ព័ត៌មានសិល្បៈ និងកម្សាន្ត

ទូច ស្រីល័ក្ខ អតីតស្វាមីទម្លាយរឿងមិនគោរពដីកាតុលាការ បង្ខាំងឪពុកកូនមិនឱ្យជួបគ្នា

(ភ្នំពេញ)៖ បន្ទាប់ពីមានរឿងរ៉ាវលែងលះគ្នារំលងទៅជិត៣ឆ្នាំ ថ្មីៗនេះតារាចម្រៀង និងសម្តែងអ្នកនាង ទូច ស្រីល័ក្ខ ត្រូវបានអតីតស្វាមីទម្លាយរឿង ព្យាយាមឃាំងឪពុកកូនមិនឱ្យជួបគ្នា ផ្ទុយពីដីការបស់តុលាការដែលសម្រេចឱ្យឪពុកមានសិទ្ធជួបកូនរៀងរាល់ចុងសប្តាហ៍ ឬតាមការស្នើសុំ ។

បទសម្ភាសន៍ជាមួយព័ត៌មានក្នុងស្រុក អតីតស្វាមីអ្នកនាង ទូច ស្រីលក្ខណ៍ បាននិយាយថា លោកហាក់មិនសប្បាយចិត្តជាមួយនឹងអតីតភរិយា ដោយនាងបានរារាំងមិនឲ្យជួបកូនប្រុស ដែលវាផ្ទុយទៅនឹងអំណាចសាលក្រមរបស់តុលាការ ដែលអនុញ្ញាតឱ្យលោកជាឪពុកអាចជួបកូននៅរៀងរាល់ចុងសប្ដាហ៍ ឬតាមការស្នើសុំ ។ ប៉ុន្តែរយៈពេលជាង២ឆ្នាំមកហើយ ដែលអតីតភរិយាអ្នកនាង ទូច ស្រីល័ក្ខ តែងតែព្យាយាមបិទបាំងលោក និងកូនប្រុសមិនឱ្យបានជួបមុខគ្នាដោយផ្ទាល់ ។
បុរសជនជាតិហូឡង់រូបនេះបន្តអះអាងថា កុមារគ្រប់រូបគឺត្រូវការក្ដីស្រលាញ់ ត្រូវការការជ្រោមជ្រែងពីឪពុកម្ដាយ ហើយបើទោះជាពួកយើងទាំងពីរបានបែកបាក់គ្នាក៏ដោយ តែខ្ញុំក៏មានសិទ្ធជាឪពុក មានសិទ្ធជាអាណាព្យាបាលមួយរូបដែលមិនគួររារាំងខ្ញុំ និងកូនប្រុសរបស់ខ្ញុំមិនមានឱកាសបង្កើតទំនាក់ទំនងជាមួយគ្នាមកទល់នឹងពេលនេះនោះឡើយ ។ លោកថា នេះជាទង្វើដ៏អាក្រក់មួយដែលបានធ្វើឲ្យលោកមានបញ្ហាផ្លូវចិត្ត និងប៉ះពាល់ដល់ផ្លូវចិត្តកូនប្រុស ដែលអាចគិតថាលោកជាឪពុកមិនល្អ គ្មានទំនួលខុសត្រូវ ហើយមិនចង់ជួបមុខកូន ។

លោកសង្កត់ធ្ងន់ទៀតថា អ្វីដែលលោកស្រង៉ាកចិត្តជាងនេះទៀតនោះ គឺនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ ទូច ស្រីល័ក្ខ តែងតែនិយាយថា លោកមិនដែលខ្វល់ខ្វាយពីកូនប្រុស ទាំងដែលការពិតតារាស្រីរូបនេះដឹងច្បាស់ថា លោកតែងតែចង់ជួបមុខកូន ហើយតែងតែស្នើសុំនាងជាបន្តបន្ទាប់ដើម្បីបានជួបមុខកូន តែនាងតែងតែរារាំ ។ រយៈពេលជាង២ឆ្នាំមកហើយដែលខ្លួនបានព្យាយាមជួបមុខកូន ដើម្បីបង្ហាញក្ដីស្រលាញ់រវាងឪពុកនឹងកូន ប៉ុន្តែ៩៩%នៃពេលវេលាគឺនាងមិនដែលផ្ដល់ឱ្យលោក និងកូនប្រុសឡើយ ។ លោកថា អតីតភរិយាគឺអ្នកនាង ទូច ស្រីល័ក្ខ ក៏មិនដែលឆ្លើយតបនូវសារណាមួយរបស់លោកដែលស្នើសុំជាមុនគ្រប់ពេលទៅជួបមុខកូននោះដែរ ។

អតីតស្វាមីអ្នកនាង ទូច ស្រីល័ក្ខ រូបនេះក៏បញ្ជាក់ថា លោកមកនេះមិនមែនដើម្បីបង្កបញ្ហានោះទេ ប៉ុន្តែគ្រាន់តែចង់ឱ្យប្រជាជនទូទាំងប្រទេសបានដឹងពីស្ថានភាពរបស់លោកក្នុងនាមជាឪពុកនៅពេលនេះ និងជួយធ្វើយ៉ាងណាឱ្យអតីតភរិយារបស់លោកផ្ដល់ឱកាសឱ្យកូនប្រុសរបស់លោក និងលោកមានទំនាក់ទំនងនឹងគ្នាជាធម្មតា ។ យ៉ាងណាបើទោះជាមានការដាក់បន្ទុក និងប្រកាសចោទប្រកាន់ជាធារណៈយ៉ាងណាក្ដី ក៏អ្នកនាង ទូច ស្រីល័ក្ខ នៅមិនមានការឆ្លើយតប ឬប្រតិកម្មអ្វីឡើយ។

គួរបញ្ជាក់ថា ចំណងស្នេហ៍របស់តារាចម្រៀងឯករាជ្យអ្នកនាង ទូច ស្រីល័ក្ខ អតីតស្វាមីជនជាតិហូឡង់ បានដើរដល់ផ្លូវទាល់ និងបានចែកផ្លូវគ្នាបន្ទាប់ពីរួមរស់ជាមួយគ្នាជាង៨ឆ្នាំ និងបន្សល់បានកូនប្រុសម្នាក់ បច្ចប្បន្នមានអាយុ៦ឆ្នាំ ហើយ ទូច ស្រីល័ក្ខ និងអតីតស្វាមីក៏ទើបតែស្ងាត់ពីបណ្ដឹងទាមទារកូនមកចិញ្ចឹមបីបាច់រៀងៗខ្លួនផងដែរ ។

មតិយោបល់