ក្នុងកិច្ចសម្ភាសន៍ជាមួយផុសកម្សាន្តផ្ដាច់មុខ ចាងហ្វាងផលិតកម្ម C2Go បានប្រកាសយ៉ាងក្ដែងៗថាការផលិតរឿងចំនួន២កន្លងមក ឲ្យដោយការផលិតចម្រៀងប្រមាណជាច្រើនបទផង គឺអត់ខ្វល់ពីការដួលរំលំ ឬដើម្បីផលចំណេញនោះទេ ទើបលោករមែងទទួលយុវវ័យក្មេងៗឲ្យចូលច្រៀងដោយផលិតបទឲ្យដោយគ្មានតម្រូវឲ្យតារាថ្មីៗទាំងនោះបង់លុយចូលផលិតកម្មដូចគ្នានឹងបណ្ដាផលិតកម្មដទៃ និងប្រកាសផ្ដល់ជូនការងារសម្ដែង និងការងារដឹកនាំផលិតកម្មដោយគ្មានការប្រកាន់បក្ខពួក ឲ្យតែតារាបុគ្គលទាំងនោះមានសមត្ថភាព ហើយមកបង្ហាញឲ្យលោកបានឃើញពីកម្រិតនៃការចេះដឹងដែលអាចធ្វើបាន។
ក្នុងនោះលោកថាក៏អត់ហៅតារាឲ្យមកសម្ដែងក្នុងតម្លៃថោកៗ ហើយកេងចំណេញដើម្បីប្រមូលលុយក្នុងពេលបញ្ចាាំងនោះផងដែរ ។
លោក អេថេន ជានិច្ច ដែលត្រូវគេហៅយ៉ាងស្ទាត់មាត់ថាលោកដប់គត់ ជាម្ចាស់ផលិតកម្ម និងជាប្រធានអង្គការខ្ញុំខ្មែរ ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលីបានអះអាងថា ខុសពីបណ្ដាផលិតកម្មទាំងពួងដែលគេបង្កើតឡើងដើម្បីទាញយកផលប្រយោជន៍ពីតារាចម្រៀង ឬតារាសម្ដែងថ្មីៗ គឺសម្រាប់ផលិតកម្មរបស់លោកលោកសុខចិត្តបោះទុនចោល ដើម្បីពង្រឹងសមត្ថភាពតារាខ្មែរដោយមិនខ្វល់ពីការខាតបង់ និងឬភ័យរឿងមិនមានការគាំទ្រណាមួយនោះទេ។ លោកថាបើបើកផលិតកម្មដើម្បីតែតម្រូវឲ្យបណ្ដាតារាថ្មីបង់លុយដើម្បីបានច្រៀង និងបានសម្ដែង តើអាចលើកស្ទួយវិស័យសិល្បៈឲ្យឈានឡើងទេ អ៉ីចឹងហើយទើបលោកសម្រេចចិត្តមិនធ្វើផលិតកម្មដោយកំណត់ទារលុយពីបុគ្គលណាម្នាក់នោះទេ ផ្ទុយទៅវិញគ្រប់តារាថ្មីៗមិនថាតារាចម្រៀងមុខស្អាត ឬមុខមិនស្អាត ឲ្យតែចង់បានការងារពីផលិតកម្មរបស់លោក គឺលោកនឹងច្នៃឲ្យមានសកម្មភាពទាំងអស់មិនចោលនោះទេ។ លោកក៏ប្រកាសមិនបិទសិទ្ធិតារាកុងត្រា ដោយគ្រាន់តែតារារបស់លោកសុំទៅសម្ដែងនៅផលិតកម្មផ្សេង ឬច្រៀងនៅផលិតកម្មផ្សេងដើម្បីទទួលបានចំណូលផងដែរ។
