អាមេរិកៈ រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃអង្គារ បានបង្ហាញពីការដាក់ទណ្ឌកម្មថ្មី ដោយផ្តោតទៅលើការដឹកជញ្ជូនរបស់កូរ៉េខាងជើង និងឈ្មួញចិន ដែលកំពុងធ្វើពាណិជ្ជកម្ម ជាមួយក្រុងព្យុងយ៉ាងជាថ្មីម្តងទៀត ដើម្បីបង្កើនសម្ពាធដល់រដ្ឋកុម្មុយនិស្តមួយនេះ ឲ្យបោះបង់ចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៧។
វិធានការនេះ បានកើតឡើងមួយថ្ងៃបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសថា ដាក់កូរ៉េខាងជើង ក្នុងបញ្ជីខ្មៅរបស់ខ្លួនទ្បើងវិញ ដោយហៅប្រទេសនេះថា ជារដ្ឋគាំទ្រអំពើភេរវកម្ម ។
ពាក់ព័ន្ធនឹងបញ្ហានេះ លោក Steven Mnuchin រដ្ឋលេខាធិការក្រសួងហិរញ្ញវត្ថុអាមេរិក បានថ្លែងថា «ទណ្ឌកម្មថ្មីនេះ រួមមានក្រុមហ៊ុន ដែលបានធ្វើពាណិជ្ជកម្ម ជាមួយក្រុងព្យុងយ៉ាងមានតម្លៃរាប់រយលានដុល្លារ»។
ដោយក្នុងនោះក៏រួមបញ្ចូលទាំងនាវា និងកប៉ាលជាច្រើនរបស់ក្រុមហ៊ុនដឹកជញ្ជូន ដែលបានជួយសម្រួលដល់ការធ្វើពាណិជ្ជកម្ម របស់កូរ៉េខាងជើងផងដែរ៕
មតិយោបល់