នៅតែមានការភ្ញាក់ផ្អើល បន្ទាប់ពីមានការប្រកាសអោយតារាកំប្លែងនាយចឺម ផ្អាកសម្ដែងក្នុងក្រុម CTN ស្របគ្នាដែលមានព័ត៍មានផ្ទៃក្នុងថា ហេតុផលនៃការផ្អាកនាយចឺមលែងអោយសម្ដែង គឺបណ្ដាលមកពីមានរឿងរ៉ាវកាច់កុងគ្នាកើតឡើង ដោយសារតែមានអ្នកច្រណែន រឿងនាយចឺមឡើងកូដ។ យ៉ាងណាមិញ លោកតាវុិចទ័រ ជាអ្នកដឹកនាំបានអះអាងថា មិនមានរឿងហ្នឹងនោះទេ។
លោកតាវុិចទ័រ និយាយថា ហេតុផលដែលលោកសម្រេចដកនាយចឺមចេញពីក្រុមមួយរយៈ គឺដោយសារតែ នាយចឺមកាន់តែឡើងកូដ ក្នុងវិស័យចម្រៀង និងដោយសារតែលោកយល់ថា ក្រោយពេលនាយចឺម ក្លាយជាតារាចម្រៀងយុវវ័យ គឺមិនអាចមកសម្ដែងធ្វើឆ្កួតធ្វើឡប់ និងដូចជាសម្ដែងជាតួដោះអាវអីលែងកើតទៀតហើយ ទើបលោកយល់ថា ត្រូវផ្អាកអោយលោកសម្ដែងមួយរយៈ។ លោកថានាយចឺម មិនអាចមកសម្ដែង ក្នុងក្រុមរៀងរាល់សប្ដាហ៍ នាំអោយប៉ះពាល់ប្រជាប្រិយផ្នែកចម្រៀង ដែលកំពុងឈានឡើងនោះបានទេ។
ម្យ៉ាងមកពីលោកមិនចង់អោយនាយចឺម ក្លាយជាសាំភ្នែកមហាជនផង ទើបលោកសម្រេចបែបនេះ។ ការឆ្លើយតបរបស់លោក គឺបន្ទាប់ពីមានការបែកធ្លាយខ្លាំងឡើងថា ហេតុផលដែលនាយចឺម ត្រូវបានតម្រូវអោយផ្អាកក្នុងក្រុម គឺដោយសារតែមានសភាពកាចកុងមួយនៅក្នុងក្រុម រវាងនាយចឺម និងសមាជិកក្នុងក្រុម ដែលមានឥទ្ធិពល ហើយដោយសារលោកតាវុិចទ័រ មិនចង់អោយអ្នកទាំងពីបន្តមើលមុខគ្នាមិនត្រង់ ហើយភាគីម្ខាងទៀត មានឥទ្ធិពលជាងនាយចឺម ទើបលោកតាវុិចទ័រ សម្រេចចិត្តអោយនាយចឺម ផ្អាកសម្ដែងរួមក្រុមមួយរយៈ ដោយមិនទាន់កំណត់ថា រហូតដល់ពេលណាទើបអោយចូលវិញ។
ប្រភពក្រៅផ្លូវការបានអះអាងថា ក្រោយពេលនាយចឺម កាន់តែឡើងកូដក្នុងពិភពចម្រៀង និងសម្ដែង សភាពកាច់កុងបានកើតឡើង កាន់តែខ្លាំងក្នុងក្រុម។ យ៉ាងណាមិញ លោកតាវុិចទ័រ អះអាងថាមិនមានរឿងបែបនោះទេ គឺការសម្រេចអោយផ្អាកសម្ដែងរបស់នាយចឺម គឺជាការយល់ឃើញរបស់លោក ដើម្បីឱកាសឈានឡើងផ្នែកចម្រៀងរបស់នាយចឺមប៉ុណ្ណោះ៕
https://youtu.be/hCWjABgAcos
មតិយោបល់