ព័ត៌មានសិល្បៈ និងកម្សាន្ត

ពេជ្រ ចរណៃ សុខចិត្តក្រាញនៅពេទ្យថៃ ទាំងអស់សង្ឃឹម

មកទល់ពេលនេះស្ថានភាពជំងឺរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ នៅតែស្ថិតក្នុងសភាពគ្រោះថ្នាក់ដោយសារតែនាងមិនមានលទ្ធភាពធ្វើការវះកាត់។

កញ្ញាត្រូវបានគេអះអាងថាកំពុងជួលផ្ទះមួយកន្លែងស្នាក់នៅខេត្តបន្ទាយមានជ័យ គឺនៅតំបន់ប៉ោយប៉ែត ដើម្បីការពារក្នុងពេលធ្វើទុក្ខងាយស្រួលបញ្ជូនចូលពេទ្យថៃ។

បើទោះជាសប្បុរសជនមួយក្រុមបានអះអាងថានឹងជួយស្វែងអន្តរាគមន៍ឲ្យនាងបានចូលវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ជាថ្នូរនឹងការបង់ប្រាក់ត្រឹមតែ៥ពាន់ដុល្លារ ក៏នាងហាក់មិនចង់ទទួលយកការជ្រោមជ្រែងនោះទេ ដោយសារតែនាងប្រកាសថាលែងមានជំនឿលើពេទ្យខ្មែរ និងបានបង្ហាញជំហរថាមិនចុះមកពេទ្យខ្មែរនោះទេ ដោយសារតែជំងឺឈានដល់ដំណាក់កាលធ្ងន់ទៅហើយ និងថាបើពេលធ្វើទុក្ខរត់ចូលពេទ្យថៃគឺមានសង្ឃឹមបន្តរស់ច្រើនជាង បើធៀបនឹងការជម្រើសយកផ្លូវមកភ្នំពេញវិញ ហើយពេលធ្វើទុក្ខត្រូវរត់ចូលពេទ្យក្នុងស្រុក និងទទួលយកការវះកាត់ដោយពេទ្យក្នុងស្រុកនោះ។

យោងតាមការពីលោក ជានិច្ច ម្ចាស់អង្គការខ្ញុំខ្មែរ ដែលជាខ្នះខ្នែងមួយរូបចាប់តាំងពីដឹងថាពេជ្រ ចរណៃ មិនមានលទ្ធភាពព្យាបាលជំងឺបេះដូង បានអះអាងថា តារាសម្ដែងនាង ពេជ្រ ចរណៃ បានចាកចេញពីថៃមកជួលផ្ទះនៅខេត្តបន្ទាយមានជ័យមួយរយៈមកហើយ ដោយសារតែនាងអត់មានលទ្ធភាពបន្តរស់នៅក្នុងមន្ទីរពេទ្យថៃ និងក្នុងប្រទេសថៃដែលត្រូវចំណាយអស់ច្រើន។ លោកថានាង និងម្ដាយជម្រើសយកការជួលផ្ទះជាប់ព្រំដែននោះស្នាក់នៅ គឺដើម្បីងាយស្រួលបញ្ជូនចូលពេទ្យថៃ នៅពេលជំងឺរបស់នាងធ្វើទុក្ខម្ដងផ្ទុះឡើង។

លោកថាមកទល់ពេលនេះ ផលិតកររឿង«អាគមស្បែកដាច»របស់ផលិតកម្មទេពនិករភាពយន្ត ដែលនាងប្រកាសថាជាអ្នកជម្រុញឲ្យនាងឆាប់ចេញទៅកាន់ប្រទេសថៃ និងបានប្រកាសថាអាចស្វែងរកសប្បុរសជនចេញលុយឲ្យនាងបានវះកាត់បេះដូងក្រោយទៅដល់ប្រទេសថៃ គឺអត់ទាន់មានដំណឹងអ្វីនោះទេ ដោយឮភាគីខាងនាងប្រាប់ថាផលិតកររឿង«អាគមស្បែកដាច»ដែលនាងបានសម្ដែងបានឆ្លើយត្រឡប់មកវិញថា សំណើរសុំជំនួយរបស់គេចំពោះនាងមិនទទួលបានជោគជ័យនោះទេ ទើបធ្វើឲ្យនាងហេលហាលនៅព្រំដែនថៃទីដែលនាងបានជួលផ្ទះស្នាក់នៅ។

