ព័ត៌មានសិល្បៈ និងកម្សាន្ត

ក្រៅពីប្រកាសពង្រឹងវិស័យសិល្បៈឡើងវិញ ផលិតករ Galaxy ប្រកាសសង់សាលាកូរ៉េដល់ទៅ៣ទីតាំង បណ្ដុះពលករដោយមិនយកប្រាក់ទៀត

ចាត់ទុកជាដំណឹងវិជ្ជមានទៀតហើយ ដែលតារាចម្រៀង និងជាម្ចាស់ផលិតកម្ម Galaxy ដែលត្រូវគេស្គាល់ថា បានឡើងជាឧកញ៉ាវ័យក្មេងលោក ឡេង ណាវ៉ាត្រា បានប្រកាសថា ខ្លួននឹងសង់សាលាបណ្ដុះបណ្ដាលភាសាកូរ៉េចំនួន៣កន្លែង ក្នុងពេលខាងមុខ ដើម្បីឲ្យកូនខ្មែរដែលចង់ចេះភាសាកូរ៉េ និងចង់ប្រលងទៅធ្វើការនៅក្នុងប្រទេសកូរ៉េ មានលទ្ធភាពគ្រប់គ្រាន់ ដោយមិនចំណាយប្រាក់។ គម្រោងរបស់លោកប្រកាសធ្វើឡើងក្នុងពេលឆាប់ៗ ដោយលោកកំពុងចាត់ចែងក្រុមការងារ ឲ្យស្ទាបស្ទង់ពីតម្រូវការថា នៅទីណា មានបំណងចង់បានការបណ្ដុះបណ្ដាលច្រើនជាងគេ គឺនឹងសង់នៅទីនោះមុន។

លោក ឡេង ណាវ៉ាត្រា បានថ្លែងបញ្ជាក់ថា បើទោះជាលោក បានឡើងខ្ពស់ក្នុងនាមជាអ្នកនិយោបាយ ក៏លោកនៅតែមានឈ្មោះថា ជាតារាចម្រៀងមួយរូប និងជាម្ចាស់ផលិតកម្ម ដែលបន្តបោះទុនក្នុងគម្រោងផលិតបទចម្រៀង និងផលិតភាពយន្ត មិនបោះបង់អាជីពជោគជ័យដំបូងរបស់ខ្លួននោះទេ ខណ:ដែលក្នុងពេលដ៏ខ្លី ផលិតកម្មរបស់លោក ក៏នឹងបង្ហាញស្នាដៃបទចម្រៀងថ្មីៗ និងត្រៀមបញ្ចេញស្នាដៃភាពយន្តមួយថ្មីសន្លាង បន្ទាប់ពីជម្រើស បានផលិតករ ដែលមានសមត្ថភាពច្រើនរូប ឲ្យចូលគ្រប់គ្រង។

