ព័ត៌មានសិល្បៈ និងកម្សាន្ត

សន វិជ្ជបុត្រ ធ្វើអោយអ្នករត់ម៉ូតូកម្សត់ម្នាក់ ស្រក់ទឹកភ្នែក

មានការកោតសរសើរគួរសម បន្ទាប់ពីតារាចម្រៀងប្រចាំផលិតកម្ម M លោក សន វិជ្ជបុត្រ អាចប្រមែប្រមូលម្ចាស់ជំនួយរហូតទិញបានម៉ូតូមួយគ្រឿងវិញ ជួយដល់អ្នករត់ម៉ូតូឌុបម្នាក់ ដែលត្រូវបានចោរលួចម៉ូតកាលពី១ខែមុន ហើយធ្វើអោយអ្នករត់ម៉ូតូកម្សត់នៅទីទ័លអត់ទីពឹង។ យ៉ាងណាមិញ នេះមិនមែនជាសកម្មភាពសប្បុរសធម៌លើកទី១របស់លោកនោះទេ ដោយសារតែពេលកន្លងមក លោកសន វិជ្ជបុត្រ បានប្រើការទំនាក់ទំនងជាមួយមិត្តភក្តិ និងការបង្ហោះនៅលើហ្វេសប៊ុកជួយរ៉ៃអង្គាសជាប្រយោជន៍ដល់អ្នកទ័លច្រកបែបនេះច្រើនមកហើយ។

លោក សន វិជ្ជបុត្រ និយាយថា ដោយសារតែខ្លោចចិត្តអាណិតចំពោះអ្នករត់ម៉ូតូឈ្មោះ ចាន់ សេង វ័យ៦៨ឆ្នាំ ដែលមានស្រុកកំណើតនៅខេត្តក្រចេះ ហើយបានពឹងលើមុខរបរនេះអស់ប្រមាណជិតជិត២០ឆ្នាំ តែបែរជាត្រូវធ្លាក់ខ្លួនអត់អ្វីទីពឹងដោយសារតែចោរបានលួចម៉ូតូបាត់ ទើបលោកសម្រេចចិត្តចេញមុខគៀរគរជំនួយរហូតទិញបានម៉ូតូមួយគ្រឿងម៉ាក ស្មាសឆ្នាំ២០០៩ តម្លៃ៦០០ដុល្លារ ឲ្យអ្នករត់ម៉ូតូឌុបកម្សត់នោះ។ ចម្រៀងផលិតកម្ម M រូបនេះ បន្តថា ពូរត់ម៉ូតូឌុបនោះក្រៅពីត្រូវចោរលួចម៉ូតូបាត់ ហើយបានធ្លាក់ខ្លួនទ័លច្រក ក៏មិនមានផ្ទះសម្បែង មិនមានកូនចៅ និងគ្មានលទ្ធភាពទិញម៉ូតូបានរត់មកវិញផងដែរ ក្រោយត្រូវចោរលួចកាលពីជិត១ខែមុន ទើបលោកមិនអាចទល់ភ្នែក ហើយបានរួមដៃជាមួយអតីតតារាសម្ដែងអ្នកនាង ថាច់ ផល្លា ដែលជាអាណិកជនអាមេរិក ជួយរកជំនួយទិញម៉ូតូអោយពូអ្នករត់ម៉ូតូឌុបនោះបានមួយគ្រឿងវិញ។

លោកថាសប្បាយចិត្តជាងគេនៅពេលបានយកម៉ូតូទៅប្រគល់ដល់លោក ចាន់ សេង ហើយលោកចាន់ សេង រំភើបដល់ស្រក់ទឹកភ្នែកក្នុងពេលទទួលបានម៉ូតូពីលោក និងសប្បុរសជន។ លោកថាលោកបានស្គាល់អ្នករត់ម៉ូតូនោះ គឺដោយសារតែលោកចាន់ សេង ជាអ្នករត់ម៉ូតូឌុបមកផ្សេងព្រេងនៅភ្នំពេញ ហើយលោកឧស្សាហ៍ជួលអោយលោកទៅដឹកឥវ៉ាន់នេះនោះ ទើបលោកចង់ស្រក់ទឹកភ្នែកនៅពេលដឹងថាបុរសកម្សត់ដែលមកពីខេត្តក្រចេះ និងគ្មានកូនចៅរូបនេះ ធ្លាក់ខ្លួនក្រោយពីត្រូវចោរលួចម៉ូតូបាត់។

លោកថាថវិកាដែលលោកទទួលបាន គឺមិនមែនជាសប្បុរសជនណាម្នាក់ចេញមុខអោយលុយទាំងដុំនោះទេ ដោយអ្នកនេះផ្ដល់ខ្លះ អ្នកនោះផ្ដល់ខ្លះ ឧទាហរណ៍ដូចជា អ្នករស់នៅប្រទេសកូរ៉េផ្ដល់១០០ដុល្លារ អ្នកនាងអែនណា អតីតតារាសម្ដែង នៅប្រទេសអូស្រ្តាលីផ្ដល់២០០ដុល្លារ កញ្ញា ថាច់ ផល្លា អតីតតារាសម្ដែងផ្ដល់២០០ដុល្លារ និង អ្នករស់នៅបារាំងផ្ដល់១០០ដុល្លារ ជាដើម។

លោកថាខ្លួននឹងប្រើអោយអស់លទ្ធភាពក្នុងការជួយដោះទ័លដល់អ្នកទីទ័ល ដោយក្នុងពេលកន្លងមក លោកក៏បានចេញមុខស្វែងរកជំនួយជួយដល់តារាសិល្បៈដែលធ្លាក់ខ្លួនផងដែរ គឺអត់មានការរើសអើងថាទាល់តែអ្នកនេះទើបជួប ហើយអ្នកនោះមិនជួយនោះទេ៕

មតិយោបល់