តាំងពីថ្ងៃទី១៦ វិច្ឆិកា ដែលជាថ្ងៃដាក់បញ្ចាំងរឿង «នរណា Comeback » ដែលជារឿងពាក់ព័ន្ធនឹងអតីតតារាចម្រៀងលោករាជ បូរី គេឃើញភាពយន្តខ្នាតធំមួយនេះទទួលបានការគាំទ្រនៅមានកម្រិតនៅឡើយដោយសារតែបណ្ដារោងធំៗហាក់មិនសូវមានបំណងលើស្ទួយ ហើយបានដកម៉ោងល្អៗឲ្យទៅភាពយន្តបរទេស ដោយមិនបន្តនូវម៉ោងល្អៗដែលត្រូវគេដឹងថាសម្បូរអ្នកចង់ទស្សនា។
ជាមួយនឹងក្ដីរំពឹងហាក់មិនសូវត្រូវតាមការចង់បាននេះ ចាងហ្វាងផលិតកម្មបានអះអាងថាមានការគាទ្រពីអ្នកស្នេហាវិស័យភាពយន្តប៉ុណ្ណោះ ដែលជួយឲ្យភាពយន្តទទួលបានផលចំណេញច្រើនហើយអាចកាត់ភាគរយទៅជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងកងទាហាននៅតាមព្រំដែនបានច្រើនតាមការប៉ងប្រាថ្នា។
លោកហួរ សុផល បានថ្លែងអំពាវនាថាមានការចូលរួមពីសំណាក់អ្នកគាំទ្រ ដែលស្រឡាញ់ស្នាដៃកូនខ្មែរ និងស្នាដៃភាពយន្តខ្មែរប៉ុណ្ណោះ ទើបអាចធ្វើឲ្យភាពយន្តរឿង«នរណាComeback» របស់លោកអាចទទួលបានផលចំណេញខ្ពស់។ លោកថាភាពយន្តមួយនេះមាន២ភាគហ៊ុន គឺលោក និងម្ចាស់ក្លឹបកម្សាន្តម៉ារ៉ុកបានចំណាយ៥០ភាគរយម្នាក់ ដោយដៃគូរបស់លោកបានសម្រេចប្រគល់ប្រាក់ចំណេញ១០០ភាគរយឲ្យទៅគន្ធបុប្ផា និងកងទាហានៅតាមព្រំដែន ហើយសម្រាប់ផលចំណេញរបស់លោកគឺនឹងកាត់៥ភាគរយជួយដល់សង្គមបែបនេះដូចគ្នា។
លោកថាមកទល់ពេលនេះផលិតកម្មរបស់លោកមានទឹកប្រាក់ក្នុងដៃចំនួន៥ពាន់ដុល្លារហើយ ដោយសារតែមានការបរិច្ចាគពីភ្ញៀវកិត្តិយសមួយរូបដើម្បីឲ្យលោក និងផលិតកម្មណាមួយទទួលបានទឹកប្រាក់មួយជាស្រេចដើម្បីជាប្រយោជន៍ដោយគន្ធបុប្ផា និងជួយផ្នែកសប្បុរសធម៌ផ្សេងទៀតក្រោយការបញ្ចាំងរឿង។ លោកថាបើភាពយន្តនេះទទួលបានផលចំណេញច្រើន នោះកញ្ចប់ជាប្រយោជន៍ដល់សង្គម នឹងមានការកាន់តែច្រើន។ លោកអះអាងថាមិនចង់ឃើញភាពយន្តរឿង«នរណា Comeback»ប្រឈមការខាតបង់ ឬទទួលផលចំណេញតិចតួចនោះទេ ដោយសារតែលោកចង់បានភាគរយជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់ក្រុមកងទ័ពនៅតាមព្រំដែនបានលុយកាន់តែច្រើន។
