ព័ត៌មានសុខភាព

ជួបហើយ! ទឹកឃ្មុំអាចព្យាបាលសក់ស្ងួត ផុតស្រួយក្នុងពេលតែមួយ

សក់ស្ងួត និងផុយស្រួយ គឺជាបញ្ហាសម្រស់ដែលកើតមានជាញឹកញាប់នៅក្នុងចំណោមស្ត្រីដែលរស់នៅក្នុងតំបន់ទីក្រុង ដោយសារតែបរិយាកាសពុលច្រើនពេក។ ក្រៅពីនេះ ការប្រើប្រាស់ផលិតផលថ្នាំលាបសក់ ក៏មានផ្ទុកសារធាតុគីមីដែលអាចបណ្តោលឲ្យសក់របស់អ្នកស្ងួត និងផុយស្រួយផងដែរ។ ទោះជាយ៉ាងណាបើយោងតាមគេហទំព័រ boldsky បានបង្ហាញថា ទឹកឃ្មុំ គឺជាគ្រឿងផ្សំថែរក្សាសក់តាមធម្មជាតិដែលអាចជួយផ្តល់នូវអាហារបំប៉នដល់សរសៃសក់ខូច ស្ងួត និងផុយស្រួយ ឲ្យមានជីវិតជីវ៉ាឡើងវិញ។ លក្ខណៈសម្បត្តិនៃប្រូតេអ៊ីននៅក្នុងទឹកឃ្មុំ ដើរតួយ៉ាងសំខាន់ក្នុងការពង្រឹងដល់សុខភាពសក់ និងជួយឲ្យសក់របស់អ្នកមើលទៅស្រស់ស្អាត។ ខាងក្រោមនេះ គឺជាជម្រើសពីរយ៉ាងនៃការប្រើប្រាស់ទឹកឃ្មុំ ដើម្បីព្យាបាលសក់ខូច ហើយផុយស្រួយ៖

ទឹកឃ្មុំ និងប្រទាលកន្ទុយក្រពើ
១.អ្នកត្រូវលាយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ ជាមួយនឹងសាច់ប្រទាលកន្ទុយក្រពើ ២ទៅ៣ស្លាបព្រាបាយ។
២.ក្រោយពីលាយបញ្ចូលគ្នាក្លាយជាល្បាយហើយ អ្នកត្រូវលាបឲ្យសព្វពេញស្បែកក្បាលនឹងសក់។
៣.ទុកចោលរបស់ពេល ២០នាទី ទើបលាងជម្រះជាមួយនឹងទឹកក្តៅឧណ្ឌៗ និងសាប៊ូធម្មតា។
៤.ក្នុងមួយសប្តាហ៍អ្នកត្រូវអនុវត្តឲ្យបាន ៣ដងជារៀងរាល់ពេលល្ងាច។

ទឹកឃ្មុំ និងប្រេងដូង
១.អ្នកត្រូវលាយទឹកឃ្មុំកន្លះស្លាបព្រាកាហ្វេ ជាមួយនឹងប្រេងដូង ២ទៅ៣ស្លាបព្រាបាយ។
២.លាយឲ្យក្លាយជាល្បាយ ទើបលាបនៅលើស្បែកក្បាលឲ្យសព្វល្អ។
៣.ទុករយៈពេល ១៥នាទី ទើបលាងសម្អាតដោយប្រើទឹកក្តៅឧណ្ឌៗ និងសាប៊ូធម្មតាដើម្បីលាងសម្អាតកាកសំណល់ចេញពីស្បែកក្បាល។
៤.អ្នកត្រូវព្យាយាមអនុវត្តជារៀងរាល់ពេលល្ងាចយ៉ាងតិចបំផុតក្នុងមួយសប្តាហ៍ ៣ដង។

ក្នុងចំណោមវិធីទាំងពីរខាងលើនេះ អ្នកអាចប្រើប្រាស់វិធីមួយណាក៏បានដែល ប្រសិនបើគិតថាងាយស្រួលក្នុងការអនុវត្ត៕

មតិយោបល់