ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា បើក Pup ក្រោយអតីតស្នេហ៍នៅក្រៅឃុំ

ប៉ុន្មានថ្ងៃចុងក្រោយនេះ គេឃើញតារាចម្រៀង កញ្ញា វ៉ានីឡា បង្ហាញមុខក្នុងគម្រោងរៀបចំហាងផឹកសុីក្នុងផ្សារកុងតឺណឺមួយកន្លែងយ៉ាងសកម្ម ដោយនាងគ្រោងនឹងដាក់យីហោថា«Vanila Pup»នោះផង។ នេះជាអាជីវកម្មលើកដំបូងដែលនាងសម្រេចចិត្តនោះទុក បើទោះជារឿងរ៉ាវរវាងនាង និងអតីតគូស្នេហ៍ នៅមិនទាន់លទ្ធផល ព្រោះតែភាគីម្ខាងទៀតស្ថិតនៅក្រៅឃុំ និងមិនទាន់មានការផ្ដល់សំណងតាមការបង្គាប់របស់តុលាការនៅឡើយ។

ហាងផឹកសុី ដែលត្រូវគេនិយមហៅថា Pup នោះ គឺនាងគ្រោងបើកនៅផ្សារកុងតឺណឺនៅម្ដុំផ្សារទួលសង្កែថ្មី ឬផ្សារសាំហាន់ ដោយគេឃើញនាងចំណាយប្រាក់ជួលប្រឡោះកុងតឺណឺចំនួន២ ដើម្បីរៀបចំ។ អ្វីដែលគេបានដឹង គឺនាងប្រកាសដំណើរការហាងនេះដោយគ្មានដៃគូភាគហ៑ុន ដោយនាងដើរតួជាថៅកែផង និងជាអ្នកគ្រប់គ្រងផងតែម្ដង។

កញ្ញា វ៉ានីឡា និយាយថា នាងពិតជាបើកតូបផឹកសុីនៅផ្សារកុងតឺណឺ អាម៉ាហ្សូនកុងតឺណឺ នៅម្ដុំផ្សារទួលសង្កែនោះមែន ដោយសារតែនាងកត់សម្គាល់ឃើញថា ការបើកអាជីវកម្មរបៀបនេះនៅតាមផ្សារកុងតឺណឺ ទទួលបានផលចំណេញខ្ពស់។

នាងថាក្នុងមួយខែនាងជួលតូបផ្សារតម្លៃ៥៥០ដុល្លារ ហើយនាងក៏មិនទាន់ដឹងទៅរួចឬ មិនរួចនោះដែរ ប៉ុន្តែបើនាងមិនប្រថុយ គឺនាងក៏មិនអាចដឹងថាមុខរបររកសុីត្រូវប្រឈមអ្វីខ្លះនោះដែរ។ មុខរបស់នេះ នាងថាចំណាយមិនច្រើននោះទេ ហើយបណ្ដាលមកពីមានមិត្តភក្តិដែលមានបទពិសោធន៍ ណែនាំច្រើនផង ទើបនាងសម្រេចចិត្តបើកដំណើរការទាំងមានទំនុកចិត្ត។

នាងក៏មិនខ្លាចជុំវិញសុវត្ថិភាព ក្រោយពីអតីតគូស្នេហ៍របស់នាងបន្តនៅក្រៅឃុំនោះដែរ សម្រាប់ការបង្ហាញខ្លួនទៅគ្រប់គ្រងហាងនេះជារៀងរាល់យប់។ នាងថាហាងរបស់ខ្លួននឹងបើកទទួលភ្ញៀវបណ្ដើរៗចាប់ពីថ្ងៃទី១១ វិច្ឆិកា តែមិនច្បាស់រឿងបើកសម្ពោធទេ។

មតិយោបល់