ព័ត៌មានសិល្បៈ និងកម្សាន្ត

អាលីហ្សា ប៉ះជាមួយអតីតសង្សាររួមដំបូល៥ឆ្នាំ

គ្មានអ្នកណាមិនដឹងនោះទេថាបុរសជាថៅកែហាងកាហ្វេមួយរូបដែលបានបង្ហាញនៅក្នុងរូបនេះ និងកញ្ញាអាលីហ្សាធ្លាប់ពាក់ព័ន្ធគ្នាដូចប្ដីប្រពន្ធ ដោយសារតែអ្នកទាំងពីរធ្លាប់បានសារភាពថារួមរស់ក្រោមដំបូលតែមួយមិនក្រោម៥ឆ្នាំមុនថ្ងៃបែក។ នៅក្នុងពិធីខួបកំណើតរបស់កញ្ញា ញឹម ចាន់ថន គេឃើញអ្នកទាំងពីរប៉ះគ្នាយ៉ាងកម្រ ដោយអាលីហ្សា ព្យាយាមគេចមុខ ហើយភាគីខាងប្រុសក៏មិនហ៊ានប្រឈមមុខជាមួយនឹងនាងដូចគ្នា។

នេះជាជំនួបដ៏កម្រដែលអ្នកទាំងពីរប៉ះគ្នាក្រោយពីបានប្រេះស្រាំ ក្នុងពេលដែលអ្នកទាំងពីរត្រូវគេឃើញអង្គុយតុក្បែរគ្នានោះផង តែព្យាយាមធ្វើមិនដឹងរឿងខ្លួន។ អាលីហ្សា មិនអើពើនឹងវត្តមានរបស់បុរសជាអតីតគូស្នេហ៍ ដែលនាងធ្លាប់ហៅថាប្ដីនោះទេ ខណៈដែលភាគីខាងប្រុសត្រូវគេឃើញតាមសំឡឹងមើលនាងនូវគ្រប់សកម្មភាពតែលោកមិនហ៊ាននិយាយតទល់ជាមួយនាងនោះទេ។ បុរសរូបនេះ បានអះអាងថាលោក និងនាងបែកគ្នាចំនួន៣ឆ្នាំមកហើយ ដោយហេតុផលសំខាន់គឺរឿងមិនចុះសម្រុង។ លោកថាខ្លួនមិនបានមានថ្មីដូចអ្វីដែលបានចុះផ្សាយកន្លងមកទេ ដោយលោកប្រកាសថាក្រោយពេលអាលីហ្សាសម្រេចចិត្តបែកផ្លូវ គឺសូម្បីតែសង្សារថ្មី ឬដៃគូស្នេហាក៏មិនមានណាមួយរហូតមកដល់បច្ចុប្បន្ន។ យ៉ាងណាមិញ លោកថាមិនមែនព្រោះតែចង់រង់ចាំអោយអាលីហ្សាត្រលប់ក្រោយនោះទេ គឺគ្រាន់តែលោកយល់ថាមិនគួរនឹងមានស្នេហាជាថ្មី ព្រោះតែខ្លាចប្រទះរឿងបែកបាក់ជាមួយអាលីហ្សា ដែលលោកបានហៅថាជាប្រពន្ធយ៉ាងពេញៗមាត់នោះតែប៉ុណ្ណោះ។ លោកថារយៈពេល៥ឆ្នាំក្នុងពេលរួមរស់ជាមួយគ្នា បើទោះមិនទាន់រៀបការ តែមិនមានបងប្អូនសាច់ញាតិណាម្នាក់ ឬតារាសិល្បៈណាម្នាក់មិនដឹងថានាង និងលោក គឺជាប្ដីប្រពន្ធនឹងគ្នានោះទេ អ៊ីចឹងហើយទើបលោកយល់ថាការតស៊ូរហូត៥ឆ្នាំហើយត្រូវបែកវិញ គឺល្មមអោយលោកឈប់មានស្នេហា បើទោះជានៅមានឱកាសស្វែងរកនារីថ្មី។

ពាក់ព័ន្ធនឹងបញ្ហានេះ អាលីហ្សា ធ្លាប់បានបញ្ជាក់ហើយថា នាងសុំមិននិយាយពាក់ព័ន្ធរាល់ស្នេហាអតីតកាលនោះទេ ដោយនាងប្រកាសមិនចង់រំលឹក។

មតិយោបល់