ខុសពីការលើកឡើងដែលថា តារាចម្រៀងអ្នកនាង ខាត់ សុឃីម ជាផ្ការីកគ្រប់រដូវ ដែលនៅតែល្បី និងមានការគាំទ្រខ្លាំងក្នុងស្រទាប់មុខមហាជន អ្នកនាងបែរជាបង្ហាញពីការអស់សង្ឃឹម ក្នុងអំឡុងបុណ្យអុំទូកនេះ គួរអោយកត់សម្គាល់។ អ្នកនាងបានទាំងលើកឡើងថា បរិបទនាពេលចុងក្រោយ ហាក់ធ្វើអោយអ្នកនាងដើររុលទៅមុខផង។
អ្នកនាងខាត់ សុឃីម បានបញ្ជាក់ក្រោយបញ្ចប់ការសម្ដែងថ្ងៃទី២ ក្នុងថ្ងៃអុំទូកថា សិល្បៈបុរាណស្ទើរតែគ្មានការគាំទ្រតែម្ដង ក្នុងពេលដែលអ្នកនាង និងសិល្បៈបុរាណផ្សេងទៀតចេញសម្ដែង ដោយសារតែពេលបង្ហាញខ្លួនលើឆាក គឺស្ងាត់ គ្មានការទះដៃ ដូចបទចម្រៀងបែកស្លុយ។ ក្រោយបញ្ចប់ការសម្ដែងថ្ងៃបុណ្យអុំទូកក្នុងយប់ទី១ អ្នកនាងក៏បានលើកឡើងបែបនេះដូចគ្នា ដោយអ្នកនាងបានអះអាងថា បើសន្ទុះគាំទ្ររបស់សិល្បៈបុរាណ ជាពិសេសគឺចេះច្រៀងបែបបុរាណស្ងប់ស្ងាត់បែបនេះ គឺមិនខុសពីអស់សង្ឃឹមព្រោះគ្មានអ្នកជួលនោះទេ។ ក្នុងជំនួបដោយផ្ទាល់ អ្នកនាងក៏បានប្រកាសថា តារាចម្រៀងយុវវ័យ និងក្រុមចម្រៀងបែកស្លុយ កំពុងរុញអោយអ្នកចម្រៀងបុរាណ និងអ្នកមិនអាចច្រៀងបទបែកស្លុយច្រើនឡើងអោយបាត់ទីផ្សារ។
សន្ទុះបែបនេះ ក៏នឹងធ្វើអោយបាត់បង់អត្តសញ្ញាណមួយដែលជាសិល្បៈរបស់ខ្មែរនោះដែរ ជាពិសេសក្នុងឱកាសបុណ្យអុំទូក ដែលស្ទើរតែគ្រប់វេទិកា បែរជាមានសំលេងហ៑ោកញ្ជ្រៀវកងរំពង នៅពេលក្រុមតារាចម្រៀងសម័យៗ និងបែកស្លុយបង្ហាញខ្លួន។ អ្នកនាងខាត់ សុឃីមថា បើស្ថានគាំទ្រ ដូចអ្វីដែលអ្នកនាងបានឃើញនៅក្នុងពេលនេះ គឺមានន័យថា អ្នកនាងដែលជាតារាចម្រៀងបែបបុរាណមួយរូប ពិតជាផ្កាប់ឆ្នាំងហើយ ជាពិសេសប្រសិនបើក្រុមអ្នករៀបចំការប្រគំតន្ត្រីសម្រាប់បុណ្យអុំទូកឆ្នាំក្រោយៗ សំឡឹងមើលតែការគាទ្ររបស់អ្នកទស្សនា ហើយប្រជែងគ្នាជួលតែក្រុមតារាចម្រៀងសម័យៗ ដោយមិនជួយរំលេចអ្នកបុរាណ អោយបានចេញមុខ៕










មតិយោបល់