ខណៈដែលភាពយន្តរឿង«នរណា Comeback» ដែលជារឿង«រាជបុរី Comeback » ស្ថិតក្នុងការចាប់អារម្មណ៍កាន់តែខ្លាំងក្រោយនោះ នៅតាមបណ្ដារោងកុនបែរជាកាត់ម៉ោងល្អដែលអ្នកទស្សនាចង់ទៅទស្សនាព្រោះតែខ្វះការគាំទ្រដល់ស្នាដៃខ្មែរទៅវិញ។
យ៉ាងណាមិញករណីដាក់ម៉ោងស្អុយៗឲ្យភាពយន្តខ្មែរនេះ មិនមែនជាលើកទី១នោះទេ គឺគេមានការផ្ទុះឡើងនូវប្រតិកម្មពីសំណាក់ម្ចាស់ផលិតកម្មភាពយន្តខ្មែរច្រើនមកហើយ ដោយសារតែម្ចាស់ភាពយន្តហាក់មានចេតនាលើកកម្ពស់តែភាពយន្តក្រៅស្រុក ដោយគេឃើញមានការបំផុសជាផ្ទាំងប៉ាណូយ៉ាងគគ្រឹកគគ្រេង ហើយដាក់លក់សំបុត្រសម្រាប់ភាពយន្តបរទេសទាំងនោះសុទ្ធតែម៉ោងល្អ។
អ្នកលេងហ្វេសប៊ុកច្រើនឡើងបានបង្ហាញពីការរិះគន់ចំពោះរោងកុន Legend និងរោងMajor នៅអ៉ីអន ក្រោយពីអ្នកគាំទ្រភាពយន្តខ្មែរទាំងនោះបានអះអាងថាចង់ទៅទិញសំបុត្រមើលរឿង«នរណា Comeback » តែបើជាគ្មានសាលសម្រាប់មើល ដោយក្នុងម៉ោងល្អគឺមានសុទ្ធតែរឿងបរទេស ជាពិសេសគឺរឿងថៃ ដែលក្នុងករណីនេះគួរតែប្រតិកម្មពីសំណាក់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដើម្បីលើកទឹកចិត្តចំពោះស្នាដៃខ្មែរ។
ស្ទើរនៅគ្រប់រោងគេឃើញម្ចាស់រោងកុនបើកទទួលភ្ញៀវឲ្យទស្សនារឿងមួយនេះតែក្នុងម៉ោងស្អុយប៉ុណ្ណោះ ជាពិសេសម៉ោងធ្វើការ និងម៉ោងដែលមិនសូវមានអ្នកផ្សាយ ប៉ុន្តែបើម៉ោងល្អ និងម៉ោងយប់ដែលមានអ្នកទៅទិញសំបុត្រចង់មើលច្រើនបែរជាមិនមាន។
នៅលើហ្វេសប៊ុកអ្នកចង់ទស្សនារឿង«នរណា Comeback» មិនតិចនោះទេ បានបង្ហោះពាក្យសោកស្ដាយដែលខំស្កាត់ពីផ្ទះទៅផ្សារអ៉ីអន និងផ្សារទំនើបផ្សេងទៀតព្រោះតែចង់មើលរឿង តែបែរជាខាងរោងកុនអត់មានម៉ោងក្នុងការដាក់បញ្ចាំងទៅវិញ។
អ្នកប្រតិកម្មទាំងនោះបានទាំងហៅការដាក់បញ្ចាំងរឿងបរទេសក្នុងម៉ោងល្អ ហើយមិនមានម៉ោងសម្រាប់ភាពយន្តរឿង«នរណា Comeback »ថាជាការសម្លាប់ភាពយន្តខ្មែរ មិនខុសពីមុនមានចំណាត់ការឲ្យបញ្ចាំងភាពយន្តខ្មែរក្នុងអំឡុងម៉ោងមាសនៅលើកញ្ចក់ទូរទស្សន៍នោះផង។
លោកហួរ សុផល ចាងហ្វាងផលិតកម្មក្លាស៊ិក បានអះអាងថាលោកអត់បានដឹងពីរឿងរោងកុនបិទចោលនូវការដាក់បញ្ចាំងរឿងនៅក្នុងម៉ោងមាសនោះទេ ដោយទើបតែឃើញអ្នកលេងហ្វេសប៊ុកឆាតមកសួរ និងបង្ហោះនៅលើប្រូហ្វាល់ផ្ទាល់ខ្លួនប៉ុណ្ណោះ ទើបលោកទៅឆែកតាមរោងគឺពិតជាមានការកាត់ចោលម៉ោងល្អៗនូវរឿងរបស់លោកប្រាកដមែន។ លោកថារោងកុនទំនើបស្ទើរទាំងអស់ អត់ដាក់ម៉ោងយប់ឲ្យលោកនោះទេ ទើបធ្វើឲ្យអ្នកចង់ទស្សនារឿងរបស់លោកមិនអាចទស្សនាបានព្រោះតែម្ចាស់រោងកុនបើកតែម៉ោងស្អុយៗ ឬម៉ោងគេធ្វើការដែលមិនអាចឲ្យគេឈប់សម្រាកការងារទៅទស្សនារឿងបាន។
