ព័ត៌មានអន្តរជាតិ

កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីមីស៊ីល បើទោះបីផ្អាកដំណើរការធ្វើតេស្តអាវុធក៏ដោយ

ជប៉ុនៈ នាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ីនហ្សូ អាបេ កាលពីថ្ងៃអង្គារ បាននិយាយថា ការផ្អាកដំណើរការសាកល្បងមីស៊ីលកូរ៉េខាងជើង អស់រយៈពេលជិត ២ ខែកន្លងមកនេះ មិនមានសញ្ញាចង្អុលបង្ហាញថា ក្រុងព្យុងយ៉ាងបញ្ឈប់ការអភិវឌ្ឍន៍កម្មវិធីអាវុធរបស់ខ្លួននោះទេ ដោយលោកទទូចថា វាពិតជាឆាប់ពេកហើយ ក្នុងការធ្វើកិច្ចពិភាក្សាណាមួយ ជាមួយរបបមួយនេះ។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៧។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីក្រុងម៉ានីល បន្ទាប់ពីកិច្ចប្រជុំជាបន្តបន្ទាប់ ជាមួយមេដឹកនាំអាស៊ីដទៃទៀត ក៏ដូចជាកិច្ចប្រជុំមួយនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងវេទិកាអាស៊ីបូព៌ានោះ លោក អាបេ បាននិយាយថា លោកជឿជាក់ថា កូរ៉េខាងជើង នៅតែបន្តអភិវឌ្ឍកម្មវិធីអាវុធរបស់ខ្លួនដដែរ។

ដោយលោក បានមានប្រសាសន៍ថា «វាគ្មានចំណុច ឬផលប្រយោជន៍អ្វីទ្បើយ សម្រាប់កិច្ចពិភាក្សាណាមួយ ជាមួយកូរ៉េខាងជើងនោះទេ»។

ក្នុងនោះលោក អាបេ ក៏បានទទូចផងដែរថា ការដាក់ទណ្ឌកម្មដ៏ខ្លាំងក្លា រួមទាំងការរឹតត្បិតលើការនាំចេញប្រេងរបស់ក្រុងព្យុងយ៉ាង គឺជាការចាំបាច់បំផុត ក្នុងការបន្ទន់របបមួយនេះ នារដូវរងារខាងមុខ ដើម្បីអាចឲ្យបណ្តាប្រទេសដទៃទៀត ក៏ដូចជាកូរ៉េខាងត្បូង អាចព្រមព្រៀងបើកកិច្ចចរចាបាន ប្រសិនបើមានការស្នើសុំ ពីសំណាក់កូរ៉េខាងជើងនោះ។

ពាក់ព័ន្ធនឹងបញ្ហានេះ លោកអាបេ បានអះអាងថា លោកនឹងធ្វើការយ៉ាងជិតស្និទ្ធ ជាមួយបណ្តាប្រទេសដទៃទៀត ដែលរួមមានចិន និងរុស្ស៊ីផងដែរ ដើម្បីបញ្ចុះបញ្ចូលកូរ៉េខាងជើងឲ្យបញ្ឈប់ការអភិវឌ្ឍមីស៊ីល និងបោះបង់ចោលមហិច្ឆតាផលិតអាវុធនុយក្លេអ៊ែររបស់ខ្លួន៕

មតិយោបល់