ក្នុងនោះលោកក៏សម្ដែងការសោកស្ដាយផងដែរដែលបណ្ដារោងកុនខ្លះបានទម្លាក់ម៉ោងៗល្អរបស់លោក ធ្វើឲ្យអ្នកចង់ទៅទៅទស្សនារឿងរបស់លោកមិនមានម៉ោងទស្សនា ហើយធ្វើឲ្យបាត់បង់ប្រាក់ចំណូលដោយសារតែម៉ោងដែលរោងកុនឲ្យបញ្ចាំងគឺភាគច្រើនអ្នកគាំទ្រពិបាកទៅមើល។
លោកថាជារឿងសំខាន់ណាស់ដែលរោងសម្រេចដកម៉ោងៗល្អរបស់រឿង«នរណាComeback» ដែលមិនខុសពីធ្វើឲ្យគម្រោងចង់បានប្រាក់ចំណេញដើម្បីកាត់ជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងទាហានតាមព្រំដែន ទទួលបរាជ័យនោះទេ បើទោះជាផលិតកម្មរបស់លោកមានប្រាក់ក្នុងដៃចំនួន៥ពាន់ដុល្លារដើម្បីបម្រើដល់កិច្ចការសង្គមទាំង២នេះ ហើយការផលិតរឿងរបស់លោកគឺមិនមែនដើម្បីកើបលុយដាក់ហោប៉ៅនោះទេ ប៉ុន្តែអ្វីដែលលោកចង់បានគឺចង់រំលេចពីអត្តថភាពសង្គមដែលកំពុងកើតឡើង គឺការស្រឡាញ់ភេទដូចគ្នា កុំឲ្យមានការរើសអើង និងដើម្បីបានរួមចំណែកយកផលចំណេញទៅ៥ភាគរយសម្រាប់ចំណែកលោក និង១០០ភាគរយសម្រាប់ចំណែកដៃគូភាគហ៊ុនលោក ទៅជួយដល់សង្គមតាមការប្រកាសប៉ុណ្ណោះ។
លោកថាមកទល់ពេលនេះភាពយន្តរបស់លោកបានដំណើរការដាក់បញ្ចាំងនៅរាជធានីភ្នំពេញ និងនៅខេត្តសៀមរាបដោយទទួលបានការគាំទ្រភាគច្រើន ក្នុងនោះដាក់បញ្ចាំងនៅខេត្តកំពង់ចាមក៏មានអ្នកគាំទ្រច្រើនដែរ ដោយគ្រាន់តែនៅមិនទាន់នឹងការចង់បានដែលលោកធ្លាប់រំពឹងនៅឡើយ។
លោកទទូចឲ្យអ្នកគាំទ្រកុំរើសអើងចំពោះភាពយន្តដែលនិយាយពីស្នេហាភេទដូចគ្នា និងស្នើឲ្យចូលរួមទស្សនាឲ្យបានច្រើនឡើងវិញ ដើម្បីរួមចំណែកជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងជួយដល់កងទាហាននៅព្រំដែន ដែលមិនខុសពីបានរួមចំណែកជួយដល់សង្គមនោះទេ។
លោកបង្ហាញការភ័យបារម្ភ បន្ទាប់ពីការដាក់បញ្ចាំងក្នុងប៉ុន្មានថ្ងៃនេះ គឺអ្នកទស្សនានៅមានកម្រិត ហើយអ្នកមិនបានទស្សនាខ្លះក៏បានវាយតម្លៃថារឿងរបស់លោកជារឿងបំផុសដល់ស្នេហាភេទដូចគ្នា ដែលនេះជាការកាត់ក្ដីដែលលោកយល់ថាជាការលើកឡើងមិនត្រូវនឹងគោលបំណងរឿងដែលគ្រាន់តែចង់ឆ្លុះបញ្ចាំង និងអប់រំឲ្យមើលឃើញពីផលវិបាករបស់ស្នេហាខុសធម្មជាតិមួយនេះ ដើម្បីកុំឲ្យបន្តដើរផ្លូវនេះ៕
https://youtu.be/Mqxvz_KhfqM
មតិយោបល់