លោកថាសមត្ថភាពរបស់មនុស្សម្នាក់ៗមានកម្រិតមិនដូចគ្នានោះទេ ហើយឲ្យតែមានការផ្ដល់ឱកាស និងប្រើបុគ្គលទាំងនោះឲ្យត្រូវនឹងជំនាញម្នាក់ៗគឺអ្វីដែលក៏អ្នកចំណូលថ្មីអាចធ្វើបាននោះដែរ។ លោកស្នើឲ្យតារាថ្មីៗដែលមានសមត្ថភាព ហើយខ្វះឱកាសបង្ហាញនៅក្នុងពិភពសម្ដែង និងចម្រៀងទាក់ទងមកកាន់អង្គការ«ខ្ញុំខ្មែរ» និងផលិតកម្ម C2Go ដោយលោកប្រកាសថាឲ្យតែហ៊ានមកជួប មកសុំឱកាសគឺលោកនឹងជួយផ្ចុងផ្ដើមឲ្យក្លាយជាតារាចម្រៀង ជាតារាសម្ដែង និងស្អុយណាស់ក៏ផ្ដល់ការងារឲ្យធ្វើជាអ្នកលាងចាន ដើម្បីជំរុញឲ្យអ្នកអត់ឱកាសទាំងនោះបានធ្វើការមួយ។
មកទល់ពេលនេះលោកថាផលិតកម្មដែលលោកបង្កើតឡើងបានដំណើរការផលិតរឿងខ្នាតធំបាន២រឿងហើយ ដោយរឿងរបស់លោកក្រៅពីផ្ដល់ឱកាសឲ្យតារាថ្មីៗបានចូលសម្ដែងភាគច្រើន ក៏មានខ្លឹមសារសាច់រឿងខុសប្លែកពីរឿងទូទៅដែលបានចរាចរណ៍នៅក្នុងសិល្បៈផងដែរ ដោយលោកប្រកាសថាមិនខ្វល់ពីរឿងភាពយន្តទាំងនោះចេញទៅតើមានអ្នកមើលឬអ្នកមិនមើលទៅនោះ។ លោកបញ្ជាក់យ៉ាងខ្លី ថារឿងដែលខំថតហើយអត់មានអ្នកគាំទ្រ គឺទុកគ្រាន់មើលតែគ្នាឯងក៏បាន សំខាន់គឺអ្វីដែលជាតម្លៃរបស់អ្នកនិពន្ធ និងការប្រឹងប្រែងរបស់តួគឺត្រូវបានបញ្ចេញ។ លោកថាអត់មានគំនិតផលិតបទចម្រៀង និងផលិតភាពយន្តដើម្បីប្រកួតប្រជែងរកលុយដាក់ហោប៉ៅផ្ទាល់ខ្លួន ប៉ុន្តែលោកចង់បញ្ចេញស្នាដៃទាំងនោះដើម្បីផ្ដល់ឱកាសឲ្យអ្នកមានសមត្ថភាពបានសម្ដែង បានក្លាយជាតារាចម្រៀង និងបានក្លាយជាផលិតករទៅវិញ ដោយលោកយល់ថាបើធ្វើដើម្បីតែចំណេញនោះអ្នកអត់ឱកាសគឺពិតជានៅតែអត់ឱកាស។
លោក អេថេន ជានិច្ច បន្តថាលោកគឺជាអណិកជនខ្មែររស់នៅប្រទេសអូស្រ្តាលី ហើយលោកបង្កើតអង្គការ«ខ្ញុំខ្មែរ»ក៏ដើម្បីជួយដល់កូនខ្មែរនោះដែរ អ៉ីចឹងហើយទើបលោករមែងដឹកនាំតារាចម្រៀងពីប្រទេសកម្ពុជាទៅច្រៀងនៅក្នុងប្រទេសអូស្រ្តាលី និងប្រទេសផ្សេងទៀតដោយបានទាំងបង្កើតផលិតកម្មចម្រៀង និងផលិតចម្រៀង ដោយតារារបស់គឺសុទ្ធសឹងតែជាតារាក្មេងៗ និងជាតារាថ្មី តែជាតារាដែលមានសមត្ថភាព ក្រោយពីលោកបោះទុនហើយផ្ដល់ឱកាសឲ្យ។
យ៉ាងណាមិញ លោកអះអាងថាផលិតរបស់លោកក៏នឹងឈប់បញ្ចេញកញ្ចប់ចំណាយនោះទេ ប្រសិនបើតារាទាំងអស់ និងផលិតករទាំងអស់ មិនប្រឹងពង្រឹងសមត្ថភាព ហើយធ្វើឲ្យផលិតកម្មរបស់លោកកាត់បន្ថយការខាតបង់នៅសល់តិច ឬឲ្យចំណេញឡើងវិញ៕
https://youtu.be/5F9az7CNSus
មតិយោបល់