វត្តមានរបស់តារាចម្រៀងលោក ដួង វិរៈសិដ្ឋ របស់ផលិតកម្មហង្សមាស ក៏មិនចាញ់តារាបែកស្លុយដែលធ្លាប់ទទួលបានការគាំទ្រខ្លាំងក្លានាពេលកន្លងមកផងដែរ ដោយសារតែលោកបង្ហាញខ្លួនលើឆាករបស់គ្រួសារតារាកម្ពុជា នៅក្នុងព្រឹត្តិការណ៍ពោធិ៍សែនជ័យសង្ក្រាន កាលពីយប់ចុងក្រោយថ្ងៃទី២ មេសា។
ខុសពីតារាសចម្រៀងផ្សេងទៀត ដែលទាល់តែច្រៀងបទប្រភេទប្រពៃណី ដែលមានចង្វាក់រាំៗ ទើបទទួលភាពទាក់ទាញ តែតារារូបនេះមានការគាំទ្រពេញទំហឹង ក្នុងពេលបកស្រាយបទស្លូររបស់ខ្លួន។
បទចម្រៀងដែលតារាចម្រៀង ដួង វិរៈសិដ្ឋ កន្ត្រាក់បានការគាំទ្រខ្លាំងក្លានៅក្នុងយប់នោះ រួមមានបទ«ស្ទឹងសែនប៉ារីស» បទ«នាវាជីវិត» និងបទចម្រៀង២បទទៀត ដែលជាបទនិពន្ធថ្មីតែគ្រាន់តែឮក៏ចង់រាំតែម្ដង ដោយសារតែចង្វាក់នោះទាក់ទាញ ហើយត្រូវតាមទម្រង់នូវរបត់ប្រពៃណី។
ចម្រៀងមួយបទចុងក្រោយរបស់លោកក៏ទាក់ទាញផងដែរ ជាមួយនឹងបទដើមត្នោត ដែលបានធ្វើចង្វាក់ភ្លេងថ្មី ហើយគ្រាន់តែចាក់បន្លឺ និងច្រៀង គឺមានអ្នករាំឡើងផ្អើលជុំវិញឆាក។ លោកទទួលបានសំឡេងហ៊ោយ៉ាងកងរំពង តាំងពីមានការប្រកាសអោយឡើងឆាក និងតាំងពីការបកស្រាយបទចម្រៀងនីមួយ។ សំលេងអ្នកកញ្ជ្រោលចំពោះបទចម្រៀងរបស់លោក បានធ្វើអោយការបង្ហាញខ្លួនរបស់តារារូបនេះទាក់ទាញមិនធម្មតា ក្នុងពេលដែលលោកក៏ជាតារាដែលមានអ្នកចូលចិត្តទាំងចាស់ទាំងក្មេងខុសពីតារាទាំងឡាយ។ លោកដួង វិរៈសិដ្ឋ ត្រូវគេឃើញញញឹមបិទមាត់មិនជិតនោះទេ ហើយបើកុំតែមានការងារច្រៀងរាំនៅកន្លែងមួយផ្សេងទៀត កុំអីលោកនឹងកំដរឆាកតន្ត្រីនៅក្នុងយប់នោះនូវបទចម្រៀងច្រើនទៀត។ ជាក់ស្ដែងក្នុងពេលដែលបទចម្រៀងទាំង៤របស់លោកត្រូវបានបញ្ចប់ ក្នុងពេលដែលលោកត្រូវបានពិធីករ គឺលោក និរិទ្ធ អែនឌ្រូ លោក សាក់ ស៊ីឌី និងកញ្ញាប៉ុបពី ស្នើអោយបង្ហើរបទចម្រៀងដោយមិនមានភ្លេង គេកត់សម្កាល់ថាផ្ទុះឡើងនូវសំឡេងគាំទ្រយ៉ាងកក្រើកតែម្ដង។
លោកដួង វិរៈសិដ្ឋ និយាយថានេះជាលើកទី១ដែលលោកបង្ហាញខ្លួនលើឆាកគ្រួសារតារាកម្ពុជា ប៉ុន្តែអ្វីដែលលោកសប្បាយចិត្តគឺបានចូលរួមក្នុងវេទិកាដែលបង្ហាញនូវវប្បធម៌ដែលជាភាពផូរផង់របស់ខ្មែរ និងជាកម្មវិធីដែលផ្ដល់កិត្តិយសធ្វើអោយលោកសប្បាយចិត្ត នៅពេលដែលលោកបង្ហាញខ្លួន។ លោកថាបានរួមចំណែកលើកស្ទួយវប្បធម៌ និងបទចម្រៀងដែលទម្រង់ជាចង្វាក់របស់ខ្មែរ គឺជាអ្វីដែលលោកចង់បាន ហើយលោកក៏នឹងបង្ហាញខ្លួនក្នុងពេលបន្តបន្ទាប់ទៀត ដើម្បីបំពេញសេចក្ដីត្រូវការក្នុងសកម្មភាពសង្គមបែបនេះ៕
មតិយោបល់