ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយក្រឹម សម្ញែងកូនភ្លោះជាមួយនាងលាភ មានទាំងការអបអរ និងរិះគន់

នៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ នាយក្រឹមបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយយ៉ាងខ្លាំង បន្ទាប់ពីប្រពន្ធមិនរៀបការ ឬប្រពន្ធចុងរបស់លោក គឺនាងលាភ ប្រសូត្របានកូនភ្លោះស្រី២នាក់ដោយសុវត្ថិភាព។ លោកត្រូវគេឃើញបីកូន ហើយបង្ហោះស្នាមញញឹម នៅក្នុងសភាពដែលរឿងជម្លោះរបស់លោក និងភរិយាដើម នៅមិនទាន់បញ្ចប់នោះឡើយ។

អ្នកលេងហ្វេសប៊ុកមានទាំងការរិះគន់ និងការអបអរ បន្ទាប់ពីឃើញលោកផ្ដល់ភាពកក់ក្ដៅដល់ភរិយាក្រោយ ដោយអ្នកអបអរទាំងនោះសរសើរ ចំពោះទឹកចិត្តរបស់លោកជាឪពុកដែលមានការទទួលខុសត្រូវខ្ពស់ ចំពោះនាងលាភដែលបានពរពោះកូនស្រីភ្លោះរបស់លោក ក្រោយពីបង្កាត់ភ្លើងស្នេហ៍ស្ងាត់។

អ្នកលេងហ្វេសប៊ុក ដែលត្រូវគេដឹងថាស្និទ្ធនឹងនាយក្រឹម បានបង្ហាញទឹកចិត្តអបអរយ៉ាងខ្លាំង ដែលនាយក្រឹមទទួលបានកូនភ្លោះស្រី២នាក់ នៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ បន្ទាប់ពីកូនស្រីទាំង២របស់លោកក៏មានសុវត្ថិភាព និងមានសុខភាពល្អក្រោយការវះកាត់។ នៅលើហ្វេសប៊ុក និងផេក របស់អ្នក ដែលបង្ហាញការអបអរ សុទ្ធតែបានសរសើរថា លោកបានកូនស្រីភ្លោះគួរឲ្យស្រឡាញ់ និងថាលោកជាតារាដែលមានទឹកចិត្ត ចំពោះកូនដែលជាដំណក់ឈាម បើទោះជាភរិយាដើមរបស់លោកបានចេញមុខជំទាស់មិនអោយលោកទទួលស្គាល់នាងលាភជាភរិយាមួយរូប និងមិនអោយទទួលស្គាល់កូនស្រីរបស់នាងលាភ ជាកូនពេញសិទ្ធិតាមរយៈការដាក់បណ្ដឹងក៏ដោយ។

ម្នាក់ៗបានទាំងសរសើរថា នេះជាទឹកចិត្តក្នុងការទទួលខុសត្រូវ ដែលផ្ទុយពីការលើកឡើងដែលថា លោកជាបុរសសំបូរស្នេហ៍ ហើយមានប្រវត្តិមិនទទួលស្គាល់កូនស្រី ជាមួយតារាកំប្លែងម្នាក់ជាអតីតអ្នកសម្ដែងក្នុងក្រុម ក្រោយពីបានបង្កាត់ភ្លើងស្នេហ៍ក្នុងក្រុមដូចគ្នា។ ការលើកឡើងរបស់អ្នកសរសើរ បានធ្វើអោយមានប្រតិកម្មភ្លាមៗ ដោយអ្នករិះគន់ បានអះអាងថា ការអបអរចំពោះនាយក្រឹម ដែលទទួលបានកូនភ្លោះនៅព្រឹកថ្ងៃទី២៤ វិច្ឆិកានេះ គឺមិនខុសពីដុតកំដៅទឹកចិត្តរបស់ភរិយាពេញសិទ្ធិ ដែលខំបំពេញមុខលោកជាស្វាមី ដោយមិនប្ដឹងបន្ត បើទោះជាលោកបានងាកទៅយកចិត្តទុកដាក់ ជាមួយនាងលាភ និងកូនក្រោយ យ៉ាងបើកចំហរ។

ក្រុមអ្នករិះគន់និយាយថា ការអបអរចំពោះនាយក្រឹម ជាមួយកូនក្រោយ និងភរិយាចុង គឺស្មើនឹងធ្វើបាបនារីម្នាក់ ម្ដាយម្នាក់ អោយកាន់តែឈឺចាប់។ ប៉ុន្តែនាយក្រឹម ក៍រមែងប្រកាសថា បើទោះជាលោកបានទទួលយកនាងលាភជាភរិយាម្នាក់ទៀត ប៉ុន្តែលោកមិនដែលបំភ្លេចតួនាទីជាស្វាមីល្អ និងឪពុកល្អនោះទេ។ យ៉ាងណាមិញ ក្រោយការប្រកាសរបស់លោក គេឃើញកូនប្រុសលោកម្នាក់ ដែលមានជំងឺបានបង្ហោះនៅលើហ្វេសប៊ុកថា តាំងពីលោកមានស្នេហាជាមួយនាងលាភ ដែលជាសមាជិកក្នុងក្រុម គឺធ្វើអោយគ្រួសារទាំងមូល រួមរឹតដោយវិបត្តិមិនចេះចប់មិនចេះហើយ។ សរុបមកម្នាក់ៗ នៅតែមានការសាទរចំពោះវត្តមានកូនភ្លោះ២នាក់ របស់នាយក្រឹម ដោយសារតែទារិកាទាំងពីរ មិនបានសាងកំហុសនោះទេ ស្របគ្នាដែលក្មេងទាំង២ ក៏ស្អាតគួរអោយស្រលាញ់៕

មតិយោបល់