ព័ត៌មានសិល្បៈ និងកម្សាន្ត

ពិតជារន្ធត់ចិត្ត ពេលបានស្ដាប់សម្ដី លោក សរ ងួន ក្រោយត្រូវរថយន្តបុកស្លាប់ភរិយា

នៅព្រឹកថ្ងៃទី២៧ វិច្ឆិកានេះ លោកសរ ងួន ដែលគេស្គាល់ថាជានិពន្ធនាយកផ្នែកព័ត៌មានប្រចាំប៉ុស្តិ៍លេខ៥ និង ជាពិធីករជើងចាស់ប្រចាំប៉ុស្តិ៍លេខ៥ផង បានអះអាងទាំងរន្ធត់ចិត្តថា ប្រពន្ធលោកស្លាប់ហើយ ដោយក្រៅពីស្លាប់នឹងរថយន្ត ភរិយារបស់លោក ក៏បាក់ដៃបាក់ជើង ក្នុងហេតុការណ៍ដ៏រន្ធត់នោះផងដែរ។

លោកនិយាយទាំងទឹកភ្នែកថា រថយន្តរបស់លោកបើកបរនៅទីតាំងកើតហេតុមិនលឿនទេ ប៉ុន្តែរថយន្តកុងតឺន័រដែលបិទស្លាកក្រុមហ៑ុនស្រាបៀរអង្គរ បានបើកមកបុកលោកពេញទំហឹង បណ្ដាលឲ្យរថយន្តរបស់លោកកំបិតមួយចំហៀង ហើយគៀបភរិយាលោកស្លាប់ភ្លាមៗ។

លោកថាខ្លួនគឺគ្រាំមួយចំហៀងខ្លួនកម្រើកអត់បាននោះទេ ប៉ុន្តែលោកសុខចិត្តអត់នៅសម្រាកក្នុងមន្ទីរពេទ្យតាមការស្នើសុំរបស់គ្រូពេទ្យទេ គឺលោកសុំចេញមកធ្វើបុណ្យសពឲ្យភរិយាសិន។ លោកថាកូនស្រីពៅទី៣របស់លោក កំពុងដេកនៅមន្ទីរពេទ្យគន្ធបុប្ផា ហើយមិនទាន់ដឹងថាស្ថានភាពរបស់នាងយ៉ាងណានោះ ដោយសារតែក្នុងពេលរថយន្តកុងតឺន័រមកបុកពេញទំហឹង គឺបានធ្វើឲ្យរថយន្តរបស់លោកបោកផ្ទប់២ទៅ៣ត្រឡប់ ហើយក្រឡុកកូន និងប្រពន្ធរបស់លោកផ្ទប់ពេញឡាន រហូតធ្វើឲ្យភរិយាលោកស្លាប់នៅនឹងកន្លែង ហើយកូនស្រីលោកសន្លប់ឈឹង។

លោកថា ភរិយាលោកកំពុងតម្កល់ធ្វើបុណ្យនៅផ្ទះរបស់លោកនៅម្ដុំខាងក្រោយក្លឹបភ្នំពេញស្ពត ត្រង់ផ្លូវតាផុន ដោយលោកពិតជាមានការរន្ធត់ចិត្តយ៉ាងចំពោះគ្រោះថ្នាក់នេះ។ លោកថា លោកស្ថិតក្នុងការឈឺចុកចាប់ពេញរាងកាយ តែលោកមិនអាចនៅសម្រាកក្នុងពេទ្យ ហើយមិនមកធ្វើបុណ្យឲ្យភរិយាដែលបានចែកឋាននោះទេ។ លោកប្រកាសទាំងទឹកភ្នែកថា រហូតទាល់តែបុណ្យសពរបស់ភរិយាលោកបញ្ចប់សព្វគ្រប់ ទើបលោកនឹងទៅសម្រាកពេទ្យ ដោយលោករំពឹងថាស្ថានភាពរបស់លោកនឹងផុតគ្រោះថ្នាក់។ លោកអះអាងមួយចំហៀងខ្លួនរបស់លោក ត្រូវខ្ទាំយ៉ាងខ្លាំង តែលោកនៅតែអះអាងថាបុណ្យសពរបស់ភរិយាលោកនៅខាងក្រោយក្លឹបភ្នំពេញស្ពត ត្រង់ប្លុកផ្សារដើមថ្កូវ និងទួលទំពូង សំខាន់ជាងអាយុជីវិតលោកនាពេលនេះ។

អ្វីដែលលោកបារម្ភទៅទៀត គឺស្ថានភាពរបស់កូនស្រីលោក ដែលនៅតែធ្ងន់ធ្ងរនៅឡើយ នៅក្នុងមន្ទីរពេទ្យ គន្ធបុប្ផា។
ដោយឡែកសម្រាប់រថយន្តបង្កហេតុដែលមានបិទផ្លាកក្រុមហ៑ុនស្រាបៀរអង្គរត្រូវបាន ប៉ូលិសឃាត់ទុក តែមិនទាន់ដឹងថា នឹងមានសំណងកម្រិតណានៅឡើយទេ។ សូមបញ្ជាក់ថា ហេតុការណ៍នេះ គឺបានកើតឡើងនៅព្រលប់ថ្ងៃទី២៦ វិច្ឆិកា ដោយរថយន្តរបស់លោកត្រូវបានរថយន្តកុងតឺន័រធំបុកពេញទំហឹងនៅចំណុចពេជ្រនិល ក្រោយពេលលោកធ្វើដំណើរមករាជធានីភ្នំពេញ។
https://youtu.be/ZklQmlGpkAc

មតិយោបល់