មកទល់ម៉ោងនេះ តារាសម្ដែងវ័យក្មេង លោក រុន ណាកូ នៅតែមានអារម្មណ៍រំភើប និង ចង់ហោះ មិនទាន់បាត់នៅឡើយទេ បន្ទាប់ពីបានក្ដាប់ពានតារាលេចធ្លោសំខាន់មួយ ក្នុងការប្រកួតឈុតបុរាណធំក្នុងព្រឹត្តិការណ៍”គ្រួសារតារាកម្ពុជា”កាលពីថ្ងៃទី៩ កក្កដា ឆ្នាំ២០១៨។ លោកនៅតែយល់ថាអ្នកកាន់ពានមិនមែនជាខ្លួន ខណៈដែលការប្រកួតទាំងមូល មានសុទ្ធសឹងតែវត្តមានតារាល្បី ក្នុងពិភពសិល្បៈ។
លោក រុន ណាកូ ថ្លែងក្រោយពីបានលើកពានតារាលេចធ្លោប្រចាំឆ្នាំ ផ្នែករំលេចឈុតបុរាណស័ក្តសម ថា លោករំភើបចំពោះជ័យជម្នះដែលខ្លួនទទួលបានយ៉ាងខ្លាំង បើទោះជាទម្រាំឈ្នះពាន លោកត្រូវលំបាកជាច្រើន។ លោកថាគ្រាន់តែដឹងថាពិធីនៅក្នុងថ្ងៃនោះ នឹងមានការប្រកួតសំលៀកបំពាក់បុរាណ លោកក៏បានទាក់ទងរកឈុតក្នុងសម័យអង្គរយកមកស្លៀក ហើយជាលទ្ធផល លោក នូ សុផេន អនុប្រធាននាយដ្ឋានផលិតកម្មវិធីប្រចាំទូរទស្សន៍អប្សរា និងជាអ្នកស្រាវ និងកែច្នៃសំលៀកបំពាក់បុរាណ ក៏សម្រេចកែច្នៃឈុតរបស់ព្រះបាទសុរិយវរ្ម័នទី២ ដែលជាក្សត្រកសាងប្រាសាទអង្គរអោយ។ លោកថា មួយឈុតលោកពេញចិត្តតាំងពីដំណាក់កាលបានឃើញ ដោយលោកចាប់ផ្ដើមត្រៀមខ្លួនយ៉ាងលំបាក ដោយការហាត់ប្រាណលើកសាច់ដុំ និងកាច់ក្បាលពោះ ដើម្បីអោយខ្លួនអាចស្លៀកឈុតនោះបាន។ លោកថាខ្លួនបានធ្វើដំណើរតាំងពីខេត្តកោះកុង ដោយសារតែលោកគឺជានិស្សិតពេទ្យ ហើយជាប់បេសកកម្មកម្មសិក្សានៅក្នុងខេត្តនោះ តែលោកនៅតែឆ្លៀតហាត់ប្រាណអោយត្រូវនឹងឈុតដែលបានគម្រោងទុកនោះ ដោយលំបាកមុនឡើងមកចូលរួមប្រកួតប្រជែង។
លោក រុន ណាកូ បន្តថា ខ្លួនមានអារម្មណ៍អរចង់ស្រក់ទឹកភ្នែក នៅពេលប្រកាសថា លោកគឺជាម្ចាស់ពានក្នុងចំណោមម្ចាស់ពានទាំង៨ ដែលជាអ្វីក្នុងក្ដីសម័យរបស់តារាសិល្បៈ ដែលចូលរួមប្រកួតប្រជែង។ លោកថាជាលើកទី១ ដែលលោកបានគ្រងឈុតព្រះបាទសុរិយវរ្ម័នទី២ ហើយទទួលបានពានតារាលេចធ្លោប្រចាំឆ្នាំ ដោយលោកបានចាត់ទុកថាតំណែងពាន ដែលលោកបានទទួល នឹងបើកទំព័រសិល្បៈរបស់លោក អោយកាន់តែជោគជ័យ ក្នុងវិស័យសិល្បៈ៕
មតិយោបល់