ស្ទើរតែមិនចង់ជឿត្រចៀកនោះទេ តែខ្សែជីវិតរបស់តារាសម្ដែងកញ្ញា ពេជ្រ ចរណៃ កម្សត់ដល់ម្លឹងក្នុងពេលដែលនាងបានផ្ដល់កិច្ចសម្ភាសន៍ពីជីវប្រវត្តិក្នុងកម្មវិធី«Komsan Talkshow» ដែលបានផ្សាយផ្ទាលកាលពីយប់ថ្ងៃទី២៣ វិច្ឆិកា របស់សារព័ត៌មានផុសញូ។ នៅក្នុងកិច្ចសម្ភាសន៍នោះ កញ្ញាក៏ទទួលបានទឹកប្រាក់ឧបត្ថម្ភពី«គ្រួសារតារាកម្ពុជា»ជាលើកទី២ចំនួនជិត១ពាន់ដុល្លារ ដែលសរុបទាំង២លើកគឺបានចំនួនជាង២ពាន់ដុល្លារផងដែរ ដោយមិនទាន់រាប់បញ្ចូលការបំផុសដំណឹងរបស់នាងអោយមានការជួយជ្រោមជ្រែងពីគ្រប់មជ្ឈដ្ឋាន។
កញ្ញាពេជ្រ ចរណៃ បានអះអាងថាតាំងពីតូចមកទល់ពេលនេះ នាងមិនទាន់មានជីវិតល្អប្រសើរនៅក្នុងជីវិតដូចក្មេងស្រីទាំងឡើយនោះទេ ដោយសារតែនាងកើតឡើងនៅក្នុងគ្រួសារក្រីក្រមួយនៅខេត្តបន្ទាយមានជ័យ ហើយមានឪពុកជាកូនទាហានតូចតាច និងមានប្រាក់ខែមិនអាចចាយគ្រាន់។ ស្ថិតក្នុងស្ថានភាពកំពុងដុនដាប ឪពុករបស់នាងក៏ត្រូវពុលដំឡូងស្លាប់ភ្លាមៗកាលពីនាងអាយុបាន៧ឆ្នាំ ដោយសារតែដំឡូងនោះដុះជាប់នឹងមើមក្ដួច ហើយគ្រួសាររបស់នាងក៏កាន់តែមានជីវភាពពិបាកឡើងនៅក្នុងពេលនោះ។ នាង និងប្អូនស្រី ត្រូវម្ដាយយកទៅដាក់មណ្ឌលកុមារកំព្រាមួយនៅខេត្តបន្ទាយមានជ័យ ហើយម្ដាយ និងបងប្រុសរបស់នាងក៏បានចាកចេញមកធ្វើរោងចក្រនៅភ្នំពេញ ដើម្បីបានរស់ ហើយក្នុងវ័យ៧ឆ្នាំនោះនាងក៏មានជំងឺប្រហោងបេះដូងផងដែរ ប៉ុន្តែមិនទាន់ធ្វើទុក្ខទេ។ ជំងឺរបស់នាងបានវិវត្តន៍ទៅជាដាច់សរសៃប្រើសបេះដូងនាពេលចុងក្រោយដោយសារតែនាងប្រឹងហាត់ល្បុក្កតោ ដែលខាងវេជ្ជបណ្ឌិតហាមប្រាមមិនអោយនាងប្រើកម្លាំងធ្ងន់ៗ។
នាងបានស្គាល់ការសិក្សាដោយសារតែបានរស់នៅក្នុងមណ្ឌលប៉ុណ្ណោះ ប៉ុន្តែដោយសារតែកត់សម្គាល់ថាម្ដាយមានជីវភាពលំបាកពេកនាងក៏សុខចិត្តសុំចេញពីមណ្ឌលក្នុងវ័យ១៤ឆ្នាំ ហើយចេញមករកការងារធ្វើជាមួយម្ដាយនៅភ្នំពេញ។ នាងត្រូវប្រឡូកការងារជាអ្នកដើរលក់បារីតាមផ្លូវអស់រយៈពេលច្រើនឆ្នាំ ទម្រាំតែមានឱកាសចូលប្រលងបង្ហាញម៉ូដនៅប៉ុស្ដិ៍លេខ៩ ហើយត្រូវបានបណ្ដាផលិតកម្មផ្ដល់ឱកាសអោយបានសម្ដែងរឿងក្រោយពីជាប់លេខ១ក្នុងការប្រកួតប្រជែង។ ការសម្ដែងនៅក្នុងពេលនោះបានជួយអោយនាងមានលុយមានកាក់ ហើយក៏បែកគំនិតរកស៊ីចងការប្រាក់ និងជួលផ្ទះគេរកស៊ីលក់ដូរចាប់ហួយ និងលក់បាយជាដើម រហូតសន្សំបានលុយទិញបានកូនផ្ទះតូចមួយនៅម្ដុំទួលគោក។ នាង និងម្ដាយខំរកលុយទាំងលំបាកទម្រាំមានលុយសង់ផ្ទះបានសមរម្យ ប៉ុន្តែស្ថិតក្នុងការរស់នៅមិនទាន់បានប៉ុន្មានផងម្ដាយរបស់នាង គឺអ្នកស្រី សុជាតា ក៏មានជំងឺដុះសាច់ក្នុងខួរក្បាល ដែលក្នុងពេលនោះគឺអ្នកស្រីមានសភាពធ្វើទុក្ខត្រូវការលុយព្យាបាលជាច្រើន រហូតបង្ខំអោយនាងបញ្ចាំផ្ទះនោះ ហើយចេះតែយកលុយឡើងៗដល់ដំណាក់កាលអត់លុយសងដើម និងការ។ នាង និងម្ដាយបានបង្ខំចិត្តលក់ផ្ទះនោះវិញក្នុងតម្លៃជាង២ម៉ឺន ដោយគ្រាន់ក្រោយការកាត់ដើមក៏សល់មិនច្រើននោះដែរ។
យ៉ាងណាមិញ នាងថាទោះជាមានជីវភាពស្ថិតក្នុងសភាពជួលផ្ទះគេរស់នៅមកទល់ពេលនេះ ក៏នាង និងគ្រួសារអត់ដែលលំបាកនោះដែរ ដោយសារតែនាងតែងតែជួលផ្ទះភ្ជាប់នឹងការរកស៊ី ដូចជាមុនពេលដែលនាងធ្លាក់ខ្លួនឈឺធ្វើការលែងកើត គឺនាងបានទៅរៀនកាត់សក់បុរស នារីឡើងស្ទាត់ ហើយក៏បានជួលផ្ទះគេបើកហាងកាត់សក់ដែលអាចរស់បាន។ នាងអះអាងថាត្រឹមតែការរស់នៅគឺនាងអត់ពិបាកនោះទេ ប៉ុន្តែអ្វីដែលពិបាកគឺពេលបេះដូងនាងធ្វើទុក្ខ មិនអាចរកការងារបាន ហើយអត់មានលុយក្នុងខ្លួនសម្រាប់វះកាត់តែម្ដង។ នាងថាខាងពេទ្យប្រទេសថៃធានាជួសជុលសរសៃប្រើសបេះដូងរបស់នាង និងព្យាបាលបេះដូងប្រហោងរបស់នាងអោយជាទាំងស្រុងដោយក្រោយការជ្រោមជ្រែងពីសប្បុរសជនគឺចំណាយត្រឹមតែ២ម៉ឺនដុល្លារប៉ុណ្ណោះ។ ប៉ុន្តែបើនាងទទួលយកការវះកាត់ដាក់សរសៃប្រើសសិប្បនិមិត្តនៅស្រុកខ្មែរគឺមានអ្នកធានាសុំថ្លៃអោយតែ៥ពាន់ដុល្លារប៉ុណ្ណោះ តែនាងមិនចង់ជម្រើសផ្លូវនោះទេ ដោយសារតែសរសៃប្រើសសិប្បនិមិត្តគឺត្រូវលេបច្នាំរំលាយឈាមជាប្រចាំ ហើយត្រូវដូរចេញរាល់៥ឆ្នាំ និងអាចធ្វើអោយមានបញ្ហាច្រើនទៀត ទើបនាងដំអក់មិនទាន់ចង់ទទួលយកការវះកាត់នៅក្នុងមន្ទីរពេទ្យកាល់ម៉ែត្រ។
នាងថានាងនៅតែសុំការអំពាវនាវអោយសប្បុរសជនជួយនាងបានទៅវះកាត់នៅក្នុងប្រទេសថៃ ដោយសារតែខាងពេទ្យថៃ គេបានធានាជួសជុលសរសៃបេះដូងរបស់នាង និងព្យាបាលជំងឺប្រហោងបេះដូងរបស់នាងមួយជា។ ម្យ៉ាងជម្រើសមួយនេះ នឹងជួយអោយនាងបានរស់ដូចមនុស្សគ្មានជំងឺបេះដូងកាលពីមុនផង ទើបនាងនៅតែបន្តលេបថ្នាំពន្យារការធ្វើទុក្ខ ដើម្បីរង់ចាំឱកាសវះកាត់ជួសជុលនៅក្នុងប្រទេសថៃ។ នាងថាអត់ចង់បានលុយយកទៅចាត់ចែងដោយខ្លួនឯងទេ អោយតែមានអ្នកណាចេញមុខអាចសង្គ្រោះជីវិតនាងបាននៅក្នុងមន្ទីរពេទ្យថៃ គឺនាងទទួលយកទាំងអស់។ ក្នុងនោះប្រសិនបើខាងពេទ្យខ្មែរអាចជួសជុលសរសៃប្រើសបេះដូងរបស់នាងបាន ដោយមិនទាល់តែដូរដាក់សិប្បនិមិត្ត ក៏នាងនឹងទទួល១០០ភាគរយនោះដែរ គឺមិនចង់ទទួលការព្យាបាលក្រៅស្រុកនោះទេ៕
មតិយោបល់