ព័ត៌មានសិល្បៈ និងកម្សាន្ត

ហេង ស៊ីមន ក្រោយរបួស៥ថ្នេរ សមាជិកសំខាន់ស្លាប់ទៀត!

ថ្វីតែមានឱកាសទទួលបានរឿងសម្ដែងផ្ទួនៗនាពេលចុងក្រោយ ប៉ុន្តែតារាសម្ដែង និងជាផលិតករផង លោកហេង ស៊ីមន ហាក់មិនសូវមានយីអ៊ុននោះទេ ដោយសារតែលោកទើបតែមានរបួសមុតដែករហែកសាច់ត្រូវដេរអស់៥ថ្នេរសោះ ស្រាប់តែមានដំណឹងជីតាបង្កើតទទួលមរណភាពទៀតក្នុងពេលទន្ទឹមគ្នា។ អ៉ីចឹងហើយទើបលោកត្រូវគេឃើញរែកទុក្ខស្របពេលគ្នា ខណៈដែលជីវិតប្ដីប្រពន្ធរបស់លោកក៏ត្រូវបែកគ្នាអស់ច្រើនឆ្នាំផង។

លោកហេង ស៊ីមន បានសារភាពថាពីរបីថ្ងៃចុងក្រោយនេះ លោកពិតជាយីអ៊ុនដាក់ដោយសារតែលោកភ្លាត់ស្នៀតបណ្ដាលឲ្យមុតកៅអីដែករហែកស្នងជើងដេរឡើងអស់៥ថ្នេរ រហូតផ្អាកការងារមួយចំនួន ស្រាប់តែជំពប់រឿងជីតាជាទីស្រឡាញ់ទទួលមរណភាពកាលពីព្រឹកថ្ងៃទី៧ វិច្ឆិកា ទៅទៀត។

លោកថាកាលពេលរបួសជើងលោកគិតថាខ្លួននឹងជួបគ្រោះតូចចម្លងគ្រោះធំហើយ ប៉ុន្តែចុងក្រោយស្រាប់តែមកជួបគ្រោះធំនៅក្នុងគ្រួសារមួយថែមទៀត ដែលនេះជាអ្វីដែលលោកពិបាកទទួលយក។ ជីតារបស់លោកគឺមានឈ្មោះថា ឌី សួន ដោយលោកបានទទួលមរណភាពក្នុងវ័យ៩៣ឆ្នាំ និងកំពុងតម្កល់ធ្វើបុណ្យនៅភូមិព្រែកដួង ឃុំកំពង់ស្វាយ ស្រុកគៀនស្វាយ ខេត្តកណ្ដាល។
យ៉ាងណាមិញ លោកថាមិនហ៊ានរំខាន់មិត្តភក្តិនៅក្នុងសិល្បៈក្នុងពិធីបុណ្យនេះទេ បើទោះជាមរណភាពរបស់ជីតាបង្កើតលោកគឺជាមនុស្សសំខាន់នៅក្នុងគ្រួសារដែលលោកត្រូវតែអញ្ជើញអ្នកសិល្បៈដូចគ្នាឲ្យចូលរួម។

លោកថាបានត្រឹមទទួលបានការរំលែកទុក្ខពីមិត្តជាតារាសិល្បៈក៏សប្បាយចិត្តដែរ ហើយលោកកាន់តែសប្បាយចិត្តថែមទៀតនៅពេលឃើញមិត្តភក្តិក្នុងសិល្បៈខ្លះ បានស្វះស្វែងជួយលោកក្នុងពេលដែលលោកមានទុក្ខ។

លោកនិយាយថានេះជាទុក្ខជាន់ទុក្ខ ក្នុងពេលដែលលោកទើបតែមានរបួសដេរមិនទាន់បានស្រួលផង ស្រាប់តែត្រូវទទួលសម្ពាធបាត់បង់ជីតាជាទីស្រឡាញ់មួយបន្ថែមទៀត ដែលពិតជាធ្វើឲ្យលោកធ្វើចិត្តមិនទាន់បាន។

មកទល់ពេលនេះ គេនៅតែឃើញ លោក ហេង ស៊ីមន សកម្មក្នុងការថតរឿង និងទទួលការងារសិល្បៈជាហូរហែរ ដោយសារតែលោកត្រូវមានបន្ទុកមើកថែកូនប្រុសដែលជាដំណក់ឈាមអាពាហ៍ពិពាហ៍ក្រោយលះលែងគ្នា។ លោកថាមិនហ៊ានសម្រាកនោះទេ ដោយសារតែបន្ទុកក្នុងដៃក៏ច្រើន ហើយការងាររកចំណូលក៏ចង្អៀត អ៉ីចឹងហើយទើបលោកនៅតែបន្តទទួលការងារ ដោយលោកបញ្ជាក់ថាក្រោយបញ្ចប់ពិធីបុណ្យជីតាភ្លាមៗគឺលោកនឹងទៅកាន់កន្លែងថតអត់ហ៊ានដំអក់ឡើយ៕

មតិយោបល់