នៅក្នុងមជ្ឈដ្ឋានអ្នកសិល្បៈមិនសូវមានច្រើនប៉ុន្មានទេ ដែលបានស្គាល់ពីកេរ្តិ៍ឈ្មោះ និងឥទ្ធិពលរបស់ផលិតកម្មC2Go ដោយសារតែផលិតកម្មមួយនេះ មិនបានបើកប្រកាសជាចំហរនៅឡើយ។ ប៉ុន្តែម្នាក់ៗភ្ញាក់ផ្អើល នៅពេលដែលផលិតកររបស់ផលិតកម្មមួយនេះ បានអះអាងថាខ្លួនមានបទចម្រៀងចំនួនប្រមាណជា៣វ៉ុលហើយ និងមានភាពយន្តសម្រាប់ដាក់បញ្ចាំងក្នុងរោងដល់ទៅ២រឿងរួចហើយដែលបានថតចប់។
ផលិតករដដែលបានទាំំងអះអាងថានឹងសម្ងំផលិតស្នាដៃឲ្យបានច្រើនសិន ទើបបញ្ចេញបទចម្រៀងរបស់ខ្លួន បញ្ចេញតារាចម្រៀងរបស់ខ្លួន និងបញ្ចេញខ្សែភាពយន្តរបស់ខ្លួនបំបុកទីផ្សារ។
ព្រះតេជគុណ នុន ណារ៉ុង គង់នៅវត្តឧណ្ណាលោម ដែលបានសហការនិពន្ធប៉ារ៉ូលចម្រៀងទម្រង់អប់រំៗ និងនិពន្ធភាពយន្តប្រភេទអប់រំប្រចាំនៅក្នុងផលិតកម្មនេះបានអះអាងថា ផលិតកម្មC2Go ដែលជាផលិតកម្មរបស់លោកជានិច្ច ជាម្ចាស់អង្គការ«ខ្ញុំខ្មែរ»ដែលមានមូលដ្ឋាននៅប្រទេសអូស្រ្តាលី បានបើកដំណើរការមួយរយៈខ្លីប៉ុណ្ណោះ ប៉ុន្តែគឺមានសមិទ្ធផលក្នុងដៃតែម្ដង ដោយទើបតែបានបញ្ចប់ការផលិតភាពយន្តចំនួន២រឿង ត្រៀមដាក់បញ្ចាំងរោង និងបានផលិតបទចម្រៀងOriginal Song ប្រមាណជា៦០បទ ដោយបទចំនួន៣០ជាងត្រូវបានថតច្រៀងរួចហើយ តែមិនទាន់បង្ហោះទូលំទូលាយ។
ព្រះតេជគុណមានថេរៈដីកាថា ធៀបនឹងផលិតកម្មបើកថ្មីភាគច្រើន ព្រះអង្គយល់ថាផលិតកម្មមួយនេះមានទម្រង់ខុសប្លែកពីគេដោយសារតែមិនទាន់មានការបើកសម្ពោធ ឬបើកប្រកាសពីក្រុមហ៊ុននៅឡើយផង ប៉ុន្តែសម្រុកចេញបទចម្រៀង និងចេញថតរឿងតែម្ដង ដោយព្រះអង្គក៏មានការពេញព្រះទ័យ ដោយសារតែម្ចាស់ផលិតកម្មដែលជាបងធម៌បានផ្ដល់ឱកាសឲ្យព្រះអង្គបានរួមចំណែកផលិតគំនិតដែលបានចេះដឹងមួយចំនួននៅក្នុងបទចម្រៀង និងក្នុងសាច់រឿង ដើម្បីដាក់បញ្ចូលក្នុងស្នាដៃសិល្បៈ។
ព្រះអង្គបន្តថា ទ្រង់ស្នាដៃពាក់ព័ន្ធនឹងព្រះគុណម៉ែ និងស្នាដៃដែលមានទម្រង់អប់រំៗច្រើនគួរសម ដើម្បីអោយផលិតកម្មមួយនេះបានដាក់បញ្ចូលនៅក្នុងភាពយន្ត និងបទចម្រៀង ដើម្បីជាប្រយោជន៍ដល់អ្នកទស្សនា។
