ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗសាន់ដេ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ធំ២នៅកូរ៉េ

តាំងពីព្រឹកថ្ងៃ៣ ខែសីហានេះម្ល៉េះ ដែលតារាល្បីៗរបស់ផលិតកម្មសាន់រួមមាន កញ្ញា សុខ ពិសី នាយចឺម លោកជ័យ សុវ៉ាត លោកខាន់ជេមស៍ និងកញ្ញាវិរ:និច្ច ជាដើមបានទៅដល់ទឹកដីប្រទេសកូរ៉េខាងត្បូង ដើម្បីបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ធំ២ប្រចាំឆ្នាំ ដែលគ្រោងនៅធ្វើជាប់គ្នា នៅថ្ងៃសៅរ៍ទី៤ សីហាជាការប្រគុំតន្ត្រីសប្បុរសធម៌ទ្រង់ទ្រាយធំនៅទីក្រុងក្វាងជូធំ និងថ្ងៃអាទិត្យទី៥ សីហា ប្រគំតន្ត្រីសប្បុរសធម៌ទ្រង់ទ្រាយធំនៅទីក្រុងអាន់សាន់ ដោយនេះគឺជាកម្មវិធីសប្បុរសធម៌ប្រចាំឆ្នាំលើកទី២នៅក្នុងប្រទេសកូរ៉េខាងត្បូង។ តារាប្រចាំផលិតកម្មសាន់ដេច្រើនរូបត្រូវបានបង្ហាញខ្លួន ខណ:ដែលតារា៣រូប ត្រូវបានគេមើលឃើញថានឹងទាក់ទាញការគាំទ្របានខ្លាំងជាងគេ ព្រោះតែសន្ទុះក្នុងស្រុកកើនខ្លាំង។

កញ្ញា សុខ ពិសី គឺជាតារាស្រីប្រចាំផលិតកម្មសាន់ដេតែម្នាក់គត់ នឹងទទួលបានការគាំទ្រខ្លាំងក្លាជាងគេ ដោយសារតែនាងក្រៅពីមានកេរ្តិ៍ឈ្មោះបោះសំឡេង ក៏មានបទចម្រៀងផ្ទុះៗត្រូវចិត្តយុវវ័យ ហើយបើនិយាយពីសម្រស់ និងភាពរួសរាយរាក់ទាក់ គឺនាងក្ដោបក្ដាប់អ្នកគាំទ្របានខ្លាំងមិនធម្មតា ជាពិសេសក្នុងចំណោមបងប្អូនជាពលករកូរ៉េ។ នាងប្រកាសត្រៀមខ្លួនកន្ទ្រាក់យកបេះដូងរបស់ខ្មែរបម្រើនៅក្នុងប្រទេសកូរ៉េឲ្យច្រើនលើសពីការបង្ហាញខ្លួនឆ្នាំមុនទៅទៀត ស្របពេលដែលនាងក៏ជាតារាដែលអ្នករៀបចំកម្មវិធីសម្រេចចិត្តអញ្ជើញ២ដងព្រោះតែអ្នកទស្សនាសំណួមពរ។

តារាចម្រៀងវ័យក្មេង នាយចឺម ក៏ជាតារាសាន់ដេមួយរូប ដែលខាងអ្នករៀបចំកម្មវិធីអញ្ជើញ២ដងដូចគ្នានឹងសុខ ពិសី ផងដែរ ដោយសារតែវត្តមានរបស់លោកអញ្ជើញទៅកូរ៉េកាលពីឆ្នាំមុន ទទួលបានការគាំទ្រខ្លាំងក្លា និងមានសំណូមពរយ៉ាងពិសេស។ ជាមួយនឹងការបង្ហាញខ្លួនលើកនេះ លោកត្រូវគេមើលឃើញថានឹងមានសន្ទុះគាំទ្រខ្លាំងជាងមុនទៅទៀត ដោយសារតែលោកបានក្លាយជាតារាល្បីមួយរូបនៅក្នុងស្រុក ហើយបើនិយាយពីបទចម្រៀងរបស់លោកនៅលើយូធូបនាពេលចុងក្រោយ ក៏សំបូរបទផ្ទុះល្អៗ។ លោកត្រូវបានគេអះអាងថាមានការពេញនិយមទាំងកំប្លែង និងទឹកដមសំលេង ទើបការបង្ហាញខ្លួនលើកនេះ អាចប្រមូលបានហ្វេនក្រៅស្រុកមិនចាញ់ក្នុងស្រុកឡើយ។

ជ័យ សុវ៉ាត ដ្បិតថាទើបបោះជំហានចូលសាន់ដេ ប៉ុន្តែតារាចម្រៀងវ័យក្មេងរូបនេះ ក៏ស្រូបបានសន្ទុះគាំទ្រមិនណយនោះដែរ ជាពិសេសបទប្រភេទមនោសញ្ចេតនា។ លោកត្រូវបានគេស្គាល់ខ្លាំងតាំងពីចប់ការប្រកួតក្នុងកម្មវិធីផ្កាយរះក្នុងសួនជំនាន់ទី១ និងកាន់តែល្បីថែមទៀត ក្រោយពេលមានឱកាសមានបទចម្រៀងផ្ទាល់ខ្លួនជាមួយសាន់ដេ។

លោកត្រូវគេមើលឃើញថានឹងកន្ទ្រាក់បានគាំទ្រមិនណយដូចគ្នា ដោយសារតែអ្នករៀបចំបានអះអាងថាមានតម្រូវការពីពលករកូរ៉េភាគច្រើន ទើបធ្វើឲ្យជ័យ សុវ៉ាត មានមុខក្នុងការប្រគំតន្ត្រីលើកនេះ។ យ៉ាងណាមិញ តារាដែលមានវត្តមានផ្សេងទៀត ក៏សុទ្ធតែត្រៀមកម្លាំងប្រមូលយកគាំទ្រមិនអន់ផងដែរ ជាពិសេសលោកខាន់ជេមស៍ និងកញ្ញា វិរ:និច្ច ក្នុងពេលដែលអ្នកទាំងពីរក៏មានហ្វេនស្រាប់ ហើយមានបទចម្រៀងផ្ទុះច្រើននាពេលចុងក្រោយ៕

មតិយោបល់