ក្នុងកិច្ចសម្ភាសន៍ជាមួយអ្នកសារព័ត៌មានកាលពីល្ងាចថ្ងៃទី២២ តុលា ផលិតករ និងតួសម្ដែងក្នុងរឿង«កំពូលចុងភៅពិសេស»បានបង្ហាញឲ្យដឹងនូវគន្លឹះក្នុងការថតភាពយន្តមួយនេះ និងរំលេចឲ្យឃើញនូវចំណុចខ្លឹមៗរបស់ភាពយន្តមួយរឿងនេះយ៉ាងច្រើន ដែលធ្វើឲ្យអ្នកគាំទ្រប្លែកត្រចៀកក្រោយពេលបានដឹង។
នេះក៏ជាភាពយន្តខុសប្លែកពីគេ ដោយសារតែឈុតឆាក និងសាច់រឿងគឺមិនដូចនឹងភាពយន្តទូទៅនោះផងដែរ។
អ្នកគ្រូ តាន់ សុវណ្ណឌី ជាអ្នកនិពន្ធខ្លឹមសាររឿងបានអះអាងថា ភាពយន្តរឿង«កំពូលចុងភៅពិសេស»គឺគ្រាន់តែស្ដាប់ចំណងជើង និងសម្លឹងមើលពីទិដ្ឋភាពរឿងក៏មិនដូចពីភាពយន្តខ្មែរភាគច្រើនដែលបានផលិតឡើងដែរ ដោយសារតែរឿងមួយនេះ គឺនិយាយភាគច្រើនតែចុងភៅ និងការធ្វើម្ហូបដើម្បីបង្អួតស្នាដៃគ្នា។ អ្នកគ្រូថាភាពយន្តមួយរឿងនេះ អត់ខ្វល់ពីរឿងទីផ្សារដែលជាចំណូលចិត្តរបស់មហាជននោះទេ បើទោះជាអ្នកគ្រូដឹងថាអ្នកចូលចិត្តទស្សនាភាគច្រើនចូលចិត្តតែរឿងបែបរន្ធត់ មានខ្មោច និងរឿងបែបរបៀបបែកស្លុយច្រើនជាងនោះក៏ដោយ។
អ្នកគ្រូថាមួយរឿងនេះគឺនិយាយពីតម្លៃនៃវិជ្ជាធ្វើម្ហូប និងបង្ហាញពីមុខម្ហូបល្បីឈ្មោះមួយរបស់អ្នកខេត្តបាត់ដំបងច្រើនជាង ដោយអ្នកទស្សនារឿងគឺនឹងស្គាល់ពីតម្លៃនៃមុខម្ហូបដែលមានកេរ្តិ៍ឈ្មោះល្បីប្រចាំខេត្តបាត់ដំបងតែម្ដង ដើម្បីបញ្ជូនសារថាអ្នកខេត្តបាត់ដំបងក៏មានការទទួលស្គាល់ជាទូទៅថាមានមុខម្ហូបច្រើនមុខជាពិសេសគឺទឹកគ្រឿងបាត់ដំបង ដែលឱជារសគឺខុសពីទឹកគ្រឿងនៅតំបន់ដទៃ។ អ្នកគ្រូថាមួយរឿងនេះគឺនិយាយភាគច្រើនលើអនាម័យមុខម្ហូប និងគុណធម៌របស់ចុងភៅ ដោយមិនមែនចេះតែកែច្នៃមុខម្ហូបដោយមិនគិតពីសុខភាពរបស់អ្នកបរិភោគផងដែរ ដើម្បីបង្ហាញអ្នកទស្សនាឲ្យមានការយល់ដឹងពីតម្លៃលើជំនាញមួយនេះឲ្យកាន់តែច្បាស់។
អ្នកគ្រូថាផលិតករអត់ខ្វល់រឿងផលចំណេញក្នុងពេលដាក់បញ្ចាំងរឿងនោះទេ តែអ្វីដែលក្រុមផលិតករចង់បានគឺចង់បញ្ជូនសារ និងចង់ឲ្យមានការយកចិត្តទុកដាក់ឲ្យបានឡើងវិញ ពីគុណតម្លៃក្នុងការធ្វើម្ហូបដើម្បីជាប្រយោជន៍សម្រាប់ជំនាញមួយនេះ។
