ព័ត៌មានសិល្បៈ និងកម្សាន្ត

ចារ រិទ្ធី ចេញមុខជួយតារាចម្រៀងពិការភ្នែកម្នាក់!

កាលពីថ្ងៃទី១២ វិច្ឆិកា លោកចារ រិទ្ធី ដែលជាតារាសម្ដែងជើងចាស់ និងជាអ្នករៀបចំកម្មវិធីតន្ត្រីរបស់ទូរទស្សន៍អាស៊ីអាគ្នេយ៍ មិនត្រឹមតែផ្ដល់ឱកាសឲ្យកុមារាជាជនពិការម្នាក់ឡើងច្រៀងនៅលើឆាករបស់ខ្លួនប៉ុណ្ណោះទេ គឺលោកថែមទាំងផ្ដល់តម្លៃខ្លួនឲ្យខ្ពស់ ចំណាយលើការស្នាក់នៅឲ្យ និងបានទាំងឲ្យរបស់មានតម្លៃដែលក្មេងប្រុសម្នាក់នេះស្រឡាញ់ហើយគ្មានលទ្ធភាពទិញនោះផង។

លោកបានពន្យល់ពីមូលហេតុជាច្រើនដែលនាំឲ្យលោកសម្រេចចិត្តចាយលុយជួយដល់ក្មេងម្នាក់នោះ ដោយលោកបញ្ជាក់គ្រាន់តែផ្ដល់ឱកាសឲ្យកុមារាជាជនពិការនោះឡើងច្រៀង គឺចំណាយប្រាក់ផ្ទាល់ខ្លួនអស់ច្រើន។

លោកចារ រិទ្ធី និយាយថា នៅក្នុងកម្មវិធីតន្ត្រីរបស់លោក លោកនឹងផ្ដល់ឱកាសឲ្យតារាចម្រៀងមហាជនដែលមានសមត្ថភាព និងមានទឹកដមសំឡេងល្អឡើងច្រៀងដោយគ្មានការរើសអើងនោះទេ សំខាន់ឲ្យតែអ្នកចង់ឡើងច្រៀងនោះគឺលោកបានឃើញសមត្ថភាពតាមរយ:ការបង្ហោះវីដេអូច្រៀងនៅលើយូធូប ឬលើហ្វេសប៊ុកជាដើម។

ជាក់ស្ដែងលោករមែងប្រកាសស្វែងរកអ្នកមានទឹកដមសំលេងល្អឲ្យបានឡើងច្រៀងជាច្រើននាក់មកហើយ ដោយក្នុងពេលផ្ដល់ឱកាសឲ្យអ្នកមានសមត្ថភាពទាំងនោះម្ដងៗគឺលោកជាអ្នកចំណាយលើការស្នាក់នៅ និងការធ្វើដំណើរដើម្បីឲ្យអ្នកទាំង២បានឡើងច្រៀងនោះផង។ ជាក់ស្ដែងវត្តមានកុមារាពិកាភ្នែកវ័យ១៦ឆ្នាំ ឈ្មោះ ហៀក និត មកពីខេត្តសៀមរាប ដែលបានឡើងច្រៀងនៅលើសង្វៀនទូរទស្សន៍អាស៊ីអាគ្នេយ៍ គឺលោកបានផ្ដល់ឲ្យគេបានស្នាក់នៅក្នុងផ្ទះសំណាក់របស់លោកស្ថិតនៅម្ដុំភ្នំពេញដោយឥតគិតថ្លៃ ដោយមិនទាន់គិតពីការចំណាយលើតម្លៃធ្វើដំណើរ។

លោកថាឲ្យតែហៅអ្នកមានសមត្ថភាពមកពីខេត្តឆ្ងាយឲ្យឡើងច្រៀងនៅប៉ុស្ដិ៍អាស៊ីអាគ្នេយ៍ គឺលោកតែងផ្ដល់សោហ៊ុយធ្វើដំណើរទៅមក១០០ដុល្លារ ផ្ដល់កន្លែងស្នាក់នៅ និងឲ្យកម្រៃឡើងច្រៀងក្នុងមួយកម្មវិធី១០០ដុល្លារ ដោយការហៅមកម្ដងគឺឲ្យឡើង២កម្មវិធីយ៉ាងតិចដើម្បីឲ្យអ្នកទាំងនោះទទួលបានលុយច្រើនទៅវិញ។ លោកកុមារា ហៀក និត លោកបានឃើញសមត្ថភាពនៅលើហ្វេសប៊ុកហើយលោកក៏ប្រកាសស្វែងរកលេខទូរសព្ទ រួចលោកក៏ចាត់ចែងលើការចំណាយតែម្ដង ដោយលោកកាន់តែអាណិតបន្ថែមទៀតនៅពេលជួបផ្ទាល់ហើយឮថាប្អូនចង់បានលេបថប់មួយ និងហ្គីតាមួយ ។ លោកបានសម្រេចផ្ដល់អាយផេត មួយ និងហ្គីតាមួយ ដោយយល់ឃើញថាកុមារារូបនេះគឺមានសមត្ថភាពល្អណាស់ទាំងការលេងភ្លេង និងច្រៀង ប៉ុន្តែអត់មានឧបករណ៍តន្ត្រីប្រើផ្ទាល់ខ្លួន។ ក្រៅពីស្នើឲ្យផលិតករផ្សេងទៀតជួយផ្ដល់ឱកាសឲ្យប្អូនបានច្រើនឲ្យច្រើនកម្មវិធី លោកក៏ប្រកាសថានឹងជួយក្មេងប្រុសរូបនេះ ឲ្យបានឡើងឆាកញឹកញាប់ផងដែរ។

//youtu.be/ztcephMRQvo

មតិយោបល់