ព័ត៌មានសិល្បៈ និងកម្សាន្ត

ទើបល្បីរឿងមានវិញ្ញាណចូលសណ្ឋិត លី ឌីណា ហ៊ានសម្ដែងតួខ្មោច

មានការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយសារតែតារាសម្ដែងកំពុងឡើងកូដ នាងឌី លីណា ដែលត្រូវគេស្គាល់ថាជាតារាមានវិញ្ញាណតាមសណ្ឋិត ស្រាប់តែបានសម្ដែងជាតួអង្គខ្មោចដែលសូម្បីតែនាងខ្លួនឯងក៏ភ័យបារម្ភសម្រាប់តំណែងមួយនេះ។ យ៉ាងណាមិញ កញ្ញារំពឹងថា នឹងមិនមានវិញ្ញាណមករំខានក្នុងពេលដែលនាងស្ថិតក្នុងការសម្ដែងជាតួអង្គខ្មោចក្នុងរឿងនោះឡើយ។

លី ឌីណា និយាយថានាងមានវិញ្ញាណតាមថែតាំងពីមិនទាន់ប្រឡូកនៅក្នុងការសម្ដែងម្ល៉េះ ជាពិសេសនៅរាល់ថ្ងៃសីល និងថ្ងៃពេញបូរមី អោយតែនាងទៅកាន់ទីសក្ការៈបូជា ឬកន្លែងបន់ស្រន់ណាមួយគឺតែងតែមានវិញ្ញាណមកសណ្ឋិតនៅក្នុងខ្លួននាង ធ្វើអោយម្នាក់ៗមានការភ្ញាក់ផ្អើលគ្រប់គ្នា។ ជាក់ស្ដែងក្នុងពេលដែលនាងទៅបន់ស្រន់នៅទីសក្ការៈខាងមុខប្រាសាទអង្គរវត្ត និងនៅព្រះអង្គដង្កើ គឺមានវិញ្ញាណអ្នករបាំមកសណ្ឋិតក្នុងខ្លួននាងតែម្ដង ដោយអោយតែចូលសណ្ឋិតម្ដងៗគឺតម្រូវអោយរាំពន់ពែននៅកណ្ដាលចំណោមមិនខ្មាស់អ្នកណានោះទេ។ អ្វីដែលនាងក៏ចង់ស្រឡាំងកាំងចំពោះខ្លួនឯងផងដែរ គឺអោយតែនាងចូលរួមពិធីក្រុងពាលីរឿងដែលមានថ្វាយភ្លេងភ្លាត់កងរំពង គឺតែងមានវិញ្ញាណអ្នករបាំមកសណ្ឋិតក្នុងខ្លួននាងជាប្រចាំ។

នាងថាពេលខ្លះក៏ខ្មាស់គេដែរ ជាពិសេសនៅពេលដែលមានគេថតទិដ្ឋភាពពេលនាងត្រូវវិញ្ញាណចូលសណ្ឋិតបានហើយយកមកបង្ហោះ ឬយកមកអោយនាងមើលពេលនាងត្រូវបានវិញ្ញាណនោះចេញ។ អ៊ីចឹងហើយទើបក៏ភ័យខ្លួនដែរនៅពេលប៉ុស្ដិ៍លេខ៥ គឺខាងផលិតករថៃ បានអោយនាងសម្ដែងជាតួអង្គខ្មោចក្នុងរឿងភាគ«ភូមិគ្រឹះ១០០ល្បិច»ដោយនាងក៏ចេះតែភ័យថាពេលសម្ដែងជាតួខ្មោច នឹងមានវិញ្ញាណមែនទែនមកសណ្ឋិត។ យ៉ាងណាមិញ នាងថានឹងសុំបួងសួងមិនអោយមានរឿងមួយនោះកើតឡើងនោះទេ ដើម្បីកុំអោយរំខានដល់ការសម្ដែងរបស់នាង និងដើម្បីកុំអោយអ្នកសម្ដែងរួមជាមួយនាងមានការភិតភ័យនៅពេលវិញ្ញាណមែនទែនមកសណ្ឋិតក្នុងខ្លួននាងម្ដងៗ។

នាងថាក្នុងរឿង«ភូមិគ្រឹះ១០០ល្បិច»គឺជាលើកទី១ដែលនាងបានសម្ដែងជាតួខ្មោច ដោយត្រូវតាមបម្រើតួស្រីឆ្នាស់ឆ្នើមនាងលឹម មួយហ្គិច ព្រោះតែត្រូវគេចងវិញ្ញាណ ហើយប្រើមន្តអាគមអោយស្ដាប់តាមបញ្ជាគេ។ នាងថានៅក្នុងរឿងនេះ នាងត្រូវសម្ដែងតាំងពីដើមដល់ចប់ ដោយក្នុងចំណោម២៥ភាគដែលនឹងផលិត គឺនាងនឹងចេញសម្ដែងច្រើនមិនតិចជាង២០ភាគនោះទេ។ ក្នុងនោះនាងក៏ត្រូវចំណាយពេលផ្អាកការសម្ដែងជាមួយភាពយន្តដែលគ្រោងទាក់ទងអោយនាងចេញសម្ដែងក្នុងពេលទន្ទឹមគ្នា ទាក់ទងមកតាមក្រោយផងដែរ ដើម្បីអាចបែងចែកពេលវេលាសម្ដែងអោយផលិតករថៃនៅប៉ុស្ដិ៍លេខ៥អោយបានពេញលេញ។

នាងថានេះជាភាពយន្តដែលនាងត្រូវសម្ដែងបែបវិញ្ញាណលើកដំបូង ហើយក៏ជារឿងដែលនាងរំពឹងពីភាពជោគជ័យក្នុងពេលដាក់បញ្ចាំងនៅលើកញ្ចក់ទូរទស្សន៍ប៉ុស្ដិ៍លេខ៥នៅដើមឆ្នាំ២០១៨ខាងមុខផងដែរ ក្នុងពេលដែលការសម្ដែងក៏អាចពិសោធន៍អោយនាងដឹងថាតើនឹងមានវិញ្ញាណមែនទែនមកសណ្ឋិតក្នុងខ្លួននាងដូចពេលកន្លងមកឬអត់ ប្រសិនបើនាងត្រូវគេអោយសម្ដែងជាខ្មោច ឬជាវិញ្ញាណបែបនេះ៕

មតិយោបល់