កូរ៉េៈ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយថា វាពិតជាសំខាន់ណាស់ ក្នុងការឲ្យមានកិច្ចសហប្រតិបត្តិការ រវាងកូរ៉េខាងត្បូង អាមេរិក និងជប៉ុន ប៉ុន្តែលោកមិនជឿទាល់តែសោះថា ក្រុងតូក្យូតម្រូវការផ្នែកយោធា ដ៏ខ្លាំងក្លាមួយ ដើម្បីជួយដោះស្រាយភាពតានតឹង នៅលើឧបទ្វីបកូរ៉េនោះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃ០៤ ខែវិច្ឆកា ឆ្នាំ២០១៧។
នៅក្នុងបទសម្ភាសន៍មួយ ជាមួយភ្នាក់ងារ Channel News Asia នៅឯវិមានប្រធានាធិបតី លោក មូន បាននិយាយថា «សម្រាប់ចំណាត់ការឆ្លើយតបរបស់កូរ៉េខាងត្បូង នៅក្នុងការបង្កហេតុអាវុធនុយក្លេអ៊ែរ និងមីស៊ីលណាមួយ ពីសំណាក់កូរ៉េខាងជើង ក្រៅពីកិច្ចសហប្រតិបត្តិការដ៏សំខាន់ ជាមួយអាមេរិក លោកក៏បានធ្វើវាជាមួយរដ្ឋាភិបាលជប៉ុនផងដែរ។
ទោះជាយ៉ាងណាលោកក៏បានបញ្ជាក់ទៀតថា ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការត្រីភាគីរវាងប្រទេសទាំងបី ដើម្បីប្រឆាំងនឹងសកម្មភាពបង្កហេតុរបស់កូរ៉េខាងជើងនោះ គឺមិនមានបំណងដើម្បីបង្កើនសម្ព័ន្ធមិត្តយោធានោះទេ។
ប៉ុន្តែលោកបានបន្ថែមថា ការមានកងទ័ពរឹងមាំនៅក្នុងប្រទេសជប៉ុន គឺជាយុទ្ធសាស្រ្តសំខាន់មួយ ក្នុងអំឡុងយុទ្ធនាការឃោសនាបោះឆ្នោត របស់នាយករដ្ឋមន្ត្រីលោក ស៊ីនហ្សូ អាបេ ដែលលទ្ធផលជ័យជម្នះ ចំពោះការបោះឆ្នោតរបស់លោក បានបង្ហាញពីការគាំទ្ររបស់ប្រជាជនជប៉ុន លើផ្នែកយោធាកាន់តែខ្លាំងក្លាជាងមុន រួមជាមួយគោលនយោបាយដ៏រឹងមាំ ប្រឆាំងនឹងកូរ៉េខាងជើង។
ពាក់ព័ន្ធនឹងបញ្ហានេះ បានធ្វើឲ្យប្រទេសកូរ៉េខាងត្បូង មានការព្រួយបារម្ភអំពីជប៉ុន ដែលមានកម្លាំងយោធាខ្លួនខ្លាំងក្លាជាងមុន ខណៈដែលពលរដ្ឋខ្លួនជាច្រើន ជាពិសេសជនចាស់ជរា នៅតែមានមនោសញ្ចេតនាអវិជ្ជមាន ចំពោះជប៉ុន ដោយសារតែការគ្រប់គ្រងអាណានិគមអាក្រក់របស់ប្រទេសនេះ មកលើប្រទេសកូរ៉េនៅក្នុងពាក់កណ្តាលដំបូងនៃសតវត្សទីម្ភៃ៕


មតិយោបល់