ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ ដេកចាំស្លាប់នៅថៃ ក្រោយគ្មានជំនួយវះកាត់

យោងតាមបញ្ជាក់ចុងក្រោយ តារាសម្ដែង ដែលត្រូវគេស្គាល់ថាជាសិស្សល្បុកត្តោផង ស្ថិតក្នុងស្ថានភាពកាន់តែយ៉ាប់យឺនដោយសារតែជំងឺបេះដូងប្រហោង និងដាច់សរសៃប្រើសបេះដូងរបស់នាងអត់មានជំនួយវះកាត់។

នាងត្រូវគេដឹងថាសម្រាកនៅក្នុងបន្ទប់ជួលមួយនៅក្នុងប្រទេសថៃ ដោយបានប្រើថ្នាំពន្យារជីវិត ដើម្បីរង់ចាំជំនួយពីខាងផលិតកម្មទេពនិករ ដែលបានប្រកាសថាចេញមុខស្វែងរកជំនួយពីសប្បុរសជនដើម្បីឲ្យនាងមានលុយវះកាត់ ប៉ុន្តែមកទល់ពេលនេះផលិតកររបស់ទេពនិករ អះអាងថារកមិនបានអ្នកមានចិត្តធម៌សប្បុរសតាមការប្រកាសនោះឡើយ។

លោកគ្រូវិរៈ ដែលជាគ្រូបង្វឹកផ្នែកល្បុកត្តោ និងជាអ្នកចេញមុខអំពាវឲ្យមានការជួយជាថវិកាជួយដល់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ មួយរូបក្នុងចំណោមសិស្សគុនល្បុកត្តោ បានអះអាងថា កញ្ញាពេជ្រ ចរណៃ មិនខុសពីដេកចាំស្លាប់នោះទេ ដោយសារតែថវិកាដែលរំពឹងថាផលិតកររបស់ផលិតកម្មទេពនិករ នឹងអាចជួយរកថ្លៃវះកាត់ឲ្យបានដូចគ្នានឹងអ្វីដែលផលិតកររបស់ទេពនិករ បានជឿជាក់ថានឹងរកបាន គឺមិនមានតម្រុយមកទល់ពេលនេះ។

លោកអះអាងថាមុនពេលចាកចេញភាគីអ្នកជំងឺ រំពឹងគិតទាំងស្រុងថាផលិតកម្មទេពនិករ នឹងអាចរកបានអ្នកជួយលើការវះកាត់ទើបចាកចេញទៅ ប៉ុន្តែដំណឹងចុងក្រោយគឺមិនអាចរកបានអ្នកចេញមុខជួយដល់កញ្ញា ពេជ្រ ចរណៃ នោះទេ ទើបយល់ថាកញ្ញាមិនខុសពីដេកចាំស្លាប់ ដោយសារតែនាងអត់មានលទ្ធភាពក្នុងការវះកាត់ហើយ គឺថែមទាំងដល់ដំណាក់កាលពន្យារស្ថានភាពជំងឺលែងចង់បានទៀត។

លោកថាអត់មានសង្ឃឹមនោះទេ ដោយសារតែជំនួយដែលនាងទទួលបានពីខាងគ្រួសារតារាកម្ពុជា និងពីសប្បុរជនផ្សេងៗ គឺបានត្រឹមតែទប់លើចំណាយក្នុងការចាយវាយ និងលើថ្លៃថ្នាំក្នុងពេលបេះដូងធ្វើទុក្ខម្ដងៗនៅក្នុងប្រទេសថៃ។

លោកថាជម្រើសចុងក្រោយ គឺមានតែលោក និងកូនសិស្សល្បុកតោទាំងអស់នឹងបន្តធ្វើការអំពាវនាវប៉ុណ្ណោះ ដើម្បីឲ្យមានការភ្ញាក់ផ្អើលដល់អ្នកមានធម៌សប្បុរស ទើបអាចជួយសង្គ្រោះដល់អាយុជីវិតរបស់តារាស្រីរូបនេះបាន។

យ៉ាងណាមិញ លោកថាខ្លួននៅតែសង្ឃឹមថាផលិតករផលិតកម្មទេពនិករ ដែលនាងបានថតរឿង«អាគមស្បែកដាច»អោយពិតជាអាចរកអ្នកជួយវះកាត់អោយនាងបាន ដោយសារតែផលិតកម្មនេះបានអះអាងថាខ្លួនស្គាល់អ្នកមានមុខមាត់ច្រើននៅក្នុងសង្គមជាន់ខ្ពស់។

នៅលើផេករបស់ផលិតកម្មទេពនិកា គេឃើញមានការប្រកាសថាផលិតកម្មស្វះស្វែងដាក់លិខិតទៅកាន់មន្ត្រីជាន់ខ្ពស់ច្រើននាក់ ដើម្បីឲ្យជួយដល់ពេជ្រ ចរណៃ ប៉ុន្តែរាល់សំណើរដែលបានដាក់ទៅគឺមិនមានមន្ត្រី និងអ្នកមានលុយណាម្នាក់ចាប់អារម្មណ៍ចង់ជួយនោះទេ ទើបមកទល់ពេលនេះដំណឹងវះកាត់របស់តារាសម្ដែងរូបនេះ នៅមិនមានតម្រុយ។

លោកគ្រូវិរៈ បញ្ជាក់ថា ពេជ្រ ចរណៃ បើគ្មានលទ្ធភាពវះកាត់ គឺមិនខុសពីការប្រឈមនឹងអាយុជីវិតនោះទេ ដោយសារតែជំងឺរបស់នាងដែលបានបន្តពន្យារមកទល់ពេលនេះ កាន់តែធ្វើទុក្ខធ្ងន់ ហើយបើទោះជាបានទទួលការលេបថ្នាំពន្យារពីគ្រូពេទ្យថៃ ក៏ជំងឺរបស់នាងវាដល់ដំណាក់កាលត្រូវវះកាត់ហើយ ក្នុងពេលដែលលោកថាបើមិនមានការវះកាត់ទេគឺពិតជាមិនខុសពីដេកចាំស្លាប់។

លោកប្រកាសថាកំពុងទាក់ទងឲ្យនាងត្រឡប់មកវិញ ប៉ុន្តែមិនហ៊ាននិយាយថាផលិតកម្មទេពនិករដែលជាទីសង្ឃឹមតាំងពីមុនពេលចេញទៅថៃនោះ មិនអាចរកអ្នកមានលទ្ធភាពជួយអោយបានវះកាត់នោះទេ ដើម្បីកុំឲ្យនាងបាក់ទឹកចិត្តកាន់តែខ្លាំង។ ទំនាក់ទំនងជួយ 070 27 85 85

https://youtu.be/lwZEShl4h5M

មតិយោបល់