ខណៈដែលផលិតករភាគច្រើនត្រូវគេឃើញជិះរថយន្តទំនើបផ្ទាល់ខ្លួន ឬរបស់សាច់ញាតិ ឬរបស់មិត្តភ័ក្ត្រ ឬយ៉ាងហោចក៍សម្ញ៉ែងតាក់ស៊ី ទៅកាន់ព្រលានយន្តហោះ ដើម្បីយករឿងដែលបានផលិតចេញទៅបង្អួតក្រៅស្រុក សម្រាប់លោកហ៊ុយ យ៉ាងឡេង ផលិតកររឿង«វិកលចរឹត»បែរជាជិះតុកតុកទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញនិងអះអាងថាមានលុយមិនដល់១០០ដុល្លារនោះទេជាប់ខ្លួន។
លោកថាខ្សែរឿងរបស់ខ្លួនចាប់ផ្ដើមរួចដើមហើយ ប៉ុន្តែមិនអាចដកលុយពីរោងកុងបានទេ ទើបធ្វើអោយលោករាងដាច់លុយក្នុងឱកាសចេញទៅចិន។
លោកហ៊ុយ យ៉ាងឡេង បានថ្លែងនៅព្រលានយន្តហោះថា លោកមកកាន់ព្រលានយន្តហោះនេះគឺជិះតុកតុកប៉ុណ្ណោះ ដោយសារតែលោកគ្មានរថយន្តផ្ទាល់ខ្លួន ហើយមានកង់កីឡាមួយសម្រាប់ធ្វើដំណើរ។
លោកថាខ្លួនមិនហ៊ានរំខានមិត្តភ័ក្ត្រនោះទេ ហើយមកពីលោកមិនសូវមានលុយមានកាក់នោះផង ទើបលោកមិនជិះតាក់ស៊ីដើម្បីទុកលុយទៅចាយវាយខ្លះៗនៅចិន។ លោកថាដំណើរយករឿង«វិកលចរឹត»ទៅបង្ហាញនៅមហោស្រពនៅប្រទេសចិនក្នុងខេត្តណានជីងនេះ គឺជាបន្ទុករបស់ក្រសួងវប្បធម៌ប៉ុណ្ណោះ ទើបលោកអាចមានលទ្ធភាពទៅនៅក្នុងកាលៈទេសៈមិនទាន់បើកលុយបាននៅឡើយពីការបញ្ចាំងរឿងនៅទូទាំងប្រទេស។ លោកថាបើតាមអត់លុយលោកមិនចង់ហ៊ានជាន់ប្រទេសចិននោះទេ ប៉ុន្តែមកពីលោកទទួលបានការលើកទឹកចិត្តពីខាងនាយកដ្ឋានភាពយន្ត ហើយលោកគឺជាផលិតករក៏មិនអាចបាត់មុខក្នុងការបង្ហាញខ្លួននោះបានទើបលោកត្រូវតែទៅ។
លោកមិនហ៊ានរំពឹងថាខ្សែរឿងរបស់ខ្លួននឹងទទួលបានការចាប់អារម្មណ៍កម្រិតណានៅក្នុងមហោស្រពភាពយន្តអន្តរជាតិនេះទេ ប៉ុន្តែលោកជឿជាក់ថាស្នាដៃរបស់ខ្លួននឹងទទួលធ្វើឲ្យអន្តរជាតិភ្ញាក់ផ្អើល ដែលខ្មែរក៏មានភាពយន្តប្លែកមួយលើឆាកអន្តរជាតិ។ លោកថាខ្លួនជិះតុកតុក ឬម៉ូតូឌុបទៅណាមកណាគឺជាទម្លាប់ទៅហើយ ចាប់តាំងពីលោកធ្លាក់ខ្លួនលក់ម៉ូតូ និងទ្រព្យរបស់ជារបស់ខ្លួនថតរឿងជាហូរហែរដោយសារការស្រឡាញ់អាជីពផលិតរឿង។
យ៉ាងណាក៏ដោយ លោកថាស្ថានភាពផលិតករមិនមែនជាឥទ្ធិពលពិតប្រាកដនៅក្នុងវិស័យភាពយន្តនោះទេ អ្វីដែលសំខាន់គឺស្នាដៃ និងគុណភាពរឿងប៉ុណ្ណោះ ទើបលោកមិនខ្វល់រឿងអ្នកណាសើចយំពេលលោកជិះកង់ ឬជិះតុកតុកទៅកម្មវិធីតូចធំ។
លោកហ៊ុយ យ៉ាងឡេង ចាកចេញពីប្រទេសកម្ពុជាជាមួយមន្ត្រីនាយកដ្ឋានភាពយន្តនៅវវេលាម៉ោង១០ព្រឹកជាង ដើម្បីយករឿង«វិកលចរឹត»តំណាងភាពយន្តរបស់ប្រទេសកម្ពុជាទៅប្រកួតក្នុងមហោស្រពភាពយន្តចិនខេត្តណានជីងដែលមានភាពយន្តមកពីគ្រប់ទិសទីនៅទូទាំងពិភពលោកចូលរួម។
ខាងក្រោយនេះជាទិដ្ឋភាពរបស់លោកនៅព្រលានយន្តហោះ មុនពេលចាកចេញ៖
វីដេអូបទសម្ភាស ជាមួយលោក យ៉ាឡេង៖
https://www.youtube.com/watch?v=jR5rMqn9Sdo&feature=youtu.be
មតិយោបល់