ខុសពីនារីភាគច្រើនដែលនៅស្ទាក់ស្ទើរក្នុងការលាតត្រដាងស្នេហា តារាសម្ដែងកញ្ញាដេនី ក្វាន់ បានប្រកាសយ៉ាងមុតមាំថាកញ្ញាមិនខ្វល់ពីរឿងអ្នកពេបជ្រាយចំពោះគូស្នេហ៍របស់នាងដែលត្រូវគេស្គាល់ជាអ្នកថតស្ពត និងជាអ្នករកស៊ីលក់រថយន្តយ៉ាងសាមញ្ញាមួយរូបនោះទេ ដោយនឹងបន្តស្នេហាជាមួយលោកដោយមិនស្ដាយក្រោយនោះឡើយ។
កញ្ញាក៏ប្រកាសនឹងឈប់លាក់បាំង និងថាទោះជាមានអ្នករិះគន់ពីភាពមិនសមគ្នារវាងនាង និងគូស្នេហ៍ ក៏នាងថាសម្រាប់នាងគឺគ្មានបុរសណាម្នាក់ដែលល្អជាងគូស្នេហ៍របស់នាងនោះឡើយ។
ដេនី ក្វាន់ ប្រកាសនៅលើហ្វេសប៊ុកអមដោយរូបថតជាមួយគូសេ្នហ៍ថា «មានមនុស្សជាច្រើនសួរខ្ញុំថា ហេតុអ្វីខ្ញុំរើសយកម្នាក់ហ្នឹង ខ្ញុំក៏មិនដឹងឡើងថារើសខុស ឬក៏រើសទៅត្រូវ តែបើរើសថ្មីម្ដងទៀត ខ្ញុំនៅតែរើសយកម្នាក់ដដែល ព្រោះស្នេហារបស់ខ្ញុំទាំង២មិនមែនស្ថិតលើមាត់អ្នកដទៃ ខ្ញុំសុខចិត្តធ្វើព្រះនាងរបស់ប្ដីអ្នកក្រ ប្រសើរជាធ្វើទាសករប្ដីអ្នកមាន!»។
នៅក្នុងសំណេរផ្សេងទៀត នាងក៏បានប្រកាសមិនខ្លាចធ្លាក់ ឬបាត់បង់ប្រជាប្រិយភាព ដោយគ្រាន់តែបើកចំហរថាលោកចាន់ មករា ដែលនាងជ្រើសរើសថាជាគូស្នេហ៍របស់ខ្លួននោះដែរ។ ចំណុចដែលកាន់តែធ្វើឲ្យមានការចាប់អារម្មណ៍ទៅទៀត គឺនាងបានអះអាងថាលោកចាន់ មករា គឺប្ដី ក្នុងពេលដែលមានអ្នកសួរថានាងនឹងទៅមើលកុនជាមួយអ្នកណា ដែលពាក្យថាប្ដីនេះគឺនាងសំដៅលើលោកចាន់ មករានោះផង។
នេះជាការលើកឡើងយ៉ាងកម្រ បើធៀបនឹងតារាដែលមានកេរ្តិ៍ឈ្មោះបោះសំឡេងរាប់មិនអស់ដែលតែងលាក់បាំងស្នេហា ហើយបើទោះជាគេដឹងថាស្នេហានោះបានទាំងរួមរស់នៅក្រោមដំបូលតែមួយផង ក៏តារាដែលប្រឹងលាក់ស្នេហ៍រមែងមិនទទួលស្គាល់។ ដេនី ក្វាន់ បានប្រកាសជាសាធារណៈថារវាងនាង និងលោកចាន់ មករា អត់មានការលាក់បាំងទៀតថា បន្ទាប់ពីនាងស្វែងយល់ចិត្តគ្នាជាមួយបុរសមាឌធំរូបនេះ ហើយកត់សម្គាល់ឃើញថាលោកគឺជាផលិតករ និងជាអ្នកជំនួញមួយរូបដែលមានការតស៊ូ ហើយដឹកនាំជីវិតរបស់នាងបាន។
នាងត្រូវគេឃើញរស់នៅហ៊ឺហារមិនចាញ់នារីដែលខំប្រថុយខ្លួនក្ដោបក្ដាប់បុរសអ្នកមាននោះទេ ដោយសារតែលោក ចាន់ មករា ថ្វីដ្បិតថាមិនមែនជាបុរសទ្រព្យស្ដុក តែលោកក៏ជាអ្នកផលិតស្ពតលំដាប់មួយនៅកម្ពុជា ហើយជំនួញលក់រថយន្តរបស់លោកក៏កាក់កបគ្រាន់បើនាពេលចុងក្រោយ។
លោកចាន់ មករា ញញឹមបិទមាត់មិនជិតនោះទេ ប៉ុន្តែពីត្រូវគូសេ្នហ៍ គឺកញ្ញាដេនី ក្វាន់ ប្រកាសដោយបើកចំហរក្នុងន័យសុខចិត្តស្លាប់រស់មិនបោះបង់លោក បើទោះជានាងមានឱកាសរកបានបុរសសង្ហារជាងលោក និងមានចំណេះជាងលោក ដោយបូករួមទាំងសម្បូរទ្រព្យជាងលោកផង។ លោកធ្លាប់បានបញ្ជាក់ថា កញ្ញាដេនី ក្វាន់ ស៊ិចស៊ីតែសំបកកាយប៉ុណ្ណោះ ប៉ុន្តែនាងជានារីដែលមានស្នេហានឹកធឹង និងមិនមែនស្រឡាញ់លោកក្នុងន័យជាឈ្លាន់ ទើបធ្វើឲ្យលោកសុខចិត្តស្លាប់រស់ជាមួយនាងដូចគ្នា ដោយលោកប្រកាសថាមិនមែនស្រឡាញ់លោកក្នុងន័័យលេងសើចនោះទេ។
យ៉ាងណាមិញលោកបានបង្ហើបថាសម្រាប់មង្គលការគឺលោកនឹងត្រូវគិតគូរឆាប់ៗ ដោយគ្រាន់តែពេលវេលានោះលោកទុកឲ្យកញ្ញាដេនី ក្វាន់ ជាអ្នកជ្រើសរើសប៉ុណ្ណោះ៕
មតិយោបល់