លោកបានបន្តភាគីខាងពេជ្រ ចរណៃ មិនព្រមត្រឡប់មកវិញនោះទេ ដោយនាង និងម្ដាយប្រាប់ថាបើនាងត្រឡប់មកវិញក៏មិនខុសពីស្លាប់នោះដែរ ទើបនាងសុខចិត្តត្រាំត្រែងនៅខេត្តបន្ទាយមានជ័យ ហើយសុខចិត្តលេបថ្នាំពន្យា និងម្ដងម្កាលបញ្ជូនចេញទៅថៃបើមានករណីធ្វើទុក្ខធ្ងន់។

មិនខុសពីការអះអាងថារបស់ប្រធានអង្គការខ្ញុំខ្មែរ កញ្ញាពេជ្រ ចរណៃ បានអះអាងថានាងមិនជឿជាក់លើពេទ្យក្នុងស្រុកនោះទេ ទើបនាងសុខចិត្តត្រាំត្រែងទៅពេទ្យថៃ ដោយមិនទាន់ទទួលយកការសម្រេចចិត្តត្រឡប់មកភ្នំពេញវិញ ហើយទទួលយកការវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ ដោយមានអ្នកចេញមុខធានាចចារសុំឲ្យនាងបង់ត្រឹមតែ៥ពាន់ដុល្លារនោះ។

នាងអះអាងថាបើនាងត្រឡប់មកពីថៃវិញ ហើយត្រូវប្រឈមនឹងការវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែតដោយចំណាយ៥ពាន់ដុល្លារ ដែលនាងថាមិនមានលុយដដែលនោះ គឺនាងសុខចិត្តស្លាប់នៅប៉ោយប៉ែត ឬនៅថៃល្អជាងដោយសារតែខាងពេទ្យថៃ គឺតាំងពីនាងបានទទួលយកថ្នាំពន្យារមក គឺធ្វើឲ្យនាងគ្រាន់បើ និងមានក្ដីសង្ឃឹមថាអាចរស់បានយូរជាងសុខចិត្តមករស់នៅភ្នំពេញ ហើយក្នុងពេលធ្វើទុក្ខត្រូវយកទៅពេទ្យក្នុងស្រុក។

នាងថាសប្បាយចិត្តណាស់ដែលមានអ្នកចង់ចេញមុខជួយឲ្យនាងបានទទួលបាននូវការព្យាបាលនៅពេទ្យកាល់ម៉ែតក្នុងតម្លៃ៥ពាន់ដុល្លារ ដោយថោកជាងនៅថៃ ប៉ុន្តែនាងថា៥ពាន់ដុល្លារក៏គ្មានដដែល ហើយសំខាន់គឺនាងមិនមានទំនុកចិត្តចំពោះពេទ្យក្នុងស្រុកតែម្ដង ទើបនាងសុខចិត្តស្នាក់នៅប៉ោយប៉ែត ហើយពេលធ្វើទុក្ខគឺត្រូវឡើងទៅពេទ្យថៃ។

នាងក៏មិនទាន់ត្រូវបានគ្រួសារតារាកម្ពុជាប្រគល់ថវិការ៉ៃអង្គាសលើកទី២ចំនួន៧០០ដុល្លារ និង៣០ម៉ឺនរៀលដែលជាជំនួយរបស់តារាសិល្បៈ សប្បុរសជន និងមានអ្នករស់នៅឯប្រទេសកូរ៉េផងនោះនៅឡើយទេ ដោយសារតែថវិកាទាំងនេះត្រូវការតំណាងគ្រួសាររបស់នាងមកទទួលដោយផ្ទាល់ ដើម្បីថតបង្ហោះឲ្យសប្បុរសជនបានឃើញ ក្នុងពេលដែលនាងក៏អះអាងថាការស្នាក់នៅនៅឯខេត្តបន្ទាយមានជ័យនោះគឺត្រឹមមួយរស់ដោយសារតែមានសប្បុរសជនជួយតិចតួចៗក៏អាចឲ្យនាងរស់បាន៕

មតិយោបល់