យ៉ាងណាមិញ អ្នកគ្រូថាខ្លឹមសារសំខាន់នៅក្នុងរឿងនេះក៏មានបង្កប់ដោយកំប្លុកកំប្លែងតាំងពីដើមដល់ចប់ផងដែរ ដែលអ្នកគ្រូមានជំនឿចិត្តយ៉ាងខ្លាំងថាពិតជាធ្វើអោយអ្នកទស្សនាមិនធុញទ្រាញនៅក្នុងទស្សនានោះទេ ដោយអ្នកគ្រូ និងម្ចាស់ផលិតកម្មបានទាំំងជម្រើសយកតួសម្ដែងល្អៗយកមកឲ្យសម្ដែងជាតួសំខាន់នៅក្នុងរឿងទាំងមូលនោះផង។
អ្នកគ្រូបង្ហាញការរំពឹងយ៉ាងខ្លាំងថាភាពយន្តខ្នាតធំរឿង«កំពូលចុងភៅពិសេស»នឹងក្លាយជាភាពយន្តខុសប្លែកពីរឿងទាំងពួង ហើយបើទោះជាការដាក់បញ្ចាំងនៅអំឡុងចុងឆ្នាំ ឬដើមឆ្នាំ២០១៨ខាងមុខ ទទួលបានជោគជ័យ ឬមិនជោគជ័យតាមការចង់បាន ក៏អ្នកគ្រូនៅតែបន្តថាក្នុងនាមជាផលិតករគឺមិនត្រូវនិពន្ធតែខ្លឹមសារសាច់រឿងដដែលព្រោះតែចង់តម្រូវទីផ្សារដើម្បីផលចំណេញនោះទេ តែត្រូវផលិតនៅអ្វីដែលជាតម្លៃដល់អ្នកទស្សនាដូចជាការឆ្លុះបញ្ចាំងឲ្យឃើញពីគុណភាពរបស់ចុងភៅ និងបង្រៀនឲ្យអ្នកទស្សនាដឹងថាការខ្វះគុណធម៌លើគុណភាពម្ហូបអាហារ(ខ្វះអនាម័យ) គឺជារឿងដ៏អាក្រក់ និងបង្កឲ្យមានផលប៉ះពាល់ចំពោះស្នាដៃរបស់ចុងភៅតែម្ដង។
អ្វីដែលសំខាន់គឺអ្នកទស្សនានឹងបានដឹងថានៅខេត្តបាត់ដំបងគឺមានមុខម្ហូបពិសេសៗមួយចំនួនដែលមានការទទួលស្គាល់ និងមានអ្នកជំនាញមុខម្ហូបយ៉ាងច្រើនរស់នៅនៅក្នុងខេត្តនេះ ដោយមិនមែនមានតែអ្នកពូកែច្រៀង និងសម្បូរតែផ្លែឈើប្រចាំខេត្តនោះទេ។
លោក ហាក់ ធៀមមុន្នី ជាតួសម្ដែងសំខាន់មួយ និងជាផលិតករមួយរូបដែរ បានអះអាងថា ភាពយន្តរឿង«កំពូលចុងភៅពិសេស»គឺជារឿងភាពយន្តខ្នាតធំ ដែលគ្រាន់តែតួសម្ដែងគឺមានរហូតដល់ជិត១០០នាក់។
ភាពយន្តទាំងមូលបានដំណើរការថតប្រមាណជាង២ខែមកហើយ ដោយទើបបានបញ្ចប់ប្លង់ចុងក្រោយកាលពីល្ងាចថ្ងៃទី២២ តុលា និងគម្រោងកាត់តឲ្យបានបញ្ចប់ទាំងស្រុងនៅអំឡុងដ៏ខ្លីខាងមុខ។ លោកថាភាពយន្តនឹងដាក់បញ្ចាំងគ្រប់រោងនៅអំឡុងចុងឆ្នាំ២០១៧នេះ ដោយនេះគឺស្នាដៃរបស់លោកA Ten ឬលោកដប់គត់ ដែលជាម្ចាស់អង្គការ«ខ្ញុំខ្មែរ»រស់នៅប្រទេសអូស្រ្តាលី។ លោកថាមួយរឿងនេះ នឹងមានតម្លៃសម្រាប់អ្នកទស្សនាច្រើនជាងធ្វើឲ្យអ្នកទស្សនាគ្រាន់តែសើចសប្បាយឥតប្រយោជន៍។ យ៉ាងណាមិញ លោកថាមិនទាន់ដឹងពីទំហំនៃភាពជោគជ័យនោះទេ ក្នុងពេលដែលរឿងមួយនេះហាក់មានទម្រង់សាច់រឿងផ្ដោតលើចុងភៅ និងមុខម្ហូបខុសប្លែកពីគេ៕
មតិយោបល់