លោក Aten ជានិច្ច ម្ចាស់ផលិតកម្មC2Go បានអះអាងថា លោកអត់ទាន់ប្រកាសបើកដំណើរការផលិតកម្មនៅក្នុងកាលៈទេសៈនេះទេ ដរាបណាផលិតកម្មរបស់លោកមិនទាន់មានស្នាដៃទាំងការផលិតរឿង និងផលិតបទចម្រៀងឲ្យពេញលក្ខណៈដើម្បីធ្វើការដាក់បង្ហាញ។
លោកថាលោកចង់សម្ងំផលិតបទមិនចម្លងឲ្យបានច្រើនវ៉ុលសិន ហើយក្នុងពេលដែលប្រកាសឲ្យដឹងពីផលិតកម្មគឺនឹងបញ្ចេញបទចម្រៀងល្អៗ ដើម្បីឲ្យមានការប្រកួតប្រជែងតែម្ដង។
ក្នុងនោះលោកក៏ប្រកាសនឹងយកតារាចម្រៀងរបស់លោកឲ្យបានចេញទៅច្រៀងនៅក្រៅប្រទេសដូចជានៅប្រទេសថៃ កូរ៉េ និងប្រទេសអូស្រ្តាលីជាដើម ឲ្យបានម្ដង២ដងសិន ដើម្បីឲ្យថ្ងៃប្រកាសឲ្យដឹងពីផលិតគឺគេឃើញពីសមិទ្ធផលរបស់តួសម្ដែង និងតារាសម្ដែង។
ជាក់ស្ដែងលោកបានសម្ងំផលិតបាន២រឿងហើយគឺរឿង«ខ្មោចស៊ីឈ្នួល»ដែលត្រៀមដាក់បញ្ចាំងនៅដើមខែមករាខាងមុខ និងរឿង«កំពូលចុងភៅពិសេស»ដែលទើបតែថតបញ្ចប់កាលពីចុងខែតុលាថ្មីៗ។
សម្រាប់បទចម្រៀងលោកថាគឺអត់មានគោលការណ៍ធ្វើបទបកប្រែនោះទេ គឺនឹងនិពន្ធថ្មីទាំងអស់ តែនឹងមានការច្រៀងឡើងវិញនូវបទប្រភេទចាស់ដើម្បីរំលឹកពីមរតកខ្មែរ ចំណែកបទចម្លងបរទេសគឺលោកអត់ធ្វើនោះទេ បើទោះជាអាចកាត់បន្ថយការចំណាយបានខ្ពស់។ លោកថារាល់ថ្ងៃផលិតកម្មC2Go ផលិតភាពយន្តខ្នាតធំបាន២រឿង និងផលិតបទចម្រៀងបានប្រមាណជាង៣វ៉ុលហើយ ដោយសមិទ្ធិផលទាំងនេះ គឺមានការទទួលស្គាល់តែម្ដងនៅពេលដាក់បំបុកគ្នានៅលើទីផ្សារ។
លោកថានៅក្នុងផលិតកម្មមានតារាចម្រៀងកុងត្រាសរុបចំនួន១២រូប ហើយលោកគម្រោងឲ្យច្រៀងឲ្យបានម្នាក់៤បទសិន ដើម្បីឲ្យក្រោយការប្រកាសបង្ហាញផលិតកម្មគឺនឹងមានបទចម្រៀងគ្រប់តារាចម្រៀងចេញបង្ហោះតែម្ដង គឺមិនមែនប្រកាសផលិតកម្មហើយក៏រកសមិទ្ធិផលបង្អួតទីផ្សារមិនបាននោះទេ។
លោកសម្អាងលើអង្គការខ្ញុំខ្មែររបស់ខ្លួនដែលមានលទ្ធភាពនាំតារាចម្រៀងទៅច្រៀងក្រៅប្រទេសញឹកញាប់ដោយមិនលំបាកនោះផង ទើបលោកយល់ថាមិនពិបាកពង្រីកទីផ្សារតារាចម្រៀង និងភាពយន្តចូលទីផ្សារខាងក្រៅ៕
មតិយោបល់