ភ្នំពេញៈ ក្នុងពិធីជប់លៀងបញ្ចប់រឿង«ភ្លើងស្នេហ៍ ភ្លើងឫស្យា» របស់ប៉ុស្ដិ៍លេខ៥ កាលពីយប់ថ្ងៃទី១៤ ខែមិថុនា នៅភោជនីយដ្ឋានទន្លេបាសាក់ ផលិតករថៃ បានអះអាងថា លោកនឹងក្រុមការងារផលិតរឿងមកពីប្រទេសថៃ និងប្ដេជ្ញាផលិតរឿងភាគខ្មែរ សម្រាប់ដាក់បញ្ចាំងម៉ោងមាសនៅប៉ុស្ដិ៍លេខ៥ ឲ្យកក្រើកស្រទាប់មហាជន។ ការប្រកាសនេះ គឺបន្ទាប់ពីរឿង«ភ្លើងស្នេហ៍ ភ្លើងឫស្យា» ដែលក្រុមការងារថៃ ដឹកនាំផលិត និងទើបបានដាក់ផ្សាយបានចំនួន១២ភាគ នៅលើកញ្ចក់ទូរទស្សន៍ ត្រូវបានមហាជនកោតសរសើរថា ល្អមើល និងរស់រវើក។
លោក ណារ៉ាត់ ប៊ុនថាំ អ្នកដឹកនាំសម្ដែងល្បីឈ្មោះមកពីប្រទេសថៃ បានអះអាងថា មកទល់ពេលនេះ ក្រុមការងារផលិតរឿងរបស់លោក បានផលិតរឿងឲ្យប៉ុស្ដិ៍លេខ៥ បានមួយរឿងហើយ គឺរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា» ដែលសម្ដែងដោយកញ្ញា នី មុន្នីនាថ លោក អេតវីន និងតារាសម្ដែងល្បីឈ្មោះជាច្រើនរូបទៀត។ ក្រោយការបញ្ចប់យ៉ាងជោគជ័យក្នុងមួយរឿងនេះ លោកថា ក្រុមការងារនឹងពុះពារផលិតរឿងភាគខ្មែរឲ្យកាន់តែល្អ ដើម្បីផ្គត់ផ្គង់ឲ្យម៉ោងមាសដែលកំណត់ដោយក្រសួងព័ត៌មានមានភាពកក្រើក។ យ៉ាងណាក៏ដោយ លោកថា ក្រុមការងាររបស់លោក មិនមែនទើបតែផលិតរឿងឲ្យប៉ុស្ដិ៍លេខ៥ ជាលើកដំបូងនោះទេ ដ្បិតកាលពីច្រើនឆ្នាំមុន លោកក៏បានផលិតរឿង«គូស្នេហ៍ចៃសន្យ» ធ្វើឲ្យកក្រើកស្រទាប់អ្នកស្នេហាភាពយន្ដខ្មែរម្ដងដែរ។
កញ្ញា នី មុន្នីនាថ ដែលបានបង្ហាញខ្លួននៅក្នុងពិធីជប់លៀងក្រុមការងារក្រោយថតបញ្ចប់រឿងនោះ បានអះអាងថា ក្រោមការរួមសកម្មភាពជាមួយផលិតករថៃ នាងថា ទទួលបានបទពិសោធន៍សម្ដែង និងមានលក្ខណៈផ្ចិតផ្ចង់ច្រើនណាស់ធៀបនឹងការងារដែលនាងធ្លាប់ប្រឡូក។ សូម្បីតែសម្ភារៈ និងបទពិសោធន៍ក៏ធ្វើឲ្យតារាខ្មែរទទួលបានលទ្ធផលច្រើនដែរ តាមរយៈមួយរឿងនេះ។ អ្វីដែលនាងសប្បាយចិត្ត គឺរឿង«ភ្លើងស្នេហ៍ភ្លើងឫស្យា» ត្រូវបានអ្នកគាំទ្រកោតសរសើរភាគច្រើន ដែលធ្វើឲ្យនាងសប្បាយចិត្តក្រោយពីបានសម្ដែងចប់។
ខាងក្រោមនេះ ជាទិដ្ឋភាពក្នុងពិធីជប់លៀងបញ្ចប់រឿង «ភ្លើងស្នេហ៍ភ្លើងឫស្យា»រ បស់ផលិតករថៃ នៅប៉ុស្ដិ៍លេខ៥ ដែលមានតារាសិល្បៈ និងផលិតករទាំងខ្មែរ និងថៃជាច្រើនចូលរួម៕
មតិយោបល់