លោកថា ផលិតកម្ម Galaxy នឹងកម្រើកឡើងវិញ ក្នុងពេលឆាប់ៗ ព្រមជាមួយនឹងបញ្ចេញស្នាដៃបទចម្រៀងថ្មី និងស្នាដៃភាពយន្តទាំងព្រមតែម្ដង ដោយលោកប្រកាសវត្តមានបង្ហាញខ្លួនជាថ្មី គឺនឹងខ្លាំង ហើយប្លែកជាងមុន។ អ៊ីចឹងហើយ ទើបលោកសម្រេចទាំងបោះទុន ក្នុងគម្រោងសាងសង់អគារសិក្សាភាសាកូរ៉េ ដល់ទៅ៣កន្លែងជូនដល់អ្នកចង់សិក្សាកូរ៉េ ដែលចង់ ស្វែងរកការងារ នៅក្នុងប្រទេសកូរ៉េ និងនៅក្នុងស្រុកថែមទៀត ដើម្បីឲ្យលោក បានរួមចំណែកទាំងក្នុងវិស័យសិល្ប: និងទាំងបានចូលរួមលើកស្ទួយធនធានមនុស្ស ឲ្យបានទន្ទឹមគ្នា។ លោកថា ហេតុផលដែលលោកសម្រេចចិត្តចំណាយទុន លើគម្រោងបង្កើតសាលាកូរ៉េ គឺដោយសារតែលោកយល់ថា តម្រូវការភាសាកូរ៉េមានភាព ចាំបាច់ចំពោះពលរដ្ឋ ហើយតម្រូវការពលករ ពីកម្ពុជាទៅធ្វើការនៅក្នុងប្រទេសកូរ៉េ ក៍នៅមានច្រើន ដែលចាំបាច់ឲ្យលោក ដែលជាអតីតពលករ នៅក្នុងប្រទេសកូរ៉េ ដែលបានមានឱកាសបានទទួលការសិក្សានាពេលនោះទាំងលំបាក គួរតែងាកមកយកចិត្តទុកដាក់ ដល់ចំណុចនេះ ក្រោយពេលជោគជ័យ។ លោកថា សាលាដែលគ្រោងបង្កើតនោះ មិនត្រឹមតែបង្កើតតែអាគារ និងបំពាក់គ្រឿងបរិក្ខាពេញលក្ខណ: ជាសាលាប៉ុណ្ណោះទេ សូម្បីតែគ្រូដែលមកសិក្សា ក៏លោកនឹងរ៉ាប់រងលើការចំណាយទាំងស្រុង ដែលមានន័យថា កូនសិស្សដែលចុះឈ្មោះសិក្សា នឹងមិនខ្វល់លើការចំណាយសូម្បីមួយសេន តាំងពីដើមរហូតដល់ចប់។
លោកក៏នឹងសង់អាគារ សម្រាប់អ្នកខេត្តស្នាក់នៅ រហូតដល់សិស្សទាំងនោះ ទទួលបានជំនាញអាចធ្វើការបានផងដែរ។

លោក ឡេង ណាវ៉ាត្រា បន្តថា លោកកំណត់យកទីតាំង៣ ក្នុងការសាងសង់សាលាភាសាកូរ៉េនោះ ដោយទី១ នឹងសង់នៅខេត្តព្រះសីហនុ ទី២នៅជាយរាជធានីភ្នំពេញ និងទី៣ នៅក្នុងតំបន់ប៉ោយប៉ែត ព្រំប្រទល់ខ្មែរថៃ ដោយគ្រោងប្រើថវិកា ប្រហាក់ប្រហែល១លានដុល្លារ និងគ្រោងសាងសង់ឆាប់ៗ។ លោកថា សាលាទាំងមូល មិនមែនចំណាយ និងទ្រទ្រង់តែលោក និងក្រុមហ៊ុនរបស់លោកតែម្នាក់ឯងនោះទេ គឺលោកនឹងកៀរគរឲ្យមានសប្បុរសជនជាច្រើនផ្សេងទៀតចូលរួម ឧទាហរណ៍ថា បើមានក្រុមហ៊ុនអាគារ ឬជួយសម្ភារ:នោះ ឬជួយផ្គង់ផ្គង់គ្រូជាដើម គឺលោកនឹងទទួលទាំងអស់ ខណ:ដែលក្រុមហ៊ុនក្នុងស្រុក ក៏លោកនឹងចាប់ដៃឲ្យបានកាន់តែច្រើន ដើម្បីបញ្ចេញកូនសិស្ស ក្នុងសាលារបស់លោក ឲ្យបានការងារធ្វើ ក្នុងពេលសិក្សាបណ្ដើរ ឬពេលរៀនចប់ ដោយកុំរំពឹងតែការចេញទៅធ្វើការ នៅក្នុងប្រទេសកូរ៉េតែមួយមុខ។

លោកប្រកាសឲ្យអ្នកចង់សិក្សាភាសាកូរ៉េ ក្នុងគម្រោងរបស់លោក ទាក់ទងមកក្រុមហ៊ុនរបស់លោក ដើម្បីចង់ដឹងថា អ្នកមានតម្រូវការទាំងនោះ ត្រូវការឲ្យសង់សាលា នៅទីតាំងណាមុន ដោយបើចំនួនអ្នកចុះឈ្មោះមានចំនួនគ្រប់គ្រាន់ គឺលោកនឹងសង់សាលាបណ្ដោះអាសន្នឲ្យសិក្សាសិន ហើយចាំសង់អាគាររឹងមាំ ឲ្យសិក្សានៅក្នុងទីតាំង១ ក្នុងចំណោមគម្រោងទាំង៣នោះមុនគេតែម្ដង៕

មតិយោបល់