ព័ត៌មានសិល្បៈ និងកម្សាន្ត

វ៉ានីឡា បំភ្លឺរឿងមិនបានចូលរួមមង្គលការ លោក សុខ ជំនោរ

យោងតាមអាក់ខោនផ្លូវការរបស់តារាចម្រៀងកញ្ញា វ៉ានីឡា ដែលមានឈ្មោះដើមថា សុខ ចិន្តា គឺកញ្ញានៅបន្តស្ថិតក្នុងប្រទេសបារាំង ដោយមិនអាចចូលរួមក្នុងពិធីការរបស់លោក សុខ ជំនោ ជាបងប្រុស ដែលបានធ្វើឡើងយ៉ាងអធឹកអធ័មកាលពីយប់ថ្ងៃទី២៦ វិច្ឆិកា នោះទេ។ នាងបានបញ្ជាក់ពីមូលហេតុជាច្រើននៅលើការបង្ហោះរបស់ខ្លួន ជុំវិញការខកខានមិនបាននៅអបអរបងប្រុស និងបងថ្លៃ ក្នុងពិធីមង្គលការនេះ។

កញ្ញា វ៉ានីឡា បានបញ្ជាក់ពីប្រទេសបារាំងថា នាងត្រូវឡើងមកយកទំនិញផ្នែកលាបមុខ ដោយសុខចិត្តបិទហាង Vanila Pup នៅផ្សារកុងតឺន័រទួលសង្កែដែលបើកដំណើរការបានប៉ុន្មានថ្ងៃនោះផង ខណៈដែលការឡើងទៅបារាំងនោះគឺនឹងមិនអាចលើកពេលបានទេ ដោយសារតែត្រូវទៅជាមួយអ្នកនាំផ្លូវ ទើបនាងមិនបាននៅចូលរួមក្នុងពិធីមង្គលរបស់បងប្រុសផង។

នាងអះអាងថាបានត្រឹមតែផ្ញើក្ដីរំភើបពីចម្ងាយក្រោយពីឃើញរូបមង្គលការរបស់បងប្រុសត្រូវបានបង្ហោះឡើងប៉ុណ្ណោះ ដោយនាងបានទាំងអះអាងថាពិតជាសោកស្ដាយណាស់ដែលនាងមិនអាចនៅចាំពិធីមង្គលរបស់បងប្រុសបាន ព្រោះតែជាប់ភារៈឡើងមកកាន់ប្រទេសបារាំងដោយខានមិនបាន ព្រោះតែចង់រកស៊ីក្នុងអាជីវកម្មនាំចូលផលិតគ្រឿងសម្អាងដែលនាងអះអាងថាមានអតិថិជនកុម្ម៉ង់ទិញច្រើន សូម្បីតែទំនិញរបស់នាងមិនទាន់បានទៅដល់ស្រុកខ្មែរនៅឡើយ។ នាងថាដំណើរមកកាន់ប្រទេសបារាំងលើកនេះ គឺមានមិត្តភក្តិនាំផ្លូវ ហើយដោយសារតែខាងទូតបានទម្លាក់ថ្ងៃឲ្យឡើងទៅកាន់ប្រទេសបារាំងត្រូវចំថ្ងៃមង្គលការរបស់លោក សុខ ជំនោរ ផង ទើបនាងដាច់ខាតត្រូវតែលះបង់មួយដើម្បីបានមកដល់ប្រទេសបារាំង និងដើម្បីឡើងមកស្វែងយល់ទំនិញនៅក្នុងប្រទេសបារាំង។

នាងប្រកាសនាំចូលផលិតផលគ្រឿងសម្អាងច្រើនមុខ ជាពិសេសគឺផលិតផលលាបមុខដែលជាម៉ាកល្បីៗរបស់ទ្វីបអឺរ៉ុប ដើម្បីប្រកួតប្រជែងទីផ្សារ ហើយដោយសារតែនាងមិនអាចឡើងមកកាន់ប្រទេសបារាំង ដោយគ្មានអ្នកនាំផ្លូវ ទើបកញ្ញាត្រូវតែឡើងមកបន្ទាន់ ហើយបានត្រឹមផ្ញើក្ដីរំភើបចំពោះបងប្រុសតាមរយៈហ្វេសប៊ុក។ កញ្ញាបានទទូចឲ្យលោកសុខ ជំនោរ និងអ្នកគាំទ្របញ្ជូនរូបថតបងប្រុសក្នុងថ្ងៃមង្គលការឲ្យនាងបានឃើញឲ្យបានច្រើន ដោយគេឃើញនាងចែកចាយពីការបង្ហោះទាំងនោះ និងបានសរសេរជាភាសាអង់គ្លេសថា សុំបង្ហាញស្មាមញញឹម និងភាពរីករាយពីចម្ងាយ។

នាងត្រូវគេឃើញសកម្មក្នុងការដើរកម្សាន្តនៅក្នុងប្រទេសបារាំង ជាពិសេសគឺការកុម្ម៉ង់ទំនិញ ដោយនាងប្រកាសថាទំនិញទាំងនោះនឹងយកមកលក់ស្រុកខ្មែរ ព្រមជាមួយនឹងដំណើរការហាង Pup របស់នាងជាថ្មី។ នាងបានប្រកាសថា នាងនឹងមកដល់ប្រទេសកំណើត ហើយអាចបើកហាងដូចដើម នៅថ្ងៃទី២៨ វិច្ឆិកា នេះហើយ ទើបនាងក៏ស្ដាយដែលចុះមកក្រោយបងប្រុសរៀបការតែបន្តិច។

ជាមួយនឹងការបញ្ជាក់នេះ ទើបធ្វើឲ្យអ្នកគាំទ្រអស់ចម្ងល់ជុំវិញអវត្តមានរបស់នាងនៅក្នុងពិធីមង្គលការលោក សុខ ជំនោរ។ មង្គលការដែលបានធ្វើឡើងនៅអាគារកោះពេជ្រអាគារF នោះភាគីខាងកូនកំលោះ និងកូនក្រមុំ បានអះអាងថាអញ្ជើញតារាសិល្បៈត្រឹមតែ៣០នាក់ប៉ុណ្ណោះ ដោយសារតែលោកប្រកាសថាមិនចង់រំខានតារាសិល្បៈ។
ខាងក្រោមនេះជាទិដ្ឋភាពមង្គលការមួយចំនួនរបស់លោក សុខ ជំនោរ និងអ្នកនាង ស្រី សូរង្សី ដែលជាភរិយាថ្មោងថ្មីរបស់លោក៖

មតិយោបល់