំបារនៅពេលសាន ស្រីឡៃ សុំបែក គឺជារឿងមិនបានដឹងពីផ្ទៃក្នុងទាំងស្រុង ដោយអ្នកស្រីបញ្ជាក់ថា ក្រៅពីគ្មានការផ្ដល់ភាពកក់ក្ដៅឲ្យសាន ស្រីឡៃ ឲ្យកូនទាំង២ លោកជ័យ រិន ក៏គ្មានមានទ្រព្យអ្វីបន្សល់ដល់សាន ស្រីឡៃ និងកូនៗ មុនពេលបែកគ្នានោះដែរ។ អ្នកស្រីនិយាយថា រថយន្តឡិចស៊ីស ដែលសាន ស្រីឡៃ បានជិះគឺទិញបង់រំលោះ ក្រោយពេលនាងបានប្រលងជាប់ ក្នុងវគ្គរបស់The Voice ប៉ុណ្ណោះ ក្នុងពេលដែលគ្រួសាររបស់អ្នកស្រី ក៏រស់នៅលើដីនៅសហគមន៍នៅសែនសុខ ដោយមិនមានផ្ទះសម្បែងផ្ទាល់ខ្លួន។

អ្នកស្រីថា សាន ស្រីឡៃ ធ្លាប់បើកហាងអ៊ុតសក់នៅខេត្តបន្ទាយមានជ័យ ទីដែលនាងរស់នៅ ហើយបានជួបលោកជ័យ រិន ដែលផ្លាស់ការងារទៅធ្វើគយនៅទីនោះ ប៉ុន្តែក្រោយពេលនាងផ្លាស់មករស់នៅភ្នំពេញ ហាងនោះក៏ត្រូវបិទចោល។ អ្នកស្រីថាខ្លួនអត់មានដីធ្លីផ្ទះសម្បែង នៅខេត្តបន្ទាយមានជ័យនោះទេ ដោយក្រោយភពប្រសព្វជាមួយលោក ជ័យ រិន ដែលជាមន្ត្រីគយប្រចាំការនៅទីនោះ លោកក៏បានទិញដីនៅប៉ោយប៉ែត បាន២ឡូតិ៍តូចៗ តែក្រោយប្ដូរមកនៅភ្នំពេញ ក៏ត្រូវលោកលក់អស់មុនពេលផ្ទុះជម្លោះ។ អ្នកស្រីថាសាន ស្រឡៃ ពិតជាមានហាងឆៅគួយមួយកន្លែង នៅហាងកុងតឺណឺកោះពេជ្រ ប៉ុន្តែហាងនោះ គឺជាហាងចូលហ៊ុនជាមួយមិត្តភ័ក្រ្ដ និងបានដំណើរការបានតែប៉ុន្មានថ្ងៃមុនការបាញ់សម្លាប់ប៉ុណ្ណោះ ទើបអ្នកស្រីប្រកាសថា ទំនាក់ទំនងរវាងកូនស្រី និងមន្ត្រីគយដ្បិតថា មានការចោទថាបុរសនោះបានជួយដល់កូនស្រីរបស់អ្នកស្រីយ៉ាងណាក្ដីប៉ុន្តែធាតុពិតអត់មានទេ។

អ្នកស្រីថាសាន ស្រីឡៃ គឺមានតែសំបកខ្លួនប៉ុណ្ណោះ ក្រោយបានកូន២ជាមួយលោកជ័យ រិន ហើយដោយរងអំពើហិង្សាផង ទើបកូនស្រីចេះតែចង់ដោះដៃ។ អ្នកស្រីបន្តថា ទំនាក់ទំនងរវាងសាន ស្រីឡៃ និងលោកជ័យ រិន បានកើតឡើងក្នុងពេលគ្រួសារអ្នកស្រី មានស្ថានភាពរស់នៅក្រលែងឮ ទើបគ្រាន់តែលោកឲ្យសាន ស្រីឡៃ តិចតួច ក៏ធ្វើឲ្យកូនស្រីរបស់អ្នកស្រីសម្រេចចិត្ត ទទួលជាស្វាមីរហូតមានកូន២នាក់ ដោយអ្នកស្រីថា ក្នុងពេលទាក់ទងដំបូងៗគឺលោកជ័យ រិន អត់ប្រាប់ថាខ្លួនមានប្រពន្ធ មានកូនទេ។
ក្រោយការប្រកាសថាសាន ស្រីឡៃ មានដល់ទៅស្វាមីមន្ត្រីគយ តែគ្មានផ្ទះសម្បែង និងទ្រព្យធនជាដុំកំភួននេះ ធ្វើឲ្យម្នាក់ៗ មានការក្ដុកក្ដួលយ៉ាងខ្លាំង ដែលនាងត្រូវស្ថិតនៅក្នុងស្ថានភាពខ្វះខាតមុខក្រោយ ហើយថែមទាំងប៉ះស្វាមីចិត្តឃោឃៅ ដោយហ៊ានលើកកាំភ្លើងបាញ់សម្លាប់ ដោយមិនគិតពីអនាគតកូនដល់ទៅ២នោះបែបហ្នឹង។

ស្ទើរតែតារាភាគច្រើនដែលបានបង្ហាញខ្លួន ក្នុងពិធីបុណ្យ៧ថ្ងៃរបស់នាង សុទ្ធតែបង្ហាញអារម្មណ៍ហួសចិត្ត និងប្រើពាក្យថាកម្ម ទើបបណ្ដាលឲ្យនាងមានវាសនាយ៉ាងនេះ។ ម្នាក់ៗនិយាយបើក្រៅពីនាងប្រហែលជាត្រូវដាច់ស្រេចជាមួយបុរសជាស្វាមីនោះយូរហើយ ប៉ុន្តែអាចមកពីស្វាមីរបស់នាងបន្តគំរាមកំហែង ទើបនាងតស៊ូរហូតដល់កូន២ ហើយរហូតដល់មានសំណាង បានក្លាយជាតារាចម្រៀងអាជីព ដែលមានលទ្ធភាពរកលុយបានដោយខ្លួនឯងមិនដូចមុន ទើបប្រកាសសុំចែកផ្លូវជាមួយលោកជ័យ រិន បណ្ដាលឲ្យលោកឈាន ដល់ការសម្លាប់ចោល ហើយសម្លាប់ខ្លួនឯង ដើម្បីគេចពីប្រព័ន្ធច្បាប់។ តារាដែលមានអារម្មណ៍ក្ដុកក្ដួលនៅក្នុងថ្ងៃនោះ គឺមិនថាតែអ្នកបានរួមការងារជាមួយសាន ស្រីឡៃ ប៉ុណ្ណោះទេ គឺសូម្បីតែតារាចាស់ថ្មី ដែលធ្លាប់តែឮឈ្មោះនាង ហើយបានដឹងពីរឿងរ៉ាវនេះ ក៏សង្វេគក្នុងចិត្តណាស់ដែរ៕

មតិយោបល់