បាងកក៖ ក្រុមអ្នកលក់អាហារតាមដងផ្លូវល្បីៗក្នុងទីក្រុងបាងកក បានសម្រេចចូលរួមក្នុងការផ្លាស់ប្តូរមធ្យោបាយទូទាត់ថ្លៃទំនិញ និងម្ហូបអាហាររបស់ខ្លួនទៅដល់អតិថិជន តាមប្រព័ន្ធឌីជីថល QR Code ដែលអាចអានបានដោយកាមេរ៉ាស្មាតហ្វូន។
អ្នកលក់មួយចំនួននៅក្នុងរាជធានីនៃព្រះរាជាណាចក្រថៃនេះ កំពុងបើកឱ្យមានប្រតិបត្តិការទឹកប្រាក់តាមប្រព័ន្ធឌីជីថល ក្រោយពីធានាគារជាតិថៃ សប្តាហ៍មុន បានបើកភ្លើងខៀវដល់ធនាគារប្រាំ រាប់បញ្ចូលទាំងធនាគារ Bangkok Bank និង Siam Commercial Bank ឱ្យអនុវត្តប្រព័ន្ធទូទាត់ថ្លៃទំនិញតាមឧបករណ៍អេឡិចត្រូនិកដោយការប្រើប្រាស់ QR Code។
លោកអនុរដ្ឋលេខាធិការអចិន្រ្តៃយ៍នៃក្រសួងសេដ្ឋកិច្ច និងសង្គមឌីជីថលរបស់ប្រទេសថៃ បានប្រាប់ទីភ្នាក់ងារព័ត៌មាន Reuters ថា៖ «និន្នាការពិភពលោកកំពុងបែរឆ្ពោះទៅកាន់សង្គមគ្មានសាច់ប្រាក់ ខណៈវាផ្តល់ភាពកាន់តែងាយស្រួល និងភស្តុតាងនៃប្រតិបតិ្តការទឹកប្រាក់ច្បាស់លាស់»។ ប្រព័ន្ធកូដ QR នេះ នឹងមានការប្រើប្រាស់ផុសផុលខ្លាំងក្នុងប្រទេសថៃ ខណៈវាត្រូវការទុកវិនិយោគតិចតួចប៉ុណ្ណោះ សម្រាប់បណ្តាអ្នកលក់ឥវ៉ាន់រាយរងនៅក្នុងប្រទេស។
ថៃ គឺជាប្រទេសមួយដែលល្បីខាងអាហារតាមចិញ្ចើមផ្លូវ ដែលមានការដាក់តាំងលក់តាមតូប ឬរទេស ហើយការលក់ និងបរិភោគអាហារទាំងនោះពីសំណាក់ប្រជាជនក្នុងតំបន់ បានក្លាយទៅជាប្រពៃណី និងទម្លាប់ប្រចាំថ្ងៃមួយទៅហើយ។
នៅឯ Samyan Market ដែលជាតំបន់ហាងទំនិញ និងផ្សារមួយនៅក្នុងទីក្រុងបាងកក និងដែលមានការដាក់លក់នូវទំនិញសព្វសារពើ ចាប់តាំងពីបន្លែបង្ការហូតដល់កាបូបដៃ ក្រុមអ្នកលក់បាននិយាយថា QR Code គឺមានការចាប់អារម្មណ៍ប្រើប្រាស់យ៉ាងឆាប់រហ័ស បើទោះបីជាអ្នកដើរផ្សារមួយចំនួននៅតែចូលចិត្តចាយតាមសាច់ប្រាក់ក៏ដោយ ដែលពួកគេទាំងនោះ ភាគច្រើនគឺជាអ្នកដែលមានចំណេះដឹងបច្ចេកវិទ្យាតិចតួច។
អ្នកលក់ផ្លែឈើគ្រាមម្នាក់ឈ្មោះ Kitti Khoonphisitwong អាយុ ៤០ ឆ្នាំ បាននិយាយថា ខ្ញុំមិនចាំបាច់បារម្ភអំពីការស្វែងរកលុយអាប់នោះទេ»។ លោក Kitti បន្ថែមថា៖ «ប៉ុន្តែ ម៉ូយភាគច្រើន ដែលពួកគេគឺជាមនុស្សចាស់ មានការលំបាក និងធុញទ្រាន់ក្នុងការប្រើប្រាស់កម្មវិធីសម្រាប់ស្កេន QR Code»។
ដោយឡែក សម្រាប់អ្នកដើរផ្សារដែលមានអាយុចាប់ពីខ្ទង់ ២០ ទៅ ៣០ ឆ្នាំ បាននិយាយថា ពួកគេគឺចូលចិត្តប្រើប្រាស់ប្រព័ន្ធឌីជីថលនេះជាងការចាយវាយសាច់ប្រាស់។
សិស្សម្នាក់ឈ្មោះ Thanachanok Teesakul អាយុ ២០ ឆ្នាំ បាននិយាយថា៖ «ខ្ញុំជាញឹកញាប់ទិញទំនិញតាមអនឡាញ ដូច្នេះខ្ញុំគ្មានបញ្ហាជាមួយការទូទាត់តាមប្រព័ន្ធឌីជីថលនេះនោះទេ»។
គួររំឭកថា អំពើឆរបោកដោយការប្រើប្រាស់ QR Code ក្លែងក្លាយ គឺកំពុងកើនឡើងនៅក្នុងប្រទេសចិន ខណៈទីនោះ ការប្រើប្រាស់ប្រព័ន្ធទូទាត់ឌីជីថលកំពុងផ្ទុះឡើង។
ទាក់ទងនឹងបញ្ហានេះ Somsak បាននិយាយថា ថៃត្រូវការធ្វើយ៉ាងណាឱ្យប្រាកដថា ការទូទាត់ថ្លៃទំនិញរាយរងតាមប្រព័ន្ធ QR Code នៅក្នុងប្រទេស មានសុវត្ថភាពគ្រប់គ្រាន់។ យើងត្រូវតែធ្វើឱ្យមនុស្សមានអារម្មណ៍សុខស្រួលក្នុងការប្រើប្រាស់ វា» លោកបន្ថែម៕
ប្រភពព័ត៌មានៈ reuters
មតិយោបល់