លោកថានៅក្នុងកុងត្រាគឺរោងនឹងទទួលបញ្ចាំងរឿងរបស់លោករហូតដល់ម៉ោង១០យប់ ដោយក្នុងម៉ោងល្អក៏បើកមួយសាល ឬ២សាលដើម្បីតម្រូវចិត្តភ្ញៀវផងដែរ ប៉ុន្តែជាក់ស្ដែងក្រោយការឆាតសួរពីអ្នកគាំទ្រច្រើននាក់ ទើបលោកដឹងថាគេបិទម៉ោងនោះរបស់លោក។
យ៉ាងណាមិញ លោកថានឹងធ្វើការចរចារជាមួយម្ចាស់រោងកុន បើទោះមិនទាន់ដឹងថាតើបណ្ដារោងកុននឹងផ្ដល់ម៉ោងល្អនៅតាមរោងកុននានាឲ្យលោកមួយសាល ឬ២សាលតាមកិច្ចសន្យាវិញឬអត់។
លោកថារឿងនេះនឹងដកផលចំណេញ៥ភាគសម្រាប់ភាគហ៊ុនលោក និង១០០ភាគសម្រាប់ផលចំណេញរបស់ដៃគូម្នាក់ទៀតរបស់លោកជួយដល់គន្ធបុប្ផា និងទាហាននៅតាមព្រំដែន តែបើរោងមិនដាក់ម៉ោងល្អៗឲ្យលោកវិញទេ គឺក្ដីរំពឹងថាជួយសង្គមបានច្រើនពិតជាខកខាន។
ពាក់ព័ន្ធនឹងការដកម៉ោងល្អៗស្ទើរតែគ្រប់រឿងរបស់ផលិតករខ្មែរនៅតាមបណ្ដារោងកុននេះ បណ្ដាផលិតករភាគច្រើនបានអះអាងថាម្ចាស់រោងកុនLegend និង Major មិនសូវមានការគាំទ្រចំពោះរឿងខ្មែរនោះទេ គឺលើកលែងតែរឿងនោះផ្ទុះខ្លាំងទើបម្ចាស់រោងមួយនេះផ្ដល់ការលើកទឹកចិត្ត។
យ៉ាងណាមិញ បើក្រឡេកមើលភាពយន្តរបស់បរទេសគឺទោះជាមិនសូវមានអ្នកទិញសំបុត្រទស្សនាក៏បើកនៅក្នុងម៉ោងល្អនោះដែរ ទើបធ្វើឲ្យភាពយន្តខ្នាតធំរឿង«នរណា Comeback » ដែលកំពុងផ្អើលថាល្អមើល និងសម្បូរប្លង់កំប្លុកកំប្លែងតាំងពីដើមដល់ចប់នោះ អាចនឹងប្រឈមការខាតបង់ដោយសារតែម្ចាស់រោងខ្វះការលើកទឹកចិត្ត។
តំណាងរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានត្រឹមតែអះអាងថានឹងធ្វើការពិចារណាចំពោះករណីនេះរបស់ម្ចាស់រោងកុនប៉ុណ្ណោះ ប៉ុន្តែគេមិនទាន់ឃើញស្ថាប័នមួយនេះ ដាក់កំហិតម្ចាស់រោងកុនដែលរកស៊ីកើបលុយនៅស្រុកខ្មែរ ដើម្បីឲ្យទុកម៉ោងល្អឲ្យរឿងខ្មែរគ្រប់រឿងយ៉ាងហោចមួយសាល ឬ២សាល ដើម្បីឲ្យរឿងខ្មែរមានម៉ោងល្អដើម្បីទិញសំបុត្រមើលនោះទេ។
យ៉ាងណាមិញ គេរំពឹងស្ថាប័នពាក់ព័ន្ធនឹងអន្តរាគមន៍លើករណីនេះដូចគ្នានឹងការកំណត់ឲ្យបញ្ចាំងរឿងខ្មែរក្នុងម៉ោងមាសនៅលើកញ្ចក់ទូរទស្សន៍ បើមិនដូច្នោះទេ គឺភាពយន្តខ្មែរច្បាស់នឹងត្រូវផ្កាប់ឆ្នាំងម្ដងមួយៗ ព្រោះតែម្ចាស់រោងកុនលើកស្ទួយតែរឿងបរទេសនៅក្នុងម៉ោងមាស៕
មតិយោបល់