បើក្រឡេកទៅមើលអតីតកាលក្នុងពេលតារាចម្រៀងម៉ៅ ស៊ីណាត ស្ថិតនៅជាភរិយារបស់លោក មេធាវីលំដាប់ប្រទេស កា សាវុធ តារាចម្រៀងរូបនេះ មិនខុសពីសេដ្ឋនីនេះនោះទេ ដោយសារតែក្នុងពេលនោះ អ្នកនាងត្រូវគេឃើញសើយសុខតែក្នុងវីឡាស្កឹមស្គៃ កម្របង្ហាញមុខច្រៀងរាំក្នុងកម្មវិធីសមញ្ញៗ ហើយមិនខ្វល់ពីរឿងលុយកាក់ពីសិល្បៈកាកល្អិតនោះដែរ។ ប៉ុន្តែក្រោយស្វាមីទទួលមរណភាព ហើយអ្នកនាងក៏បានកសាងជីវិតថ្មីជាមួយស្វាមីក្រោយ និងក្លាយជាម្ដាយក្មេងស្រីម្នាក់បន្ថែមទៀត គេកត់សម្គាល់ថាអ្នកនាងតស៊ូខុសពីមុនឆ្ងាយណាស់។
ស្ទើរមិនសូវលោះពេលនោះទេ ដែលតារាស្រីរូបនេះ បង្ហាញមុខក្នុងកម្មវិធីច្រៀងការ ដែលទទួលបានកម្រៃមិនច្រើន បន្ថែមពីលើការងារបើកហាងសាឡន ដែលអ្នកនាងបានដើរតួជាមេការហាងផង និងជាមេជាងផង។ អ្នកនាងក៏ឧស្សាហ៍Live ហ្វេសប៊ុកលក់ផលិតផលផ្សេងៗប្រចាំហាង ដោយមិនខ្វល់ពីការពេបជ្រាយពីការប្រែប្រួលលើផ្នែកជីវភាពកាលពីអតីតកាលនោះដែរ ក្នុងពេលដែលអ្នកនាងប្រកាសថាដើម្បីកូនស្រី និងដើម្បីកុំអោយចាស់ទៅត្រូវរ៉ៃអង្គាសថវិកាពីសប្បុរសជន គឺអ្នកនាងត្រូវតែខំ។ អ្នកនាងម៉ៅ ស៊ីណាត បានអះអាងថា ជីវិតរាល់ថ្ងៃមិនធ្វើអោយអ្នកនាងស្គាល់ពាក្យថាអត់នោះទេ ប៉ុន្តែបណ្ដាលមកពីអ្នកនាងមិនអាចបង្ខំចិត្តចាយលុយចាស់ ហើយមិនប្រឹងរកបន្ថែម ទើបត្រូវតែប្រឹងរកលុយ សូម្បីតែការងារនោះទទួលបានកម្រៃត្រឹមតែបន្តិចបន្តួចក៏អ្នកនាងចេញទទួល។
អ្នកនាងនិយាយថាបើក្នុងពេលមុន អ្នកនាងស្រវាស្រទេញលើការងារដូចសព្វថ្ងៃនេះ មិនដឹងថានាងនឹងទទួលបានប្រាក់ចំណូលកើនឡើងប៉ុណ្ណានោះទេ ប៉ុន្តែបណ្ដាលមកពីពេលនៅមានស្វាមីលោក កា សាវុធ អ្នកនាងមិនដែលខ្វល់ពីរឿងលុយកាក់ ទើបពេលអត់ពីប្ដីក៏មិនអាចលក់កេរ្តិ៍សល់ពីប្ដីចាយ ហើយត្រូវតែខំរកលុយ និងប្រឹងសន្សំកាកល្អិត។
ជាមួយនឹងការងារបើកហាងសាឡនផង មើលខុសត្រូវកូនផង និងទទួលច្រៀងក្នុងអកកេសតាមការខុសពីពេលមុនផង អ្នកនាងក៏ប្រកាសស្វែងរកកន្លែងច្រៀងតាមហាង ដោយមិនខ្វល់ពីការនឿយហត់ផងដែរ ដើម្បីបង្កើនចំណូលសម្រាប់គ្រួសារ។
អ្នកនាងថាស្វាមីក្រោយរបស់ខ្លួន គ្រាន់តែជាមន្ត្រីទាហាន ហើយទទួលប្រាក់ខែរដ្ឋ ដូច្នេះមិនអាចរង់ចាំប្រាក់ខែរបស់ស្វាមីបានទេ ទើបអ្វីដែលអ្នកនាងត្រូវខំគឺត្រូវតែធ្វើ ដើម្បីកុំអោយអផ្សុកនៅពេលទំនេរផង។ អ្នកនាងក៏ថ្ងូរពីការខកចិត្តចំពោះកូនបំណុលចងការប្រាក់មួយចំនួន ដែលក្រោយពេលអ្នកនាងធ្លាក់ខ្លួន ស្រាប់តែឈប់សងលុយ និងស្ទើរតែឈប់ទំនាក់ទំនងជាមួយអ្នកនាងនោះផងដែរ អ៉ីចឹងហើយទើបអ្នកនាងស្មុគចិត្តនៅពេលលុយកាក់ដែលអ្នកខ្ចីទៅ មិនថាទទួលបានការប្រាក់ និងមិនទទួលស្រាប់តែបាត់ស្ងាត់ឈឹង ក្នុងពេលអ្នកនាងក៏ត្រូវលុយនៅក្នុងពេលនេះ។
អ្នកនាងត្រូវគេឃើញចេញច្រៀងទាំងឈឺទាំងជា ខណៈដែលតារាស្រីរូបនេះបានត្អូញត្អែរថាបើកុំតែដើម្បីកូន ប្រហែលជាអ្នកនាងមិនខំដល់ម្លឹងឡើយ ដោយសារតែទ្រព្យបន្សល់ពីស្វាមីមុនក៏អាចរស់បានដោយស្រួល៕
មតិយោបល់