ភ្នំពេញៈ ក្នុងប៉ុន្មានខែនេះ គេកត់សម្គាល់ថាតារាសម្ដែងលោកហេង នរៈកក្កដា ទទួលបានទីផ្សារសម្ដែងច្រើនឡើង ក្នុងពេលដែលតារាសម្ដែងមួយចំនួន មិនមានសកម្មភាពថត។ ជាមួយគ្នានោះ លោកក៏ត្រូវគេដឹងថាបានប្រថុយគ្រោះថ្នាក់ក្នុងឈុតក្រឡាប់រថយន្ត និងឈុតមួយចំនួនផ្សេងទៀតដែរ តាមរយៈខ្សែរឿង«សង្គ្រាមបេះដូង» ដែលកំពុងដាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍PNN។
លោកហេង នរៈកក្កដា បានអះអាងថាជារឿងលើកទី១ដែលត្រូវបានផលិតករឲ្យសម្ដែងជាតួមានគ្រោះថ្នាក់ក្រឡាប់រថយន្ត ដែលមានសភាពថតត្រូវប្រឈមនឹងគ្រោះថ្នាក់ផងទម្រាំតែអាចថតត្រូវ។ លោកថា នោះជាឈុតដែលខ្លួនមិនអាចបំភ្លេច ហើយទម្រាំថតត្រូវក៏ប្រើពេលច្រើនម៉ោង និងប្រើការតាំងចិត្តខុសពីឈុតដែលលោកធ្លាប់ប្រឡូកផងដែរ បន្ថែមពីលើភាពប្រថុយប្រថានដែលលោកត្រូវឲ្យបាន។ គាប់ជួនជាខាងផលិតករត្រូវការឲ្យមានសភាពស្ដែង និងឲ្យសមនឹងដំណើររឿងទៅទៀត ទើបការសម្ដែងត្រង់ឈុតនោះ ចំណាយពេលច្រើន ហើយត្រូវធ្វើការតាំងចិត្តក៏ខ្ពស់។
លោកថាក្នុងរឿង«សង្គ្រាមបេះដូង»មានឈុតជាច្រើនដែលលោកធ្លាប់ប្រឈម ដោយក្រៅពីឈុតក្រឡាប់ឡាន ក៏មានឈុតមួយទៀតត្រូវថតទាំងភ្លៀង ដែលធ្វើឲ្យលោកសម្ដែងពិបាកត្រូវ និងប្រើពេលច្រើនផងដែរ។ លោកថានេះជារឿងដំបូងដែលលោកទទួលស្គាល់ថាបានផ្ដល់នូវបទពិសោធន៍មួយថ្មី ដែលធ្វើឲ្យលោកប្រើពាក្យថាពិបាក ប៉ុន្តែជាថ្នូរត្រលប់មកវិញ លោកថាបានទទួលការងារកាន់តែច្រើនជាងមុន ដោយសារតែខាងផលិតករពេញចិត្តចំពោះការសម្ដែងរបស់ខ្លួន។
នៅក្នុងខ្សែរឿង«សង្គ្រាមបេះដូង»ដដែលនេះ តួឯកស្រីគឺកញ្ញា ជេស៊ីកា ក៏បានលើកឡើងថាមានឈុតពិបាកយ៉ាងកម្រ បើធៀបនឹងការសម្ដែងដែលនាងធ្លាប់ប្រឡូកផងដែរ។ នាងថាលោកហេង នរៈកក្កដា ពិបាកត្រង់ឈុតក្រឡាប់រថយន្ត និងឈុតពិបាកៗហាលភ្លៀង ចំណែកនាងក៏ចងចាំឈុតគេចាប់ចងក្នុងផ្ទះផងដែរ ដោយសារតែឈុតនោះតម្រូវឲ្យគេដុតផ្ទះចោល បំណងសម្លាប់នាង ដែលបញ្ជាក់ថាទម្រាំថតត្រូវ ទាំងក្ដៅ និងឈ្លក់ភ្លើងស្ទើរថប់ដង្ហើមផងដែរ។ នាងបានលើកឡើងបែបនេះនៅពេលដែលបានឡើងសម្ភាសន៍នៅលើកញ្ចក់ទូរទស្សន៍PNN កាលពីពេលថ្មីៗ ខណៈដែលរឿងរបស់នាងទទួលបានជោគជ័យចាប់តាំងពី បានដាក់ផ្សាយនៅអំឡុងថ្ងៃព្រហស្បតិ៍ដល់សៅរ៍ ម៉ោង៨យប់ដែលជាអំឡុងម៉ោងមាស។ ក្នុងនោះឈុតតម្រូវឲ្យនាងលង់ទឹកក៏ជាឈុតដែលធ្វើឲ្យនាងចង់រាងនឹងការថតបែបនេះផងដែរ។ យ៉ាងណាមិញ នាងថានឹងតស៊ូមិនឲ្យមហាជន និងអ្នកគាំទ្រខកបំណងនោះទេ បើទោះជាខាងផលិតករតម្រូវឲ្យសម្ដែងលំបាកកម្រិតលើសនឹង៕







មតិយោបល់