ព័ត៌មានសេដ្ឋកិច្ច

កម្ពុជា គ្រោងប្រើប្រាស់ប្រព័ន្ធផ្កាយរណប សម្រាប់គ្រប់គ្រងគម្របព្រៃឈើ

រាជរដ្ឋាភិបាលកម្ពុជា គ្រោងនឹងប្រើប្រាស់ប្រព័ន្ធផ្កាយរណប ដើម្បីគ្រប់គ្រងគម្របព្រៃឈើ សម្រាប់ការពារ និងអភិរក្សព្រៃឈើ នៅកម្ពុជា ឲ្យកាន់តែប្រសើរឡើង។ នេះបើយោងតាមការឲ្យដឹងពី លោក ជា សំអាង អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាលការពារ និងអភិរក្សធម្មជាតិ។

ការត្រួតពិនិត្យគម្របព្រៃឈើ តាមប្រព័ន្ធផ្កាយរណបនេះ នឹងជួយឲ្យកម្ពុជាមានលទ្ធផលទទួលបាននូវ ទិន្នន័យច្បាស់លាស់ ឈានដល់ការកាត់បន្ថយ ការរិចរិលព្រៃឈើ និងអាចគ្រប់គ្រងប្រកបដោយនិរន្តភាព។

សម្រាប់គម្រោងនេះ រាជរដ្ឋាភិបាលជប៉ុន ជាអ្នកជួយចេញការចំណាយ ក្នុងការទិញទិន្នន័យដែលថតដោយ សហរដ្ឋអាមេរិក សម្រាប់ត្រួតពិនិត្យគម្របព្រៃឈើ នៅកម្ពុជា។

លោក ហ៊ីដិហ៊ីសា ហូរីណូឈិ ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា បានឲ្យដឹងដែរថា រាជរដ្ឋាភិបាលជប៉ុន ជួយដល់កម្ពុជានេះគឺ ដើម្បីចូលរួមការពារ និងអភិរក្សគម្របព្រៃឈើនៅកម្ពុជា ក៏ដូចជាបង្កើនធនធានធម្មជាតិ និងព្រៃឈើនៅកម្ពុជា ឲ្យកើនឡើងជាបន្តបន្ទាប់។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន បានសម្រេចភាពជោគជ័យជាច្រើនលើ ការគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិព្រៃឈើនៅកម្ពុជា ដោយបានបង្កើតនូវតំបន់ការពារធម្មជាតិថ្មី ចំនួន ៤ បន្ថែមទៀត លើតំបន់ការពារចំនួន ៤៥ ដែលមានស្រាប់ និងត្រៀមដាក់សំណើសុំបង្កើតបន្ថែមចំនួន ៦ ផ្សេងទៀត៕

មតិយោបល់